34 C
Phnom Penh

ក្រសួង​យុត្តិធម៌​ដាក់ឲ្យ​ដំណើរការ​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី០១ ខែកញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តី​ប្រកាស​របស់ក្រ​សួង​យុត្តិធម៌​ដែល​ចុះហត្ថលេខា​ដោយ​លោក កើត រិទ្ធិ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី២១ ខែកក្កដា ហើយដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​ឲ្យដឹង​ថា សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ មានសមត្ថកិច្ច​ជំនុំជម្រះ​រឿង​ក្តី​ដែល​ស្ថិតនៅ​ក្នុង​សមត្ថកិច្ច​ដែនដី​ដែល​គ្រប​ដណ្តប់​លើ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្ត​កែប។

សេចក្តី​ប្រកាស​ដដែល​ឲ្យដឹង​ទៀត​ថា ចំពោះ​សំណុំរឿង​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​សមត្ថកិច្ច​ដែនដី​របស់​សាលាឧទ្ធរណ៍​ព្រះសីហនុ ប៉ុន្តែ​ដែល​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​ទទួល​ជា​សមត្ថកិច្ច​នៅមុន​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវ​កំណត់​ជា​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត។ មន្រ្តី​ជាន់ខ្ពស់​របស់​របស់ក្រ​សួង​យុត្តិធម៌​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​ថា ការបង្កើត​សាលាឧទ្ធរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ នេះ​គឺ​ស្ថិតនៅ​ក្នុងចំណោម​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ។

រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ថ្មី លោក កើត រិទ្ធ ធ្លាប់​និយាយ​ក្នុង​សន្និសីទ​កាសែត​នៅ​ទី​ស្តី​ការក្រ​សួង​យុត្តិធម៌ កាលពី​ថ្ងៃទី១៨ ខែឧសភា ដោយ​ព្រមាន​ទុកជាមុន​ថា សម្រាប់​ចៅក្រម ព្រះរាជអាជ្ញា ដែល​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ ឬប្រព្រឹត្ត​អំពើពុករលួយ ក្នុង​អំ​ឡុយ​ពេល​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំ រឿង​នៅ​តាម​តុលាការ​អាច​ប្រឈម​នឹង​ការបញ្ឈប់​ពី​ការ​ងារ​ភ្លាម​ៗ ព្រមទាំង​ប្រឈមមុខនឹង​ផ្លូវច្បាប់​តែម្ដង ហើយ​លោក​ក៏បាន​ពិភាក្សា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុងករណី​នេះ​ដែរ។លោក​បន្ត​ថា ក្រសួង​យុត្តិធម៌​មិន​អនុញ្ញាត​ឲ្យ​មាន​ករណី​ត្រីងៀត​ឆ្លៀត​ពង​នោះ​ទេ។

យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ជម្រះក្តី​នេះ ធ្វើឡើង​ក្រោយពេល​ក្រសួង​ពាក់ព័ន្ធ​រក​ឃើញថា ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បណ្តាល​មក​កត្តា​មួយ​ផ្នែក​នៃ​ការ​បន្ត​ឃុំខ្លួន​អ្នកជាប់ឃុំ ដោយ​មិនទាន់​មានការ​ជំនុំជម្រះ ពិសេស​អ្នកជាប់ឃុំ​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោ​កស ខេង ធ្លាប់​អះអាង​ថា​អ្នកជាប់ឃុំ​បច្ចុប្បន្ន​មាន​ចំនួន​ជិត៤ម៉ឺន​នាក់ ដោយ២ភាគ៣ ជា​អ្នកជាប់ឃុំ​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន ហើយ​អ្នកជាប់ឃុំ​ភាគច្រើន​មិនទាន់​កាត់ក្តី ពោល​គឺជា​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​វ័យក្មេង​រូប​នេះ បាន​កំណត់​ទិសដៅ​ថា ប្រសិនបើ​មានការ​ចូលរួម​ប្រកបដោយ​សុឆន្ទៈ​ពី​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ក្នុងរយៈពេល​ពី ៦ខែ ទៅ៩ខែ នឹងអាច​សម្រេច​លទ្ធផល​កកស្ទះ​សំណុំរឿង​នេះ​ប្រហែល៥០ ទៅ៧០ភាគរយ។របាយការណ៍​របស់ក្រ​សួង​យុត្តិធម៌​ឲ្យដឹង​ថា​បច្ចុប្បន្ន សំណុំរឿង​ដែល​កំពុង​ចាត់ការ​នៅ​តាម​សាលាដំបូង​រាជធានី​-ខេត្ត មាន​ចំនួន​ជិត៤ម៉ឺន​សំណុំរឿង (៣៩ ១៥២​)និង​មាន​អ្នកជាប់ឃុំ​ចំនួន​ជាង១ម៉ឺន​នាក់​(១២៦៥១​)។ ក្នុង​នោះ សំណុំរឿង​គ្រឿងញៀន​មាន​ចំនួន​ជាង៦ពាន់​សំណុំរឿង (៦ ២៦០​) និង​មាន​អ្នកជាប់ឃុំ​ពាក់ព័ន្ធ​បញ្ហា​នេះ​ចំនួន ជិត៧ពាន់​នាក់​(៦ ៩០០​)។

គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project​) បាន​ចេញ​របាយការណ៍​កាលពី​ឆ្នាំ២០១៩ ដោយ​វាយតម្លៃ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប ពោល​គឺ​ប្រព័ន្ធ​យុត្តិធម៌​ស្ថិតនៅ​ជិត​បាត​តារាង ព្រោះ​ក្នុងចំណោម ១១៣ប្រទេស កម្ពុជា​ស្ថិតនៅ​លំដាប់ថ្នាក់​លេខ ១១២។យ៉ាងនេះ​ក្តី ក្រុម​សង្គម​ស៊ីវិល ក៏​តែង​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ធ្វើការងារ​នេះ​ដោយ​តម្លាភាព គ្មាន​អំពើពុករលួយ​លាយឡំ ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ដល់​អ្នកជាប់ឃុំ ពិសេស​អ្នកជាប់ឃុំ​ក្រីក្រ​បន្ថែម​ទៀត។

ក្នុង​អាណត្តិ​អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចាស់ លោក​អង្គ វង្ស​វឌ្ឍនា ប្រព័ន្ធ​យុត្តិធម៌ ពិសេស​វិស័យ​តុលាការ​នៅ​កម្ពុជា​រង​ការរិះគន់​គ្រប់ទិសទី​ថា គ្មាន​ឯករាជ្យ ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច ពុករលួយ បក្ខ​ពួក​និយម លម្អៀង​ទៅ​រក​ក្រុមហ៊ុន ឬអ្នកមាន​ប្រាក់ មានអំណាច ច្រើនជាង​គោលការណ៍​យុត្តិធម៌​ពិត។ តែ​យ៉ាងនេះ​ក្តី គេ​នៅ​រង់ចាំ​មើល​រដ្ឋមន្ត្រី​ថ្មី ព្រោះ​ក្រោយ​ទទួល​បាន​តំណែង​ភ្លាម រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ បាន​ប្តេជ្ញា​ថា នឹង​សហការ​ជាមួយ​មន្ត្រី​ខ្លួន បន្ត​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ធានា​ដល់​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស