ការស្រាវជ្រាវស្វែងរកធាតុពិតនៃវិវាទរវាងខ្មែរ និង យួន រាប់សតវត្សមកនេះ យើងមិនសំ អាងលើឯកសារ ឬសៀវភៅសរសេរ ឬ និយាយតៗគ្នាពីប្រភពអ្នកឈ្នះសង្រ្គាមដែលកែប្រវត្តិសាស្រ្តតម្រូវតាមចិត្តខ្លួនចង់និយាយ ឬពីអ្នកដែលបានទទួលផលប្រយោជន៍ជាមួយអ្នកឈ្នះ ម្ល៉ោះហើយតោងនិយាយកាន់ជើង ទ្រ ជើងគ្នាទៅវិញទៅមកនោះទេ។ យើងបាននិយាយថា យួនមានផែនការវាតទី វាតទឹកដីយកប្រទេសក្នុងឥណ្ឌូចិន កម្ពុជា និង លាវ ជាអា ណានិគមទ្រង់ទ្រាយថ្មី (neo-colonies) ក្រោមកិច្ចត្រួតត្រារដ្ឋការកុម្មុយនិស្តក្រុងហាណូយ។ ទាំងអស់នោះជាភាសាចេញពីមេដឹកនាំស្នេហាជាតិខ្មែរតាំងពីសម័យមុន មកដល់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សេនាប្រមុខ លន់ នល់ ប៉ុល ពត លោក សឺន សាន ព្រមទាំងអ្នកនិពន្ធបស្ចិមប្រទេសមួយចំនួន។
រឿងជឿឬមិនជឿមិនមែនស្ថិតលើការយល់ ឃើញនៃបុគ្គលម្នាក់ៗទេ គឺស្ថិតនៅលើការព្យាយាមរៀន ការគិត ការយល់ដឹងនូវដើមហេតុការណ៍ពិតនីមួយៗក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិខ្មែរ។កាលសប្តាហ៍មុន យើងបានរំឭកថា តាមប្រពៃណី មេដឹក នាំយួនឧស្សាហ៍ក្រឡេកមើលប្រវត្តិសាស្រ្ត ដើម្បីរៀន សូត្រឆ្លុះបញ្ចាំងរកអ្វីត្រូវដើម្បីអនុវត្តតទៅមុខ ហើយរកអ្វីខុសដើម្បីកែ។ បើគេធ្វើអ្វីមួយមិនបានសម្រេច គេសញ្ជឹងរកមូលហេតុ រួចគេកែ គេច្នៃរកច្រកចេញ ជុំវិញអ្វីគេចង់ បាននោះ។
អ្នកដឹកនាំខ្មែរស្ទើរគ្រប់ជំនាន់បារម្ភណាស់នឹងមហិច្ឆិតាយួន វាមិនមែនដកសេចក្តីទុកចិត្តពីសម្តេចព្រះ ប្រមុខរដ្ឋ នរោត្តម សីហនុ ឆ្នាំ១៩៧០ ទើបទ័ពយួនចូលពេញស្រុកនោះទេ។ អ្នកដឹកនាំយួនរង់ចាំតែឱកាសល្អ ដូចខ្លាពួនចាំស៊ីឈ្លូសអញ្ចឹង មិនខុស ប្លែកពីយួនឆក់ឱ កាសវាយលុកស្រុកខ្មែរឆ្នាំ១៩៧៨−១៩៧៩ ពេលមានការសម្លាប់មនុស្សសម័យខ្មែរក្រហមនោះទេ។ តាមបរិយាយរបស់អ្នកនិពន្ធជនជាតិអៀកឡង់ដ៍ James Patrick Honey បើស្ថានការណ៍ បើ មានកត្តាអ្វីរារាំងឲ្យបង្កើត សហព័ន្ធ federation មិនទាន់បាន មាន សហព័ន្ធឥណ្ឌូចិន ជាដើម គេអាចបង្កើតចង្កោមរដ្ឋ អាចហៅថា សមសហព័ន្ធ confederation។
សមសហព័ន្ធ នាំទៅរកកិច្ចសហប្រតិបត្តិការក្នុងបណ្តាសហគមន៍ជាប់ទាក់ទងនឹងម្ចាស់ដែនដីរៀងខ្លួនដោយស្របច្បាប់។ ឧទាហរណ៍ជាក់ ស្តែង គឺការធ្វើសមាហរណកម្មសហគមន៍អាស៊ាន ជាពិ សេស សមាហរណកម្មសហគមន៍នៃប្រទេសបីមុនគេ គឺ យៀកណាម កម្ពុជា និង លាវ។ សំបកក្រៅ គេ មើលទៅឃើញថា ជាសមាជិកអាស៊ានដូចគ្នា ប្រស្រ័យទាក់ទងគ្នា រកស៊ីជាមួយគ្នា ធ្វើទេស ចរណ៍ទៅវិញទៅមកធម្មតាជាប្រទេសជាប់ខាងគ្នា។ ប៉ុន្តែ ផ្ទៃក្នុងវាជារឿងផ្សេង។ គេហៅជាអ្វីក៏បានដែរ ឲ្យតែបានសម្រេចគោលដៅ ប្រ យោជន៍រួមកំពូលរបស់គេ។
អ្នកប្រាជ្ញជាច្រើនប្រដៅថា មិនដឹងរឿងអតីតកាល ប្រៀបបាននឹងងងឹតមួយចំហៀង ហើយប្រវេប្រវាក្នុងបច្ចុប្បន្ន តម្រង់ទិសមិនចំទៅអនាគត។ ង្វៀង អៃគួក ឬ ហូ ជីមិញ រកសមាជិកមិនបានច្រើនទេនៅតំបន់តុងក័ង លើកលែង តែតំបន់ភ្នំក្នុងខេត្ត ង៉ែអាន ភាគខាងជើង ក្នុងឆ្នាំ១៩៣៥។នៅក្រុងហាណូយ មានសមាជិកបក្ស កុម្មុយនិស្តឥណ្ឌូចិន តែ៣០នាក់ប៉ុណ្ណោះ ប៉ុន្តែ ហូ ជីមិញ រើសសមាជិកនៅស្រុកខ្មែរ និង ស្រុកលាវ។
តាមសៀវភៅបណ្ឌិត StephenMorris កិច្ចប្រជុំមួយរវាងអ្នកដឹកនាំចលនាវៀតមិញនិងចលនា ខ្មែរឥស្សរៈ ខែមេសា១៩៥០គេប្រសិទ្ធិនាមថាជា សមាជជាតិទី១ នៃចលនាតស៊ូខ្មែរ ហើយក៏បង្កើតជា រណសិរ្សរួបរួមខ្មែរឥស្សរៈ ព្រមទាំង គណៈកម្មាធិការកណ្តាលបណ្តោះអាសន្ននៃការរំដោះប្រជាជនកម្ពុជាដឹកនាំដោយ សឺង ង៉ុកមិញ តំណាងបក្ស កុម្មុយនិស្តឥណ្ឌូចិន និង សមាជិកបក្សឯទៀត។ កិច្ចប្រឹងប្រែងរបស់អ្នកដឹកនាំយួនដើម្បីរៀបចំជាអង្គការ គឺធ្វើយ៉ាងណាបង្កលក្ខណៈឲ្យមានបក្សខ្មែរមួយស្ថិតក្រោមការត្រួតត្រារបស់យួន។ ខែកុម្ភៈ ១៩៥១ បក្ស កុម្មុយនិស្តឥណ្ឌូចិនដូរឈ្មោះជាបក្ស ពលករវៀតណាម យួនហៅថា ដាង ឡាវដុង វៀតណាម (Dang Lao DongViet Nam) ឬហៅខ្លីថា ឡាវ ដុង។
បក្សថ្មីនេះ ប្រកាសថាមិនគ្រប់គ្រងចលនាបដិវត្តន៍ឥណ្ឌូចិនទាំងអស់ទេ ប៉ុន្តែ ជាមួយគ្នានោះ ក៏ប្រកាសបង្កើតបក្ស ភារតភាពពីរ គឺ៖ បក្ស លាវឯករាជ្យ ដែលមានសុទ្ធជនជាតិយួនធ្វើការ ហើយនិងបក្ស ប្រជាជនបដិវត្តន៍កម្ពុជា។អ្នកនិពន្ធBernard Fall សរសេរថា៖ បក្សខាងខ្មែរនេះ មិនត្រឹមតែបង្កើតឡើងដោយបក្ស ពលករវៀតណាម ប៉ុណ្ណោះទេ ឈ្មោះបក្ស និង លក្ខន្តិកៈបក្ស ត្រូវបកប្រែពីភាសាយួនមកជាភាសាខ្មែរហើយជាតិសាសន៍យួនគ្រប់គ្រងថ្នាក់ ដឹកនាំខាងលើរបស់បក្សទៀតផង។
ទោះជាយ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ពីប្រ ភពស៊ើបការណ៍សម្ងាត់បារាំង មកទល់ខែសីហា ១៩៥១ យួនអនុញ្ញាតឲ្យជនជាតិខ្មែរតិចតួចប៉ុណ្ណោះចូលក្នុងបក្សនោះ។ បើតាមការផ្សាយសម្ងាត់អំពីប្រវត្តិបក្ស កុម្មុយនិស្តកម្ពុជា នៅអំឡុងទសវត្ស១៩៧០ បញ្ជាក់ថានៅឆ្នាំ១៩៥១ មានកម្មាភិបាលខ្មែរអប់រំហ្វឹកហ្វឺនដោយបក្ស កុម្មុយនិស្តឥណ្ឌូចិន ប្រមាណ៤០នាក់ ១០នាក់អប់រំ ហ្វឺនហ្វឺនដោយបក្ស កុម្មុយនិស្តបារាំង។ អ្នកដឹកនាំយួនមានបញ្ហាក្នុងការរើស និង ហ្វឹកហ្វឺនក្របខណ្ខខ្មែរ ព្រោះថា បេក្ខជនខ្មែរបង្ហាញខ្លួនថា ខ្លួនមិនយល់អ្វី មិនរំភើប គ្មានអារម្មណ៍ចង់ធ្វើការងារ និង អត់កាន់វិន័យ។ ទោះជាយ៉ាងនេះក្តី អ្នកដឹកនាំវៀតមិញ នៅតែបន្តរើសខ្មែរ បញ្ជូនទៅរៀននៅយៀក ណាមខាងត្បូង។ ដល់ខែមិថុនា ១៩៥២ ទើបអ្នកដឹកនាំយៀកមិញសម្រេចបង្កើតតំបន់ ហើយតំបន់នីមួយៗ មាសាលានយោបាយ − យោធា ដឹកនាំដោយយួនទាំងអស់ និងមានគណៈកម្មាធិ ការទីប្រឹក្សាយួន ឬហៅថា ជំនាញការយួន។
សកម្មភាពរើសខ្មែរចូលចលនាវៀតមិញ នៅតែជួបការលំបាក ហើយបើតាមការវិភាគរបស់ក្រុមស៊ើបការណ៍បារាំង ខែ មីនា ១៩៥២ ក្រោយចាប់ឯកសារ និង ឈ្លប យៀកមិញ បាន លេខាធិការដ្ឋានស្នូល ឬ ការិយាល័យផ្នែកនៅភ្នំ ពេញ មានបុគ្គលិក ៣៤នាក់ ក្នុងនោះ ជនជាតិយួន ២៧ នាក់ ចិន ៣នាក់ ខ្មែរ ៤នាក់។ ឆ្នាំ១៩៥៤ ថ្ងៃ២០ កក្កដា សន្និសីទក្រុងហ្សឺណែវ តម្រូវឲ្យកងទ័ពយួនដកចេញឲ្យ អស់ពីទឹកដីខ្មែរ។មុននោះ គឺដើមខែមិថុនា សឺង ង៉ុកមិញ តំណាងឲ្យចលនាវៀតមិញ និង ជាមេ រណសិរ្សរួប រួមខ្មែរឥស្សរៈ ទាមទារចូលប្រជុំក្នុងសន្និសីទហ្សឺណែវ ដោយហេតុថា ខ្លួនមានទ័ព ៣,៥០០នាក់ ហើយកាន់កាប់ទឹកដីខ្មែរ១ភាគ៣ថែម ទៀត។ ចិន មិនព្រម មិនទទួលស្គាល់សំណើនោះ រីឯ ស.រ.អា ក៏មិនព្រមចូលរួមចុះហត្ថលេខាលើកិច្ចព្រម ព្រៀងក្រុងហ្សឺណែវ។
ពេលយួនដកទ័ពនាពាក់កណ្តាលខែតុលា ១៩៥៤ ខ្មែរនិយមហាណូយនៃចលនា វៀតមិញ យ៉ាង តិច ៥ពាន់នាក់ ទាំងកម្មាភិបាលយោធា ទាំងស៊ីវិល រួមទាំងសមាជិកគ្រួសារផង សុខចិត្តទៅរស់នៅឯយៀក ណាមខាងជើង។ នេះហៅថា ខ្មែរវៀតមិញ។អ្នកមិនព្រមទៅតាម យួនវៀតមិញ បន្តរស់នៅស្រុកកំណើត រង់ចាំចូលរួមបោះឆ្នោតឆ្នាំ១៩៥៥ ក្នុងគណបក្សឈ្មោះ ប្រជា ជន ដែលដើរតួក្រោយវាំងននជំនួសមុខសមាជិកបក្ស ប្រជាជនបដិវត្តន៍ខ្មែរ។ កំឡុងពេលជនជាតិខ្មែរ ទាំងក្រុមនិយមស្តាំ ទាំងក្រុមនិ យមឆ្វេង រវល់រឿងយកឈ្នះចាញ់ ចង់ឈ្នះឆ្នោត ចង់ធ្វើ មេដឹកនាំប្រទេស យួនធ្វើផ្លូវលំ ហូ ជីមិញ ឆ្នាំ១៩៦០ នៅភាគខាងកើតព្រះរាជាណាចក្រ កម្ពុជា ដោយមានទាហានទ័ពព្រៃយៀកកុងប្រមាណ ៨ពាន់នាក់ បោះទីតាំងអចិន្រ្តៃយ៍ត្រៀមធ្វើសកម្មភាពរំដោះជាតិថ្ងៃទី២០ ធ្នូ ១៩៦០។
វៀតកុង ឬ យៀកកុង ជាទ័ពព្រៃកុម្មុយនិស្តនៅយៀកណាមខាងត្បូង ដែលទ្រទ្រង់ ផ្គត់ផ្គង់ដោយកុម្មុយ និស្តយួនខាងជើង។ វៀតកុង មកពីពាក្យដើមថា វៀត ណាម កុងសាន (Viet Nam Cong San) ប្រែថា យួនកុម្មុយ និស្ត ប៉ុន្តែ គេហៅជាផ្លូវការថា កងទ័ពរំដោះយៀកណាមខាងត្បូង (Liberation Army of South Vietnam) ឬ រណសិរ្សរំដោះ ជាតិយៀកណាមខាងត្បូង (the National Liberation Front for South Vietnam) ដែលភាសាយួនហៅថា (NLFSV: Mặt trận Dân tộc Giải phóng miền Nam Việt Nam)។
ខ្មែរព្រួយបារម្ភនឹងមហិច្ឆិតាយួនជាប់រហូតពីសតវត្សទី ១៩មក។ នៅខែមករា ១៩៦៣ សម្តេចព្រះប្រមុខរដ្ឋ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទ្រង់លិខិតថា៖ “មិនថាអ្នកនោះឈ្មោះ យ៉ាង ឡុង ហូ ជីមិញ ឬ ង៉ោ ឌិញឌៀម ទេ គ្មានយួនណាម្នាក់ដេកលក់សុខសាន្តឡើយ ទាល់តែគេរុញប្រទេសកម្ពុជាឲ្យធ្លាក់ក្នុងភាពវិនាសសាបសូន្យ ដោយធ្វើឲ្យឆ្លងកាត់ មុនដំបូងដំណាក់កាលទាសភាព”។ ប្រមាណជិត២០ឆ្នាំក្រោយមក ព្រះអង្គមានបន្ទូលទៀតថា៖ “អ្នកជិតខាងរបស់យើងនៅខាងកើត ក្នុងអំឡុងសត វត្សកន្លងទៅ បានត្របាក់លេបយកដែនដី ដែលធ្លាប់ជារបស់ខ្មែរ ហើយយកធ្វើជាអាណានិគម ទុកឲ្យប្រជាពល រដ្ឋក្នុងស្រុកនោះតែជម្រើសពីរ រវាងការអោនក្បាលឲ្យគេត្រួត ឬ រត់ចាកចេញពីស្រុកតែប៉ុណ្ណោះ”។ ព្រះអង្គបន្តថា៖ “អ្នកជិតខាងនោះ មិនថា ក្រហម ឬ ខៀវ ទេ គ្រោះថ្នាក់ណាស់ បើមិនប្រុងប្រយ័ត្នទេនោះ’’។
ពលរដ្ឋខ្មែរជាច្រើនមានស្វាមីភក្តិចំពោះសម្តេចព្រះប្រ មុខរដ្ឋ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ហើយតែងតែយល់ថា ព្រះអង្គស្នេហាជាតិ មាតុភូមិរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គហាក់ដូចជាមានបន្ទូលមិនឈ្នះទីប្រឹក្សារបស់ព្រះ អង្គផ្ទាល់ បរទេស បារាំង ចិន យួន ព្រោះថារៀង រាល់សម័យកាលព្រះអង្គមានបន្ទូលផ្សេង ព្រះអង្គសម្រេចព្រះទ័យដឹកនាំនយោបាយជាក់ស្តែងផ្សេង រហូតដល់លុះក្រោមឥទ្ធិពលកុម្មុយនិស្ត ពីពាក់កណ្តាលទសវត្ស១៩៦០ ដល់១៩៧០ ពេលប្រកាសថា ព្រះអង្គអព្យាក្រឹត។
ព្រះអង្គបារម្ភថាយួនមានមនុស្សច្រើន ឯខ្មែរមានមនុស្សតិច ដូច្នេះ ដឹកនាំនយោបាយ ញញើតញញើម ស្ទាក់ស្ទើរ មិនហ៊ានប្រកាន់ជំហរខាងលោកសេរី។ មុនឯករាជ្យ លោក ឈាន វ៉ម ដែលហ្លួងបញ្ជូនទៅចរចារឿងដែនដីកូស័ងស៊ីនជាមួយបារាំង ជានាយករដ្ឋមន្រ្តីខ្មែរ ឆ្នាំ ១៩៤៧ ហៅព្រះមហាក្សត្រ នរោត្តម សីហនុ គ្រានោះថា ព្រះអង្គ ជាមនុស្សញ៉ាក។ សប្តាហ៍ក្រោយសូមជូនភាគទី៦ អំពីផ្នត់គំនិតអ្នកដឹកនាំយួនចំពោះជនជាតិខ្មែរ និង ពិនិត្យមើលឯកសារពីអតីត សហភាពសូវៀត៕