32 C
Phnom Penh

អតីតអ្នកទោសនយោបាយថា ការទទួលបានEBA ២០ របស់អឺរ៉ុបមកវិញ ឬអត់ គឺអាស្រ័យលើនយោបាយរបស់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកទោសនយោបាយឬទោសមនសិការ លោក មាជ សុវណ្ណារ៉ា បានឡើងឡើងថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតបារាំង អ្នកស្រី Eva NGUYEN BINH នៅរសៀលថ្ងៃទី២១ ខែកក្កដា នេះ ។

លោកបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា ក្នុងជំនួបនោះ លោកនឹងភាគីបារាំង បានជជែកគ្នាពីបរិបទនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា ក្រោមឥទ្ធិពលកូវីដ-១៩ និងរយៈពេលចុងក្រោយនៃដំណើរការកាត់ប្រព័ន្ធអនុគ្រោះ ពន្ធ EBA ២០% របស់សហភាពអឺរ៉ុប ដែលនឹងសម្រេចជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិរូបនេះបន្តថា ឯកអគ្គរដ្ឋទូតបារាំង នៅតែមានក្ដីសង្ឃឹមថា កម្ពុជាអាចងាកមកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយរបស់បក្សប្រឆាំង មានភាពវិជ្ជមាន និងជឿនលឿន ជាងបច្ចុប្បន្ននេះ ដើម្បីកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍពិត ប្រាកដមួយ ។

លោកមាជ សុវណ្ណារ៉ា លើកឡើងទៀតថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និង បញ្ហាវិបត្តិកូវីដ-១៩ គឺជាប្រធានបទក្ដៅសម្រាប់កម្ពុជានាពេលបច្ចុប្បន្ននេះ។

លោក ថា នយោបាយកម្ពុជា បើមានភាពវិជ្ជមាននៃប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% អាចទទួលបានត្រឡប់មកវិញ ឬអត់យ៉ាងណានោះ គឺវាអាស្រ័យលើនយោបាយរបស់កម្ពុជាតែម្តង។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមលើកឡើងថា គន្លឹះសំខាន់ក្នុងការរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយឬ ធ្វើឱ្យបាត់បង់ គឺកូនសោរស្ថិតនៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលលោកហ៊ុន សែន តែមួយប៉ុណ្ណោះ។

បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី១២ខែសីហា គណៈកម្មាធិការពាណិជ្ជកម្មរបស់អឺរ៉ុបនឹងសម្រេចអនុវត្តនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយពីកម្ពុជាជាផ្លូវការ។ ការសម្រេចយកពន្ធ២០ភាគរយនេះ គឺនៅលើមុខទំនិញរបស់កម្ពុជាដែលនាំទៅសហភាពអឺរ៉ុបប្រមាណ៤០ប្រភេទ ក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលកម្ពុជានឹងត្រូវបង់ពន្ធក្នុងទំហំទឹកប្រាក់ប្រមាណ១រយលានដុល្លារក្នុងមួយឆ្នាំៗ។

លោក ហ៊ុន សែន ធ្លាប់បានលើកឡើងដោយមិនខ្វល់ទៅនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីសំណាក់សហភាពអឺរ៉ុបនោះទេ ហើយលោកក៏មិនខ្វល់ពីទំហំនៃផលប៉ះពាល់នៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះដែរ ព្រោះលោកថាមិនមានបញ្ហាក្នុងការបង់ពន្ធត្រឹម១រយលានដុល្លារក្នុងមួយឆ្នាំនោះទេ។

ជាមួយគ្នានេះ លោកនៅតែអះអាងថាកម្ពុជាមិនអោនក្បាលដាក់បរទេសជាថ្នូរនឹងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធអ្វីនោះដែរ។

ដោយឡែកដំណើរការរឿងក្តីរបស់ប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា នៅតែបន្តដដែល ដោយលោកធ្លាប់សន្មត់រួចជាមុនទៅហើយថា លោកកឹម  សុខា នឹងត្រូវមានទោស ហើយទោសនៅពេលតុលាការប្រកាសសាលក្រមរួចនឹងចាប់មេបក្សប្រឆាំងរូបនេះដាក់គុកភ្លាម ស្របពេលលោកអះអាងថាគុកថ្មីរបស់ប្រធានគណបក្សប្រឆាំងរូបនេះម្តងទៀត គឺមិនមែនគុកត្រពាំងផ្លុងនោះឡើយ។

ទោះបីជាយ៉ាងនេះក្តី សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថាGMAC និងសមាគមស្បែកជើងនៅកម្ពុជាហៅកាត់ថាCFA បានចេញលិខិតចំនួន៣លើករួចមកហើយ ដោយស្នើទៅគណៈកម្មការអឺរ៉ុប ឱ្យពន្យារពេលដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា។

តំណាងក្រុមអ្នកវិនិយោគទាំងនេះ បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតចំពោះបញ្ហានេះ ព្រោះថាវិស័យកាត់ដេរនៅកម្ពុជាអាចនឹងដួលរលំ ក្រោយបាត់បង់ចំណែក ២០ភាគរយនៃប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស