រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីកាប់រានទន្ទ្រាន និងកាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី។
សេចក្ដីសម្រេចនេះ ធ្វើឡើងតាមចំណា របស់លោក ហ៊ុន សែន ចុះថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២០ ដែលបញ្ជាឲ្យចុះស្រាវជ្រាវរកឲ្តឃើញអ្នកជាប់ពាក់ព័ន្ធការទន្ទ្រានដីព្រៃ របស់រដ្ឋធ្វើកម្មសិទ្ធិខុសច្បាប់មកផ្តន្ទាទោស។
ទាក់ទិនករណីនេះតាមប្រភពព័ត៌មានពីមន្ត្រីក្រសួងមហាផ្ទៃ ស្នើមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា យ៉ាងហោចណាស់មានមន្ត្រីជាប់ពាក់ព័ន្ធសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់នីខេត្តមណ្ឌលគិរីនេះ ជាង២០នាក់ មានជាប់ពាក់ព័ន្ធ។ ក្នុងនោះរួមទាំងអភិបាលខេត្តមណ្ឌលគីរី , អភិបាលស្រុកកោះញែក, ស្រុកអូររាំង, សមាជិកព្រឹទ្ធសភា និងមន្ត្រីថ្នាក់ឧត្ដមសេនីយ៍ជាដើម ត្រូវបានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើសុំគោលការណ៍ពី លោក ហ៊ុន សែន ដើម្បីកែសម្រួលភារកិច្ច និង ដកហូតមុខតំណែង ព្រោះមន្ត្រីទាំងនោះ មានជាប់ពាក់ព័ន្ធនឹងការគប់គិតគ្នាទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។ជាក់ស្តែង លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានដកហូតមុខតំណែង និងចាប់ខ្លួនបញ្ជូនទៅឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការទន្ទ្រានយកដីរដ្ឋ នៅខេត្តមណ្ឌលគិរី ជាង១ពាន់ហិកតា។
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម, សាធារណជន ក៏ដូចជាពលរដ្ឋ និងមន្ត្រីរាជការមានតួនាទីទាប នាំគ្នាគាំទ្រទៅលើចំណាត់ការនេះ។ ប៉ុន្តែពួកគេរង់ចាំមើល ថាតើការអនុវត្តច្បាប់ របស់ក្រុមការងារ គណៈកម្មការអន្តរក្រសួង ដែលក្រសួងមហាផ្ទៃ បានបង្កើតឡើងនេះ នឹងមានប្រសិទ្ធភាពការងារត្រឹមកំរិតណា។
ចំណែកពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានផ្តល់ព័ត៌មានមកថា ដីព្រៃស្រល់ និងដីអូរធម្មជាតិ រាប់រយពាន់ហិកតា មានទីតាំងនៅទល់ពីមុខបន្ទាយយោធាស្រុកអូររាំង និងដីព្រៃនៅតំបន់ផ្សេងៗទៀត ត្រូវក្រុមបុគ្គលអ្នកមានអំណាច និងមានលុយមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធិខុសច្បាប់យ៉ាងអនាធិបតេយ្យ។
ប្រភពដដែលបន្តទៀតថា ដីអូររាប់រយហិកតា មានទីតាំងនៅពីក្រោយចំការស្រល់ ទល់ពីមុខបន្ទាយយោធាស្រុកអូររាំង ត្រូវបានអ្នកមានអំណាចម្នាក់ រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយខុសច្បាប់ហើយបុគ្គលមានអំណាចរូបនោះ បាននាំយកគ្រឿងចក្រមកឈូសឆាយលុបអូរធម្មជាតិ ដើម្បីរានដីធ្វើកម្មសិទ្ធិ ខណៈមន្ត្រីជំនាញក៏ដូចជាអាជ្ញាធររដ្ឋបាលខេត្តមណ្ឌលគិរី ហាក់មើលរំលង ឬមិនរវល់អើពើរឿងនេះ។
ពលរដ្ឋជនជាតិដើមភាគតិតព្នង រស់នៅភូមិពីរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ស្នើរសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីចំណីអូររាប់រយហិកតា ត្រូវបុគ្គលឯកជនប្រើគ្រឿងចក្រឈូសកាយលុបអូរ ដើម្បីរានដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ ជាងនេះទៀត ដីចំការស្រល់ របស់រដ្ឋរាប់រយហិកតាទៀត ក៏ត្រូវគេប្រើគ្រឿងចក្រឈូសចំផ្លាញរានដី ដើម្បីធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យផងដែរ។
ប្រភពបញ្ជាក់ទៀតថា បុគ្គលដែលអះអាងថា ជាម្ចាស់ទីតាំងដីខាងលើនេះ ត្រូវប្រភពបង្ហើបឲ្យដឹងថា ជាកូនប្រសារ របស់ថ្នាក់ដឹកនាំម្នាក់ នៅក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់ ឈ្មោះ ម៉ឹង មករា។ យ៉ាងណាក៏ដោយចុះ The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទង លោក អភិបាលខេត្តមណ្ឌលគិរី និងលោក ម៉ឹង មករា ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់លើករណីជាប់ពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់នៅខេត្តមណ្ឌលគីរីនេះបាទេនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ៕