27.5 C
Phnom Penh

ក្រៅពីសង្រ្គាមពាណិជ្ជកម្មគឺសង្រ្គាមត្រជាក់ក៏ចាប់ផ្ដើមកើតមានដែររវាងអាមេរិក-ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនផ្ទុះឡើង គឺសង្រ្គាមត្រជាក់ក៏ចាប់ផ្ដើមកើតមានដែរគឺករណីក្រុងហុងកុង និងសមុទ្រចិនខាងត្បូងដែលលិចធ្លោជាងគេ។ តែគេអាចរាប់បញ្ជូលបានទៀតគឺ ខេត្តជីងជាំងប្រទេសចិន។ នេះជាទស្សនៈរបស់សង្កេតការណ៍អំពីជម្លោះអាមេរិក -ចិនដែលចាប់ផ្ដើមហើយនេះ។

ជាដំបូងយើងចាប់ផ្ដើមនិយាយអំពីរឿងរ៉ាវកើតមាននៅដែនដីហុងកុងដែលជាដែនដីស្វយ័តពិសេស ក្រោមកិច្ចព្រមព្រៀងនៃអតីតអាណានិគមអង់គ្លេស បានរងគ្រោះបន្ទាប់ពីរដ្ឋាភិបាលកុម្មុយនីស្ដចិនបញ្ចូលច្បាប់សន្ដិសុខជាតិហុងកុចូលដែនដីនេះដែលជាហេតុបង្កឱ្យសហរដ្ឋអាមេរិកសម្រេចផ្ដាច់កិច្ចអនុគ្រោះពាណិជ្ជកម្មដល់ដែនដីនេះ។ សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីចិនច្រើនរូបជាមួយនឹងការពិនិត្យឡើងវិញទាំងអស់ប្រព័ន្ធហិរញ្ញវត្ថុ របស់មន្ត្រីទាំងនោះ។ កាលពីថ្ងៃ ១៤កក្កដា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចុះហត្ថលេខាលើច្បាប់មួយស្ដីពីហុងកុងគឺការដាក់ទណ្ឌកម្មដល់ធនាគារទាំងឡាយណានៅលើទឹកដីហុងកុងដើម្បីជាការឆ្លើយតបនឹងទង្វើរបស់ចិនដែលប្រើសិទ្ធិអំណាចផ្ដាច់ការប្រឆាំងលើមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិនេះ។

សារព័តមាន Asia Times ស្រង់សម្ដីរបស់ត្រាំមកចុះផ្សាយថា លោកត្រាំបានចាត់ទុកថាខ្លួនលោកគឺជាប្រធានាធិបតីដ៏តឹងរឹងបំផុតចំពោះការធ្វើទំនាក់ទំនងជាមួយនឹងចិន។ លោកបន្តថា ពេលខាងមុខហុងកុងនឹងត្រូវបានចាត់ទុកថា ដូចជាដែនដីចិនដែរគ្មានឯកសិទ្ធិអ្វីពិសេសទៀតទេ គឺគ្មានប្រព្រឹត្តកម្មសេដ្ឋកិច្ចពិសេស និងគ្មានការនាំចេញបច្ចេកវិទ្យាបានទៀតនោះទេ ហើយសិទ្ធិសេរីភាពរបស់អ្នកក្រុងហុងត្រូវបានដកហូត ។

លោកត្រាំបន្តថា បន្ដិចទៀតនេះមិនយូរទេ ហុងកុងមិនអាចប្រកួតចូលទីផ្សារសេរីឡើយហើយមនុស្សជាច្រើន មុខនឹងចាកចេញពីដែនដីមួយនេះ។

ភ្លាមៗនោះលោកត្រាំលើកឡើងថាលោកបានចុះហត្ថលេខាលើច្បាប់ថ្មី ពីដែនដីស្វយ័តហុងកុងដែលនឹងអនុម័តដោយសភាយ៉ាងលឿនបំផុតនៅក្នុងខែនេះឱ្យទាន់នឹងអ្វីដែលចិនបានអនុម័តយ៉ាងលឿននូវច្បាប់ស្ដីពីសន្ដិសុខជាតិ។ ច្បាប់នេះលោកត្រាំសង្ឃឹមថានឹងជាឧបករណ៍ថ្មីមួយជាអំណាចរបស់លោកក្នុងការគំនាបលើក្រុងប៉េកាំង។

ឆ្លើយតបនឹងសំណួរអ្នកកាសែតម្នាក់ក្នុងសន្និសិទរនោះថាតើត្រាំនឹងមានផែនការនិយាយឱ្យជាក់ច្បាស់នឹងចិនដូចរដ្ឋមន្រ្ដីការបរទេសចង់បើកកិច្ចចរចាជាមួយនោះទេ?

លោកបែរជាឆ្លើយបង្វែរសំណួរថា លោកចង់ឱ្យចិនទទួលខុសត្រូវក្នុងការលាតត្រដាងអំពីបុព្វហេតុនៃការផ្ទុះជំងឺកូវីដ១៩ ដែលរីករាលដាលពេញពិភពលោក ។

ទោះជាយ៉ាងណាក៏ដោយ ចិនប្រតិកម្មភ្លាមៗ ហើយការថ្កោលទោសបានបន្ដចេញមកព្រោងព្រាង។ ចិនថាការលូកដៃរបស់អាមេរិកចូលកិច្ចការផ្ទៃក្នុងរបស់ចិនកាន់តែជ្រៅទៅៗ។ សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសចិនអះអាងថាអាមេរិកបានកំពុងបំផ្លាញការអនុវត្តច្បាប់    សន្ដិសុខជាតិហុងកុង នឹងមិនបានសម្រេចនោះទេ។

ចិនអះអាងថា ខ្លួននៅតែជម្រុញឱ្យសហរដ្ឋអាមេរិកដើរលើផ្លូវត្រូវវិញដោយមិនត្រូវជ្រឿងជ្រែកផ្ទៃក្នុងរបស់ចិនតទៅទៀត បើពុំនោះទេចិននឹងវាយបក សហរដ្ឋអាមេរិកពុំខាន។

ជំហរប្រឆាំងរបស់ចិនបន្លឺកាន់តែខ្លាំងឡើងៗក្នុងចំណុចមួយដែលធ្វើឲ្យមានការចោទប្រកាន់អាមេរិកវិញថា ការថ្កោលទោសជាសាធារណៈរបស់អាមេរិកលើច្បាប់រក្សាសន្ដិសុខជាតិហុងកុង រួមទាំងការគម្រាមដាក់ទណ្ឌកម្មផងនោះ គឺជាការការបំពានច្បាប់អន្ដរជាតិ និងបំពានគោលការណ៍ទំនាក់ទំនងអន្ដរជាតិ។

ចិន អះអាងប្រាប់អាមេរិកម្ដងហើយម្ដងទៀតថាហុងកុងគឺជាតំបន់រដ្ឋបាលពិសេសរបស់ចិន កិច្ចការហុងកុងជាកិច្ចការផ្ដាច់មុខរបស់ចិន គ្មានប្រទេសណាមួយមានសិទ្ធិក្នុងការជ្រៀតជ្រែកបានទេ។ ចិននឹងមិនផ្លាស់ប្ដូរការប្ដេជ្ញានេះទេ ហើយនឹងការពារអធិបតេយ្យភាពនិងសន្ដិសុខជាតិ ធានាវិបុលភាព និងស្ថេរភាពហុងកុង ក្នុងការទប់ទល់ពីកម្លាំងខាងក្រៅ។ ចំណែករឿងដែលចិនបង្កើតច្បាប់សន្ដិសុខថ្មីនោះគឺដើម្បីប្រយុទ្ធនឹងចរិតលក្ខណៈភេរវកម្ម ការផ្ដាច់ខ្លួន គឺមិនមែនបំផ្លាញសេរីភាពប្រជាពលរដ្ឋនោះទេ។

តើទំនាក់ទំនងចិននិងអាមេរិកនឹងវិវត្តយ៉ាងណា?

មានតែពាក្យថាយ៉ាប់យឺនទេដែលអាចប្រើត្រូវអំពីទំនាក់ទំនងសហរដ្ឋអាមេរិក និងចិនរយៈពេលចុងក្រោយនេះ ជាពិសេសមុនពេលដែលលោកត្រាំកំពុងធ្វើដំណើរទៅរកការបោះឆ្នោតធ្វើជាប្រធានាធិបតីម្ដងទៀតនៅខែវិច្ឆិកាឆ្នាំ២០២០នេះ។

ករណីរំលោភសិទ្ធិមនុស្សនៅខេត្តជីងជាំងកាលពីសប្ដាហ៍មុន រដ្ឋបាលរបស់លោកត្រាំបានប្រកាសដាក់ទណ្ឌកម្មអ្នកនយោបាយចិនដែលត្រូវទទួលខុសត្រូវលើការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងខេត្តនេះ។

សេតវិមានសហរដ្ឋអាមេរិកថាចិនធ្វើនយោបាយ ចាស់គម្រិលនិងគម្រក់យកមនុស្សទៅលាងសម្អាតខួរក្បាលសាសនា និងជំនឿរបស់ពួកគេ ហើយបញ្ចូលនយោបាយថ្មី គឺដល់ទៅជិត១លាន៥សែននាក់ ឯណោះនៅក្នុងជំរុំ លុតដំ ដែលនាំអោយអាមេរិក សម្រេចបង្កកទ្រព្យសម្បត្តិមន្រ្ដីចិននិងហាមមិនឱ្យធ្វើដំណើរមកកាន់ទឹកដីរបស់ខ្លួនតទៅទៀតនោះទេ។

អ្នកវិភាគព្រមានសង្គ្រាមត្រជាក់អាមេរិក-ចិន អាចផ្ទុះចេញពីហុងកុង ខេត្តជីងជាំង និងសមុទ្រចិនខាងត្បូង

South China morning postបានសម្ភាសនឹងអ្នកសិក្សាស្រាវជ្រាវចិនមួយចំនួនអំពីថាតើអាមេរិកកំពុងបើកធ្វើសង្គ្រាមត្រជាក់ប្រឆាំងចិនហើយឬ? ក្នុងចំណោមមនុស្ស១០០នាក់ដែលជាក្រុមគំនិតនៅសកលវិទ្យាល័យធំៗនិងវិទ្យា ស្ថានស្រាវជ្រាវជាតិនានា ក្នុងប្រទេសចិនគឺទទួលបាននូវចំលើយដល់ទៅ៩០ភាគរយឆ្លើយថាសង្រ្គាមត្រជាក់ចាប់ផ្ដើមហើយ។

ប្រធានFBI Christopher Wray ថាចិនគឺជាប្រទេសគម្រាមកំហែងរយៈពេលវែងកំពុងស្វះស្វែងធ្វើជាមហាអំណាចតែមួយក្នុងលោកដោយបើកយុទ្ធនាការបង្ហាញឥត្ធិពលនិងទង្វើចោរកម្មរបស់ខ្លួន។

លោក Niall Ferguson អ្នកប្រវត្តិសាស្រ្ដម្នាក់ បានបោះពុម្ពផ្សាយអត្ថបទមួយក្នុងគេហទំព័រសារព័ត៌មាន Bloomberg ថាសង្គ្រាមត្រជាក់កើតពិតជាក់ស្ដែង គឺចិនអ្នកបង្កើត មិនមែនអាមេរិកទេ។

ចំណែកជនជាតិចិនជាអ្នកសិក្សាស្រាវជ្រាវលាក់មុខដែលបានធ្វើការស្ទង់មតិស្រង់មកផ្សាយដោយSouth China morning post លោក ជឿជាក់ថាអាមេរិក និងចិនធ្វើសង្គ្រាមត្រជាក់នោះគឺយល់ថាជម្លោះប្រដាប់អាវុធនឹងផ្ទុះរវាងប្រទេសទាំងពីរ ប៉ុន្ដែ៨២% មានអារម្មណ៍ថាសង្គ្រាមត្រជាក់នោះខុសពីសង្គ្រាមត្រជាក់ដែលអាមេរិក និងសហភាពសូវៀតប៉ះគ្នា នៅឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៩១ ព្រោះទំហំ សេដ្ឋកិច្ចប្រទេសទាំងពីរធំជាងគេហើយអំណាចរបស់ពួកគេទាំងពីរនៅពាសវាសពេញពិភពលោកគឺគួរអោយព្រួយបារម្ភ។

ក្នុងស្ថានភាពនេះទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយចិនបានដើរ ត្រឡប់ថយក្រោយវិញស្របពេលអាមេរិករំកិលទ័ពទៅដាក់ដល់គោលដៅនៅសមុទ្រចិនខាងត្បូង ដែលចិនកំពុងកំណត់យុទ្ធសាស្ត្រដណ្ដើមពីប្រទេសជិតខាងធ្វើអោយអាមេរិកមិនអាចចោលអំណាចរបស់ខ្លួនជាអ្នកការពារអ្នកទន់ខ្សោយបានឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស