មន្ត្រីរាជការថ្នាក់ទាប រួមជាមួយពលរដ្ឋរស់នៅក្រុងព្រះសីហនុ ជាពិសេសមន្ត្រីរាជការ និងពលរដ្ឋរស់នៅផ្ទះជួលឲ្យដឹងថា បុគ្គលមួយចំនួន ដែលនាំគ្នាដើរទិញ លក់ដី ឬសង់ផ្ទះ និងសង់អគារលោតឆ័ត្រទុកលក់ ឬជួលឲ្យអ្នកវិនិយោគទុនជនជាតិចិន នៅមុនពេលចិន ចាកចេញពីខេត្តព្រះសីហនុ កាលពីចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះនៅមិនទាន់វិលត្រឡប់ចូលខេត្តព្រះសីហនុ ច្រើនកុះករដូចដើមវិញនៅឡើយ។
បច្ចុប្បន្ននេះចំពោះបុគ្គលមួយចំនួន ដែលធ្លាប់តែជ្រួលជ្រើម ហើយមានអត្តចរិតក្រអើតក្រទម ពេលនេះ បុគ្គល ដែលមានអចលនទ្រព្យជួលឲ្យចិន ទទួលបានប្រាក់ចំណូលខ្ពស់ទាំងនោះ ហាក់បានងាកមកកែប្រែអត្តចរិតខ្លួន មករកធាតុដើមឡើងវិញ ជាបណ្តើរៗហើយ។ ការផ្លាស់ប្តូរអត្តចរិត របស់ក្រុមមនុស្ស ឬបុគ្គលអ្នករកស៊ីអចលនទ្រព្យមួយចំនួននេះ ក៏ព្រោះតែអ្នកវិនិយោគទុនចិន ដែលបានចាកចេញពីខេត្តព្រះសីហនុ កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែរហូតមកដល់ខែកក្កដា ឆ្នាំ២០២០ទៅហើយ នៅឡើយវត្តមានអ្នកវិនិយោគទុនចិន ឬអាជីវករចិនទាំងនោះ មិនទាន់វិលចូលកម្ពុជាវិញនៅឡើយ។
សម្រាប់មន្ត្រីរាជការ និងពលរដ្ឋរស់នៅផ្ទះជួល បានអះអាងថា ក្រោយអ្នកវិនិយោគទុនចិន បានសម្រុកចូលមករកស៊ី នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុ ហើយអ្នកមានអចលនទ្រព្យ សម្រាប់លក់ ជួលដី ផ្ទះ ឬអគារ ឲ្យចិន មានតម្លៃខ្ពស់ចាប់ពី ១រាប់ម៉ឺន រហូតដល់រាប់សិបម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗនោះ គឺពួកគេ បែរជាបានកែប្រែអត្តចរិតដើម ដែលធ្លាប់រួសរាយរាក់ទាក់ និងមានសុជីវធម៌ ក្នុងការនិយាយស្តីកន្លងមក ដោយប្តូរទៅមានអត្តចរិតផ្ទុយស្រឡះពីអត្តចរិតដើម របស់ពួកគេ។
ក្រុមមនុស្ស ឬបុគ្គលមួយចំនួននោះ នៅគ្រាពួកគេរកចំណូលបានច្រើន ពីការជួលផ្ទះ, សណ្ឋាគារ, អគារផ្សេងៗ និងដី ឲ្យចិនបានតម្លៃខ្ពស់ ក៏បានប្រែក្លាយអត្តចរិត ដែលធ្លាប់មានពីមុន ទៅមានចរិតក្រអើតក្រទម អ៊ួតអាង ឈ្លើយ ច្រលើមច្រលើសបើស ឬពាក្យម្យ៉ាងគេនិយមនិយាយតៗគ្នាថា មានដំណើរបូសឃ្លៀកនោះ។ ប៉ុន្តែភាពក្រអើតក្រទមខាងលើនេះ ក៏ត្រូវបានប្តូរ ភ្លាមៗដែរ ដោយគិតចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បន្តរហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ សង្កេតឃើញថាក្រុមមនុស្ស ដែលមានដំណើរបូសឃ្លៀក ពេលចិនចូលមកខេត្តព្រះសីហនុច្រើន ក៏បានប្តូរពីមានដំណើរបូសឃ្លៀកមកមានដំណើរធម្មតា ជាបណ្តើរៗឡើងវិញហើយ។
ជាងនេះទៀត ពួកគេក៏បានផ្លាស់ប្តូរអត្តចរិត ពីមានទង្វើអើតក្រទមច្រលើមច្រលើសបើស មកមានសភាពធម្មតាវិញដែរ។ ដោយឡែក ងាកមកបច្ចុប្បន្នភាព នៃតម្លៃផ្ទះ, អគារ, សណ្ឋាគារ និងដីជួលជាដើម ក៏សង្កេតឃើញថា មានម្ចាស់ទីតាំងភាគច្រើន នៅទីប្រជុំជនក្រុងព្រះសីហនុ ចាប់តាំងពីអំឡុងពេលរាជរដ្ឋាភិបាលបានចេញសារាចរបិទល្បែងអនឡាញ កាលពីខែសីហា ឆ្នាំ២០១៩មក អ្នកវិនិយោគទុនចិន ក៏បានសម្រុកចាកចេញពីខេត្តព្រះសីហនុ ដោយបន្សល់ទុកវិក័យបត្រទឹកភ្លើង ហើយមានចិនខ្លះ ចាកចេញដោយមិនប្រាប់ម្ចាស់ផ្ទះ ឬមិនបង់ថ្ងៃជួលផ្ទះ ជួលដី និងអគារផ្សេងៗជាដើម។
