35 C
Phnom Penh

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ជំរុញ​រដ្ឋាភិបាល​បង្ហាញ​របាយការណ៍​ស្តី​ពី​មាស​បម្រុងទុក​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ទិន្នន័យ​ពិតប្រាកដ​ជុំវិញ​ទុនបម្រុង​ទុក​ដែល​ជា​មាស​របស់​កម្ពុជា ដើម្បី​បង្ហាញ​តម្លាភាព និង​ធានា​ថា​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​លើកឡើង​កន្លងមក​មិន​បោកប្រាស់​ពលរដ្ឋ។

ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច ហ្គន់​សា​ឡេស ដេ​វិ​តសុន បាន​លើកឡើង​ថា លោក​មិនដែល​ឃើញ​អ្នកកាសែត អ្នកនយោបាយ ឬអង្គការ​សង្គម​ស៊ីវិល និយាយ​អំពី​បញ្ហា​មាស​ដែល​ជា​ទុនបម្រុង​ទុក​របស់​កម្ពុជា​សោះ​ឡើយ។ ដូច្នេះ​លោក​នឹង​សួរ​ដោយខ្លួនឯង​ចុះ បើ​ទោះបី​លោក​គ្រាន់តែ​ជាសកម្ម​ជន​ដ៏​សាមញ្ញ​ម្នាក់​ក៏ដោយ។លោក​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​កាលពី​ខែតុលា ឆ្នាំ២០១៩ថា បច្ចុប្បន្ន​កម្ពុជា មាន​មាស​ចំនួន៣០ តោន។ ក្នុង​នោះ១២តោន តម្កល់​នៅ​ប្រទេស​ស្វីស ហើយ១៥តោន​តម្កល់​នៅ​ប្រទេស​អង់គ្លេស និង ៣តោន​ទៀត​តម្កល់​នៅ​ធនាគារជាតិនៃកម្ពុជា។

លោក អា​ឡិច ជឿ​ថា​ពលរដ្ឋ​កម្ពុជា​គ្រប់គ្នា​ពិតជា​សប្បាយចិត្ត​ពេល​ឮព័ត៌មាន​មួយ​នេះ ជាពិសេស​នៅពេល​ដែល​ជំងឺ​កូ​វី​ដដ៏​កាច​សាហាវ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​មកដល់​សេដ្ឋកិច្ច​កម្ពុជា និង​ទូទាំង​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ ហើយដែល​រដ្ឋ​អាច​នឹង​ខ្វះខាត​លុយ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។ក៏ប៉ុន្តែ ការ​អះអាង​របស់​លោក​ហ៊ុន សែន នេះ នៅ​មាន​បញ្ហា​ឬចម្ងល់​ច្រើន ត្បិត​លោក​អា​ឡិច​ថា​កម្ពុជា​មិនបាន​រាយការណ៍​ទៅ​ស្ថាប័ន​អន្តរជាតិ រួម​ទាំង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬហៅ​ថា IMF ថា ខ្លួន​មាន​មាស៣០តោន​នោះ​ទេ ប៉ុន្ដែ​ផ្ទុយទៅវិញ របាយការណ៍​បាន​បញ្ជាក់​ថា កម្ពុជា​មាន​មានត្រឹមតែ​ជាង ១២តោន​ប៉ុណ្ណោះ (១២.៤​) ពោល​គឺ​វា​ខុសគ្នា​រហូត​ទៅដល់​ជាង ១៧តោន (១៧.៥តោន​) ដែល​មានតម្លៃ​ប្រហាក់​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ។

បញ្ហា​នេះ សកម្មជន​បរិស្ថាន​ជា​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ចោទ​ជា​សំណួរ​ថា នៅពេល​លោក​ហ៊ុន សែន និយាយ​ថា កម្ពុជា មាន​មាស៣០តោន តើ​លោកនាយក​រដ្ឋមន្ត្រី​មាន​ឯកសារ​បញ្ជាក់​ដែរ​ឬទេ​? បើ​មាន​សូម​រដ្ឋាភិបាល​បញ្ជាក់​ផង ដើម្បីអោយ​សារ​ធា​ណៈ​ជន​ជឿជាក់​ថា កម្ពុជា​ពិតជា​មាន​មាស៣០តោន​ប្រាកដ​មែន ហើយ​ស្ថាប័ន​អន្តរជាតិ​ទាំងអស់​នោះ​ផ្ដល់​តួលេខ​ខុស។ពាក់ព័ន្ធ​បញ្ហា​នេះ នៅ​ថ្ងៃទី២៣ ខែកក្កដា ធនាគារជាតិនៃកម្ពុជា​បាន​ចេញ​លិខិតបញ្ជាក់​ពី​ទុនបម្រុង​ជា​មាស​របស់​កម្ពុជា ដែល​តម្កល់​នៅ​ធនាគារជាតិ និង​អន្តរជាតិ​មាន​ជាង៣៦តោន។

ធនាគារជាតិនៃកម្ពុជា​អះអាង​ថា គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ២០២០នេះ កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​ជា​មាស​សរុប​ចំនួន៣៦តោន​កន្លះ ដែល​មានតម្លៃ​ជិត២០ប៊ី​លាន​ដុល្លារ ហើយ​ត្រូវ​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន។មាស​ទាំង​ជាង៣៦តោន គឺ​បាន​តម្កល់​ក្នុង​ប្រទេស​ស្វីស​មាន​ចំនួន​ជាង១២តោន។

ដោយឡែក មាស​ចំនួន​ជាង១៤តោន​កំពុង​វិនិយោគ​នៅ​ធនាគារ​កណ្តាល​ប្រទេស​អង់គ្លេស និង​ចំនួន១០តោន​ត្រូវ​បាន​រក្សា​ក្នុង​ធនាគារជាតិនៃកម្ពុជា។ជាមួយគ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ដោយ​លើកឡើង​ពី​បញ្ហា​មាស​នេះ​ផង​ដែរ ដោយ​ថា​រដ្ឋាភិបាល​លោក​មិនមែន​កញ្ជើធ្លុះ​នោះ​ឡើយ។ទោះបី​យ៉ាងណាក៏ដោយ ទាំង​ធនាគារជាតិនៃកម្ពុជា និង​ទាំង​លោក​ហ៊ុន សែន ផ្ទាល់ មិនបាន​បង្ហាញ​របាយការណ៍​ឬឯកសារ​ជាក់លាក់​ណាមួយ ជុំវិញ​តួលេខ​មាស​នេះ​នៅឡើយ​ទេ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស