បុរសម្នាក់ដែលអះអាងថា ជាជនរងគ្រោះក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្នុងអំពើចាប់មនុស្សដុតទាំងរស់ បានសម្រេចដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU ឲ្យបើកការស៊ើបអង្កេតទៅលើប្រធាន- អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ- មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ- ព្រះរាជអាជ្ញា និងចៅក្រមសាលាដំបូងខេត្តព្រះសីហនុ ដែលបានអនុវត្តការងារ មានភាពមិនប្រក្រតីកន្លងមក។
នៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែល The Cambodia Daiy ទើបទទួលបាន នៅថ្ងៃទី២០ ខែកក្កដានេះ បានស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយបើកការស៊ើបអង្កេតទៅលើសកម្មភាពអនុវត្តការងារ របស់ លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ, លោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ និងជាចៅក្រមស៊ើបសួរ , លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និង លោក សៀង សុខ ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
បុរសរងគ្រោះបានចោទមន្ត្រីទាំងនេះ ថាមានចេតនាបិទបាំងការពារជនល្មើសម្នាក់ ឈ្មោះ លី ស្រេង ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យរួចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ លើករណីចាប់មនុស្សដុតទាំងរស់។
ជនរងគ្រោះ ឈ្មោះ ស៊ុយ ប៊ុនថាន អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរំឮកអំពីពាក្យបណ្តឹងរបស់ខ្លួនថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ថា ឈ្មោះ លី ស្រេង បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងដ៏សាហាវឃោរឃៅ និងព្រៃផ្សៃបំផុត ចំពោះរូបលោក ដោយចាក់សាំងដុតសម្លាប់ រូបគាត់ដែលធ្វើឲ្យរូបគាត់ឆេះរលាករលួយសាច់រហូតដល់ដួលសន្លប់នៅនឹងកន្លែង ហើយត្រូវបានបញ្ជូនមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ចំណែកជនដៃដល់ឈ្មោះ លី ស្រេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្នោះនៅនឹងកន្លែងភ្លាមៗតែម្តង។ ប៉ុន្តែបែរជាកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបានបញ្ជូនជនល្មើសឈ្មោះ លី ស្រេង មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុទេ ហើយបានបិទបាំងសំណុំរឿងព្រហ្មទណ្ឌនមួយនេះតែម្តង។
លោក ស៊ុយ ប៊ុនថាន បន្តថា គាត់បានដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហើយតុលាការ ក៏បានចោទប្រកាន់ជនដៃដល់ឈ្មោះ លី ស្រេង ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប៉ុន្តែបែជាតុលាការសម្រេចដោះលែងឲ្យជនដៃដល់រូបនេះ ឲ្យមានសេរីភាព រួចពីការផ្តន្ទាទោសទៅវិញ។ លោកបន្តថា សំណុំរឿងព្រហ្មទណ្ឌនេះ មានភាពមិនប្រក្រតីជាប្រព័ន្ធ ផ្តើមដោយមន្ត្រីមានតួនាទីខ្ពស់ចំនួន ៤នាក់ នៅខេត្តព្រះសីហនុ។
លោកបានចោទមន្ត្រីទាំង៤នាក់ ដែលមានឈ្មោះក្នុងបណ្តឹងនោះថា បានឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក សូកប៉ាន់ ជាមួយជនល្មើស ជាថ្នូរជួយបិទសំណុំរឿងបទល្មើសព្រហ្មទណ្ឌ ដោយផ្អឹបទុកសំណុំរឿងចោល និងមានចេតនា មិនឃុំខ្លួនជនដៃដល់ឈ្មោះ លី ស្រេង ហើយអនុញ្ញាត ឲ្យរស់នៅក្រៅឃុំ និងមានសេរីភាព ដើរហើយ ដោយសេរី ជិត ២ឆ្នាំកន្លងមកនេះ។
យ៉ាងណាក៏ដោយចុះ The Cambodia Daily នៅមិនទាន់អាចស្នើសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់ របស់បុរសរងគ្រោះ ឈ្មោះ ស៊ុយ ប៊ុនថាន ពីមន្ត្រីមានតួនាទីខ្ពស់នៅខេត្តព្រះសីហនុ ទាំង៤នាក់ ដែលមានឈ្មោះនៅក្នុងពាក្យបណ្តឹងជនរងគ្រោះបានទេ នៅថ្ងៃទី២០ខែកក្កដានេះ។ រីឯអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់អាចទាក់ទង ដើម្បីបញ្ជាក់បន្ថែមបានដែរ។
ដោយឡែកមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន ប្រចាំខេត្តព្រះសីហនុ ក៏មិនទាន់ធ្វើអត្ថាធិប្បាយលើសំណុំរឿងព្រហ្មទណ្ឌខាងលើនេះដែរ ដោយបញ្ជាក់ថា កំពុងតាមដានលើសំណុំរឿងនេះ។ ហើយថា នឹងចុះទៅជួបជនរងគ្រោះ ដើម្បីសួរនាំទាក់ទងសំណុំរឿងព្រហ្មទណ្ឌមួយនេះ ឲ្យបានច្បាស់ជាមុនសិន ទើបបរិយាយជាក្រោយ៕