ចំណែក អគារ ឬសំណង់ធំស្កឹមស្កៃភាគច្រើន ដែលសាងសង់នៅក្នុងក្រុងព្រះសីហនុ ក៏បានផ្អាកដំណើរការសាងសង់ ស្ទើរទាំងស្រុងគិតចាប់ពីចុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ខែកក្កដា ឆ្នាំ២០២០នេះ ទើបឃើញសំណង់អគារខ្លះបានចាប់ផ្តើមដំណើរការសាង់សង់ឡើងវិញជាបណ្តើរៗ។
ដោយឡែក ចំពោះសកម្មភាពពុះច្រៀកដីឡូតិ៍លក់ និងការសាងសង់ផ្ទះល្វែងលក់ជាដើម ក៏ហាក់បានផ្អាកចលនា ឬមានសភាពនៅទ្រឹង ប៉ុន្តែមិនទាន់មានសញ្ញាណណាមួយ ក្នុងការបញ្ចុះតម្លៃលក់ចេញនោះទេ។ ហើយថា ជំនួញពុះដីឡូតិ៍ និងសង់ផ្ទះល្វែងលក់ របស់ឈ្មួញ ឬក្រុមហ៊ុនអចលនទ្រព្យភាគច្រើន ក៏ឃើញផ្អាកមិនបន្តគម្រោងថ្មីៗទៀតនោះដែរ។ ការចាកចេញ របស់អ្នកវិនិយោគទុនចិន ចេញពីខេត្តព្រះសីហនុជាបន្តបន្ទាប់មកនេះ សម្រាប់ប្រជាពលរដ្ឋ ឬបុគ្គល ដែលបានហក់លោត ទៅរកកម្ចីពីឥណទានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីយកមកវិនិយោគ ឬរកស៊ី គឺបច្ចុប្បន្ននេះ កំពុងតែជួបហារនិភ័យខ្ពស់។
មកទល់ពេលនេះមនុស្សខ្លះទទួលទានចំណីអាហារមិនឆ្ងាញ់ សម្រាន្តមិនលក់ និងបក់មិនល្ហើយជាដើម, រហូតឈានដល់មានបុគ្គលខ្លះ បានធ្លាក់ខ្លួនឈឺស្គមរីងរ៉ៃ ឬចង់ធ្វើអត្តឃាតជាដើម ដោយសារតែភ័យព្រួយខ្លាចមិនមានប្រាក់សងមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលដង្ហោយហៅជារៀងរាល់ចុងខែម្តងៗ ហើយបុគ្គលមួយចំនួននោះ ក៏បានបង្ខំចិត្តលក់ឡាយឡុងអចលនទ្រព្យ របស់ខ្លួន ក្នុងតម្លៃទាប ដើម្បីយកប្រាក់មកដោះបំណុល ដែលពួកគេ លោភលន់ ឬពាក្យសាមញ្ញនិយាយថា ឃើញ ដំរីជុះ ចង់ជុះតាមដំរីនោះ។
សាធារណជន ជាពិសេសក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ ថ្លែងថា វាអាចនឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ឬបុគ្គលមួយចំនួន ដែលសង់ផ្ទះ, អគារ និងទិញដីស្តុក សម្រាប់ទុកជួលឲ្យចិន ហើយបានទៅខ្ចីលុយពីធនាគារ ដើម្បីវិនិយោគរបរ របស់ពួកគាត់។ អ្នកឃ្លាំមើលសង្គម អះអាងថា មុនបំណាច់ឆ្នាំ២០១៩ គឺនៅគ្រាវិស័យកាស៊ីណូអនឡាញ បានរីកដូចផ្សិតដូចរដូវខែវស្សានាខេត្តព្រះសីហនុ គេសង្កេតឃើញ អ្នកវិនិយោគទុនចិន បានហូរចូលមកខេត្តជាប់សមុទ្រមួយនេះយ៉ាងគំហុក។ ហើយថា ចរន្តនៃលំហូរសាច់ប្រាក់ ឬលុយ ចេញពីតំបន់មួយទៅតំបន់មួយទៀត តាមរយៈអ្នកមានផ្ទះ សណ្ឋាគារ និងដីជួល ឬលក់ឲ្យចិន បានជម្រុញឲ្យមានចលនាក្រុមហ៊ុនអចលនទ្រព្យ ឬឈ្មួញពុះច្រៀកដីឡូតិ៍ លក់, សង់ផ្ទះល្វែង និងសង់អគារ ធំស្កឹមស្កៃ សម្រាប់ជួលឲ្យចិននៅពេលនោះ គឺបានចំណេញប្រាក់ច្រើនសន្ធឹកសន្ធាប់។
យ៉ាងណាក៏ដោយចុះ បច្ចុប្បន្ននេះ ចំពោះក្រុមមនុស្ស ដែលឃើញដំរីជុះ ចង់ជុះតាមដំរី នោះ ក៏បានដាចរហែកគូថ ជាបណ្តើរៗហើយដែរ។ ហើយថា ពេលនេះ អ្នកទាំងនោះ នៅតឬបន្តទន្ទឹងរង់ចាំអ្នកវិនិយោគទុនចិន ចូលមកខេត្តព្រះសីហនុជាថ្មូទៀត ក្រែងលោ ពួកគេអាចមានឱសថព្យាបាលគូថ របស់ពួកគេ ដែលខំប្រឹងជុះតាមដំរីនោះបានជាសះស្បើយឡើងវិញ៕