33 C
Phnom Penh

ក្រុមអ្នកស្រលាញ់ព្រៃឈើជំរុញឱ្យរដ្ឋាភិបាលបិទអាជីវកម្មអាឈើរបស់ក្រុមហ៊ុនដីសម្បទានស៊ីងបាយអូថេក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកស្រលាញ់ព្រៃឈើនៅកម្ពុជា បានជំរុញជាថ្មីទៀតទៅរដ្ឋាភិបាល ឱ្យបិទអាជីវកម្មឈើនៅតំបន់ដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ ស៊ីងបាយអូថេក Think Biotech ព្រោះពួកគេអះអាងថាក្រុមហ៊ុននេះនៅតែបន្តធ្វើអាជីវកម្មឈើរបស់ខ្លួនទោះបីជាអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ក្តី។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមអង្គការ សង្គមស៊ីវិល សកម្មជនការពារព្រៃឈើ នៅថ្ងៃទី២០ខែកក្កដានេះបានជំរុញទៅស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាបញ្ឈប់នូវអាជីវកម្មឈើរបស់ក្រុមហ៊ុន Think Biotech  តាមរយៈកិច្ចសហការជាមួយក្រុម Angkor Plywood  ដែលបានធ្វើសកម្មភាពកាប់នឹងដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ មកផ្គត់ផ្គង់ឱ្យពួកគេ ដើម្បីបន្តនាំឈើចេញទៅក្រៅប្រទេស។

សេចក្តីថ្លែងការណ៍រួមដដែលបន្តថា បើទោះពីជាក្រុមហ៊ុនទាំងពីរនេះបានដករោងចក្រផលិតឈើ និងក្តារបន្ទះ កាលពីដើមឆ្នាំ២០២០នេះក្តី ប៉ុន្តែសកម្មភាពអាជីវកម្មឈើរបស់ពួកគេនៅតែបន្តបំផ្លិចបំផ្លាញព្រៃឡង់គ្មានស្រាកស្រាន្តឡើយ។

ប្រភពដដែលបន្តថា សកម្មភាពបទល្មើសនេះមានកាន់តែខ្លាំងបន្ទាប់ពីរដ្ឋាភិបាល តាមរយៈអាជ្ញាធរ បានធ្វើទុក្ខមុកម្នេញលើសហគមន៍ សកម្មជនការពារព្រៃឈើ និងអង្គការសង្គមស៊ីវិល មិនឱ្យចូលល្បាតព្រៃដូចកាលពីមុនបាន។

បន្ថែមពីនេះតាមការចុះអង្កេតរបស់បណ្តាញសហគមន៍ព្រៃឡង់ និងសកម្មជនការពារព្រៃឈើរកឃើញថាក្រុមហ៊ុននេះ នៅតែបន្តអាជីវ កម្មឈើ ដោយឈើទាំងនោះយកចេញពីតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលក្រសួងបរិស្ថានកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។

The Cambodia Daily នៅមិនទាន់សុំការឆ្លើយតបពីតំណាងក្រុមហ៊ុនទាំងពីរបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។

ព្រៃឡង់ត្រូវបានដាក់ជាតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ កាលពីខែឧសភា ឆ្នាំ២០១៦ លើទំហំជាង៤៣ម៉ឺនហិកតា គ្របដណ្តប់ទៅលើខេត្តចំនួន៤ រួមមានខេត្តព្រះវិហា កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។

យ៉ាងណារបាយការណ៍របស់ភ្នាក់ងារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកាលពីថ្មីៗនេះបង្ហាញថា គម្របព្រៃឈើនៅតំបន់ព្រៃឡង់ប្រមាណ៧ពាន់ហិកតាត្រូវបានបំផ្លាញ កាលពីឆ្នាំ២០១៩។

ការបាត់បង់គម្របព្រៃឡង់នេះ ជាការបាត់បង់ច្រើនជាងគេបំផុតចាប់តាំងពីតំបន់នេះត្រូវបានដាក់បញ្ចូលជាតំបន់ព្រៃការពារ កាលពីឆ្នាំ២០១៦មក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស