ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាកុ្រងភ្នំពេញ បានចេញលិខិតក្រើនរំលឹកដល់អតីតប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា ឱ្យប្រកាន់ភ្ជាប់ កាតព្វកិច្ច ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនត្រូវធ្វើសកម្មភាពដើរហួសពីព្រំដែនកំណត់ដោយតុលាការនោះឡើយ។
ការរំលឹកនេះ ក្រោយពេលតុលាការសង្កេតឃើញថាសកម្មភាពចុះជួបពលរដ្ឋតាមបណ្តាខេត្តមួយចំនួនកាលពីថ្មីៗនេះពីសំណាក់លោកកឹម សុខា អាចនឹងឈានទៅហួសព្រំដែន ដែលនាំទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការដែលបានកំណត់កន្លងមក ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញលោក កូយ សៅ បានចេញលិខិតមួយកាលពីថ្ងៃម្សិលមិញបញ្ជាក់ថានាពេលថ្មីៗនេះ ជនជាប់ចោទលោកកឹម សុខា បានធ្វើសកម្មភាពមួយចំនួនជាពិសេសនៅតាមបណ្តាខេត្ត ដែលបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ការប្រមូលផ្តុំឬការជួបជាមួយអ្នកគាំទ្ររបស់ខ្លួនក្រោមរូបភាពផ្សេងៗ។
ប្រភពដដែលបានកត់សម្គាល់ថាសកម្មភាពទាំងនោះ អាចនឹងឈានទៅហួសព្រំដែន ឬនាំទៅដល់ការបំពានលើកាតព្វកិច្ចការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវទៅលើជនជាប់ចោទ ពិសេសបម្រាមមិនមេបក្សប្រឆាំងរូបនេះធ្វើសកម្មភាពនយោបាយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះដដែលបន្តថាដើម្បីធានាបាននូវការគោរពចំពោះកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ក៏ដូចជាសន្តិសុខផ្ទាល់ខ្លួននិងផលប្រយោជន៍ស្របច្បាប់របស់ជនជាប់ចោទ សម្រាប់សវនាការបន្តនាពេលខាងមុខនេះ ក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការក្រើនរំលឹកជនជាប់ចោទ ត្រូវមានស្មារតីគោរពឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការបានតម្រូវដាក់លើជនជាប់ចោទ។
ក្នុងខែកក្កដានេះ មានគណនីហ្វេសប៊ុក និងទំព័រហ្វេសប៊ុករបស់លោកកឹម សុខា និងសហការីរបស់ខ្លួនបានបង្ហោះនូវសកម្មភាពដើរហើរចេញពីផ្ទះ របស់មេបក្សប្រឆាំងរូបនេះនិងគ្រួសារ មេធាវី ជាដើមនោះ ទៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ កំពត តាកែវ ពោធិ៍សាត់ បន្ទាយមានជ័យនិងសៀមរាបផងដែរ។
កាលពីថ្ងៃម្សិលមិញទំព័រហ្វេសប៊ុករបស់មេបក្សប្រឆាំងរូបនេះ បានឱ្យដឹងថាលោកបាន ជួបពលរដ្ឋ ព្រះសង្ឃ មកពី រាជធានី ខេត្តមួយចំនួន នៅគេហដ្ឋានផ្ទាល់ និង ពលរដ្ឋបានស្កាត់មកជួបសួរសុខទុក្ខ ដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបលោក នៅពេលដែលលោកធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួននាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង ឬផ្សព្វផ្សាយក៏ដោយ។
ក្រៅពីថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃ និងពលរដ្ឋហើយ លោក កឹម សុខា បញ្ជាក់ថាលោកនៅតែមានក្តីនឹករលឹក ចង់ជួប ចង់ស្តាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយបងប្អូន នៅទីកន្លែងនានាបន្តទៀត ឲ្យតែមានឱកាស។
សារព័ត៌មានវីអូឌី បានដកស្រង់សម្តីរបស់សហមេធាវីការពារក្តីឱ្យលោកកឹម សុខា គឺអ្នកស្រីម៉េង សុភារី ចុះផ្សាយនៅថ្ងៃនេះថា លិខិតរបស់ក្រុមប្រឹក្សាជំនុំជម្រះនេះ គ្រាន់តែជាការក្រើនរំលឹកដល់កូនក្តីរបស់ខ្លួន ដោយខ្លាចក្រែងលោកកឹម សុខា ដើរហួសបម្រាមរបស់តុលាការតែប៉ុណ្ណោះ ។
យ៉ាងនេះក្តី អ្នកស្រីបញ្ជាក់ថា សកម្មភាពចុះខេត្តរបស់លោកកឹម សុខា កន្លងមក គឺមិនបានលើ្មសបម្រាមរបស់តុលាការនោះឡើយ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី កាលពីថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចចេញដីកាកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការទៅលើជនជាប់ចោទលោក កឹម សុខា ប៉ុន្តែលោកត្រូវបានតុលាការហាមមិនឱ្យធ្វើសកម្មភាពនយោបាយ និងមិនឱ្យចេញទៅក្រៅប្រទេស ព្រមទាំងត្រូវឆ្លើយតបទៅនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
ប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ដោយលោកហ៊ុន សែន ចោទថាជាទោសក្បត់ជាតិ។ តុលាការបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសនិងបានឃុំនៅពន្ធនាគាររយៈពេល១ឆ្នាំ។ ក្រោយមក លោកត្រូវបានផ្លាស់ប្តូរមកឃុំខ្លួននៅផ្ទះរបស់លោកវិញរយៈពេលប្រមាណ១ឆ្នាំទៀត មុនពេលមានការកែប្រែលក្ខខណ្ឌនៃការដាក់ឱ្យលោកស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការកាលពីថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩។
ទាំងសហគមន៍ជាតិនិងអន្តរជាតិ បានចាត់ទុកសំណុំរឿងនេះជារឿងនយោបាយ ព្រមទាំងហៅការឃុំខ្លួនមេបក្សប្រឆាំងរូបនេះ និងការរំលាយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៧មុនការបោះឆ្នោតជាតិចូលមកដល់នោះជារឿងអយុត្តិធម៌ និងធ្វើឱ្យពលរដ្ឋកន្លះនគរគុំគួន។
សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិជាដើម តែងជំរុញទៅរដ្ឋាភិបាលលោកហ៊ុន សែន ម្តងហើយម្តងទៀតឱ្យផ្តល់សេរីភាពពេញលេញដល់លោកកឹម សុខា និងមន្ត្រីគណបក្សសង្រ្គោះជាតិផ្សេងទៀត ដើម្បីបញ្ចៀសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយកើតឡើង។ លើសពីនេះ ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ក្នុងការស្តារលំហលទ្ធិប្រជាធិបតេយ្យនិង គោរពសិទ្ធិមនុស្សជាដើម។
ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់បង្ហាញឆន្ទៈពិតប្រាកដណាមួយ ក្នុងការកែប្រែស្ថានភាពដឹកនាំប្រទេសរបស់ខ្លួនឡើយ ខណៈនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយ ពីសំណាក់សហភាពអឺរ៉ុបនឹងដល់ជាផ្លូវការនៅថ្ងៃទី១២ខែសីហា ខាងមុខនេះ។
ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយនេះ អ្នកឃ្លាំមើលសង្គមយល់ថានឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែដុនដាបបន្ថែមទៀត ស្របពេលដែលសេដ្ឋកិច្ចប្រទេសក្រីក្រមួយនេះកំពុងរករងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩ ស្រាប់៕