33 C
Phnom Penh

អាជ្ញាធរ​ក្រុងភ្នំពេញ​បន្ត​ធ្វើទុក្ខ​បុកម្នេញ​លើស​មា​ជិ​កគ្រួសារ​អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ នៅពេល​ពួក​គេ​តវ៉ា​មុខ​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ក្រុងភ្នំពេញ ដែល​មាន​ទាំង​ក្រុម​សន្តិសុខ​ខណ្ឌ៧មករា រាប់​សិប​នាក់ បាន​ប្រើ​កម្លាំងបាយ​ដើម្បី​បំបែក​ការ​តវ៉ា​របស់​សមាជិក​គ្រួសារ​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ភាគច្រើន​ជា​ស្ត្រី ដោយ​មិន​ឱ្យ​ពួក​គេ​ឈរ​តវ៉ា​នៅ​ជាប់​របង​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ។

ក្រុម​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាច្រើន​នាក់​នៅ​ថ្ងៃទី២៤ ខែកក្កដា​នេះ បាន​ចាប់​អូស​ក្រុម​ស្ត្រីជា​អ្នក​តវ៉ា​ទាំងនោះ​កាត់​ថ្នល់​ទាំង​បង្ខំ បណ្តាល​ឱ្យ​មាន​ស្ត្រី​ខ្លះ​របួស​ដៃជើង ក្បាល ដងខ្លួន ខណៈ​ពួក​គេ​ប្រមាណ៥០នាក់​នាំ​តវ៉ា​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​ដោះលែង​ស្វាមី ឬឪពុក​របស់​ពួក​គេ​ចំនួន១៧នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​របស់​លោក​ហ៊ុន សែន ចាប់ខ្លួន និង​ចោទប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ផ្សេង​ៗ។

ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​ដែល​ជា​ភរិយា ជា​កូន​ៗ និង​ជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ ធ្វើឡើង​ខណៈ សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បើកសវនាការ​សំណុំរឿង​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​នៅ​ថ្ងៃសុក្រ​នេះ។ នៅក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បានឱ្យ​ដឹង​ថា ការ​តវ៉ា​នោះ ក្រុម​ស្ត្រី និង​សាច់ញាតិ​អ្នកជាប់ឃុំ​ទាំងនោះ​ទាមទារ​ឱ្យ​ដោះលែង​ប្តី​ឬសាច់ញាតិ​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួក​គេ​មិនបាន​ធ្វើខុស​ដូច​ការចោទប្រកាន់​ឡើយ។

លើស​ពីនេះ ការ​បន្ត​ឃុំខ្លួន​សមាជិក​គ្រួ​សា​របស់​ពួក​គាត់​ក្នុង​ស្ថានភាព​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​គ្រួសារ​របស់​ពួក​គេ​ទាំងមូល​តែម្តង។យ៉ាងនេះ​ក្តី ការ​តវ៉ា​របស់​សាច់ញាតិ​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅមុខ​សាលាដំបូង​មិនបាន​ជោគជ័យ​ឡើយ ដោយសារ​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បំបែក​ក្នុង​រូបភាព​ប្រើ​កម្លាំងបាយ និង​រំខាន​ដល់​សកម្មភាព​របស់​ពួក​គេ​តែម្តង ក្រោម​ហេតុផល​ថា​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ។

ក្រោយ​ការ​តវ៉ា​នៅមុខ​សាលាដំបូង​មិនបាន​ជោគជ័យ ក្រុម​ស្ត្រី​ដែល​ជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង អម​ដោយ​កូន​តូច​ៗមួយចំនួន​ផង បាន​នាំគ្នា​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើ​ងយ​កញ្ញ​ត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ដោះលែង​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើងវិញ។មកទល់​ពេលនេះ សំណុំ​រឿង​ធំៗ​ពាក់ព័ន្ធ​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ជិត២០ករណី ដោយរួមទាំង​សំណុំរឿង​របស់​ប្រធាន​បក្ស​មួយ​នេះ គឺ​លោក កឹម សុខា កំពុង​ស្ថិតនៅ​ក្នុង​ដៃ​តុលាការ​នៅឡើយ។

អ្នក​ទាំងនោះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ផ្សេង​ៗ ដូចជា​ត្រូវរ៉ូវ​ជាមួយ​រដ្ឋ​បរទេស ការ​រួមគំនិតក្បត់ ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស និង​ការ​ញុះញង់​កុំឱ្យ​យោធា​ស្តាប់​បង្គាប់​ជាដើម។អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​លោក គឹម សុខ លើកឡើង​នៅ​ថ្ងៃសុក្រ​នេះ​ថា «គ្មាន​យុត្តិធម៌ គឺ​អត់​ប្រជាធិបតេយ្យ និង​ជា​សន្តិភាព​ក្នុង​ភ្លើង»។លោក​បន្ត​ថា វីរបុរស​ជាតិ ដែល​បាន​លះបង់​ជីវិត គឺជា​គំរូ​ដ៏​អស្ចារ្យ បំផុត។

យ៉ាងណា​លោក​ថា ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាធិបតេយ្យ​កម្ពុជា យើង​ត្រូវការ​វីរបុរស​ភ្នែក​រស់ បន្ត​ដឹកនាំ​សកម្មភាព​ទាមទារ​យុត្តិធម៌​នៅ​សង្វៀន​កម្ពុជា។វីរបុរស​ភ្នែក​រស់ គឺ​បុគ្គល​ដែល​ហ៊ាន​ចូលរួម ឬដឹកនាំ​សមរភូមិ​តស៊ូ​មតិ​សកម្ម ដោយ​មិន​ខ្លាច​ធ្វើ​ពលិកម្ម​គ្រប់យ៉ាង ដើម្បី​បុព្វហេតុ​ជាតិ តាមបំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ទូទៅ ដូច​វីរបុរស​ពលី​ជីវិត​ដែរ។លោក​ជឿជាក់​ថា ប្រទេស​កម្ពុជា​នឹងអាច​មាន​វីរបុរស​ភ្នែក​រស់ ក្នុង​ពេល​មិនយូរ​ឆ្នាំខាងមុខ។ បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹង​លិចលង់ ស្រង់​លែង​រួច​តែម្តង​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស