29.3 C
Phnom Penh

ប្រជា​នេសាទ​រស់នៅ​បឹងទន្លេសាប ប្រឈម​នឹង​បញ្ហា​ខ្សត់​ត្រី​ដោយសារ​ចរន្តទឹក​ឡើង​យឺត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​បរទេស​បាន​លើកឡើង​ថា ប្រជា​នេសាទ​រស់នៅ​តំបន់​បឹងទន្លេសាប​មួយចំនួន​កំពុង​ប្រឈម​បញ្ហា​កង្វះ​ស្បៀងអាហារ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ខណៈ​ទិន្នផល​ត្រី​កាន់តែ​ខ្សត់​ព្រោះតែ​ចរន្តទឹក​ឡើង​នៅ​ឆ្នាំនេះ​យឺតយ៉ាវ។សារព័ត៌មាន រ៉យទ័រ​(Reuters​) បាន​ចេញផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃ​អង្គារ៍​នេះ​ដោយ​លើកឡើង​ថា​ចរន្តទឹក​ហូរ​ចូល​ពាសពេញ​បឹងទន្លេសាប ដែល​ជា​បឹងធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ត្រូវ​បា​នព​ន្យា​ពេល​អស់​រយៈពេល ២ឆ្នាំ​ជាប់គ្នា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​នេសាទ និង​គំរាមកំហែង​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​របស់​ប្រជាជន​ច្រើនជាង​មួយ​លាន​នាក់។

ប្រភព​ដដែល​បន្ត​ទៀត ដោយ​លើកយក​ការ​លើកឡើង​របស់​មន្ត្រី​ជំនាញ​ថា ចរន្តទឹក​ហូរ​ចូល​បឹងទន្លេសាប​តាម​រដូវ​កាល នឹង​ត្រូវ​ពន្យារ​រហូតដល់​ខែក្រោយ ដោយសារ​ស្ថានភាព​គ្រោះ​រាំងស្ងួត និង​ទំនប់​វារីអគ្គិសនី​រាប់​សិប​នៅក្នុង​ប្រទេស​ចិន និង​ឡាវ ដែល​ជា​មូលហេតុ​បង្អាក់​ចរន្ត​លំហូរ​ទឹកធម្មជាតិ​មក​ផ្ទៃ​ទន្លេ​ខាងក្រោម។បញ្ហា​នេះ ធ្វើ​ឱ្យ​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹងទន្លេសាប ក្នុង​ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជាច្រើន​គ្រួសារ​កំពុង​ប្រឈម​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយ​ពួក​គេ​ត្រូវ​តស៊ូ​ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​មួយ​នេះ ត្បិត​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​បណ្តែត​ទឹក​នេះ​ភាគច្រើន​រស់​ពឹង​អាស្រ័យ​លើ​ផល​នេសាទ ដោយសារ​ពួក​គេ​គ្មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម​ឡើយ។

ប្រភព​ដដែល​បន្ត​ថា ប្រជា​នេសាទ​ខ្លះ​បាន​ចេញទៅ​នេសាទ​ជាច្រើន​ថ្ងៃ ប៉ុន្តែ​ពួក​គេ​នៅតែ​រក​ត្រី​សម្រាប់​យក​មក​លក់ដូរ ឬយក​មក​ហូបចុក​ស្ទើរតែ​មិនបាន។ ពួក​គេ​ថា បច្ចុប្បន្ន​ក្នុង​មួយថ្ងៃ​អាច​រក​ត្រី​មក​លក់​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​ប្រមាណ១ម៉ឺន ២ពាន់​រៀល ខណៈ​កាលពី​ឆ្នាំ​មុន​ៗ ពួក​គេ​អាច​រកចំណូល​បាន​ប្រមាណ១០ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ពី​ការ​នេសាទ​របស់​ខ្លួន។ពលរដ្ឋ​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន​អំពី​ការ បើកទ្វារ​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​ផ្នែក​ខាងលើ​ទន្លេមេគង្គ ដើម្បី​ឱ្យ​ចរន្តទឹក​អាច​ហូរ​ធ្លាក់​មក​ផ្នែក​ខាងក្រោម​ជាប្រក្រតី​បាន​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស