26 C
Phnom Penh

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអះអាងថាមានករណីរំលោភយកដីរបស់ពលរដ្ឋនៅខេត្តត្បូងឃ្មុំ ពីសំណាក់អាជ្ញាវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា ពួកគេបានចុះស្រាវជ្រាវ និងជួបជាមួយពលរដ្ឋខ្មែររស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយពលរដ្ឋបញ្ជាក់ថា ដីស្រែចម្ការរបស់ពួកគាត់រងការរំលោភបំពានពីសំណាក់អាជ្ញាធរវៀតណាមជាបន្តបន្ទាប់។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃអង្គារ៍នេះ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា  លោក រ៉ុង ឈុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថាតំបន់ដីទំនាស់រវាងពលរដ្ឋខ្មែរជាមួយអាជ្ញាធរវៀតណាម គឺស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណុចបង្គោលព្រំដែន លេខ១១៤ ដល់១១៩។

លិខិតដដែលបន្តថា ពលរដ្ឋម្ចាស់ស្រុកអះអាងថាការបោះបង្គោលព្រំដែននេះ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឱ្យដីស្រែចម្ការរបស់ពួកគាត់ធ្លាប់អាស្រ័យផលបានបាត់បង់រាប់រយហិកតា ខណៈដែលពលរដ្ឋព្យាយាមទៅអាស្រ័យផលលើដីដូនតារបស់ខ្លួនដែលសេសសល់ពីការបោះបង្គោលរួចទៅហើយក្តី ប៉ុន្តែត្រូវបានអាជ្ញាធរវៀតណាម និង         អាជ្ញាធរខ្មែរនាំគ្នារារាំង។

ប្រភពដដែលបន្តថា ពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីជាច្រើនទៅភាគីវៀតណាម ក្រោយពេលបោះបង្គោលព្រំដែនរួច ប៉ុន្តែនៅសល់តិចតួច គួរត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិអាស្រ័យផលលើដីទាំងនោះ។

បន្ថែមពីនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងកងកម្លាំងការពារនៅតាមព្រំដែនឱ្យបានរឹងមាំ ដើម្បីកុំឱ្យកងកម្លាំងប្រទេសជិតខាងចូល រំលោភបូរណភាពទឹកដីរបស់កម្ពុជាបន្តទៀត និងស្នើឱ្យរដ្ឋាភិបាលផ្តល់ដីទំហំ៦០ហិកតា ដែលកំពុងមានជម្លោះប្រមាណ១រយគ្រួសារ ដើម្បីឱ្យពួកគាត់បានអាស្រ័យផលចិញ្ចឹមជីវិត និងផ្តល់កម្មសិទ្ធិជូនពលរដ្ឋរងគ្រោះផងដែរ។

យ៉ាងនេះក្តី The Cambodia Daily  នៅមិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីរដ្ឋាភិបាលនិងអាជ្ញាធរខេត្តនេះបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។

បញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ពិសេសជាមួយវៀតណាមនៅតែជាបញ្ហារសើប បើទោះបីជារដ្ឋាភិបាលប្រទេសទាំងពីរបានអះអាងពីសមិទ្ធិផលសម្រេចបានការបោះបង្គោលព្រំដែនខណ្ឌសីមា ជាផ្លូវការចំនួន៨៤ភាគរយទៅហើយក្តី។

កម្ពុជានៅតែងរងការរំលោភដែនដីរបស់ខ្លួនជាបន្តបន្ទាប់ ខណៈប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ដែលធ្លាប់ទទួលបានការជួយជ្រោមជ្រែងឱ្យឡើងកាន់អំណាចដោយវៀតណាមនោះ បន្តធ្វើមិនដឹងមិនឮរឿងនេះ និងតែងបង្ក្រាបឬគំរាមកំហែងដល់ពលរដ្ឋដែលឈឺឆ្អាលរឿងព្រំដែនផងដែរ។

ជាក់ស្តែងការបោះតង់ជិត៣០០នៅតាមព្រំដែនកម្ពុជាពីសំណាក់យោធាវៀតណាម ដោយតង់ខ្លះបោះនៅតំបន់មិនទាន់ឯកភាពគ្នាក៏ដោយ ក៏ទល់ពេលនេះកម្ពុជាមិនអាចបង្ខំឱ្យភាគីវៀតណាមឬចាត់វិធានការណាមួយ ដើម្បីឱ្យកងកម្លាំងរបស់ពួកគេ ដកតង់ទាំងនោះចេញឱ្យអស់ពីតំបន់មិនទាន់ឯកភាពគ្នានោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស