30 C
Phnom Penh

មន្ត្រី​រាជការ​ស្នើ ACU ចុះ​ស្រាវជ្រាវ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ ដែល​កិបកេង​ថវិកាជាតិ​ពី​ការទិញ​ថ្នាំ​សំ​លាប់​សត្វល្អិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រុម​មន្ត្រី​រាជការ​ដែល​បម្រើការ​ងារ​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ បាន​ចោទ​លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ខេត្ត​នេះ បាន​ប្រើ​ល្បិច​កបន្លំយក​ថវិកាជាតិ ទិញថ្នាំ​សម្លាប់សត្វ​ល្អិត និង​បំពង់​បាញ់ថ្នាំ ក្នុង​មួយ​ឆ្នាំ​ៗ ជិត៣០០លាន​រៀល ទៅ​ចាយ​យ៉ាង​រំភើយ។

ពួក​គេ​និយាយ​ថា លោក នេន ចំរើន បាន​ធ្វើ​របាយការណ៍​ខ្យល់​មួយចំនួន​ធំ ដើម្បី​កុហក​ក្រុម​សវនកម្ម និង​ក្រុម​អធិការកិច្ច ដែល​នាំឲ្យមាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពីសំណាក់​មន្ត្រី​រាជការ​ក្រោម​ឱវាទ របស់​ខ្លួន និង​មហាជន ក្រោយ​រឿង​នេះ បែកធ្លាយ​កាលពី​ពេល​ថ្មី​ៗនេះ។ សា​ព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ថា កាលពី​ឆ្នាំ២០១៩កន្លងទៅ​ថា ក្រោយពី លោក នេន ចំរើន បាន​ប្រើប្រាស់​ខ្ទង់ចំណាយ​ជាង​កន្លះ​ឆ្នាំ បុរស​រូប​នេះ​បាន​ប្រើ​ល្បិច​ឆ្ពិនភ្នែក តាមរយៈ​ការទិញ​ថ្នាំ​សម្លាប់សត្វ​ល្អិត និង​បំពង់​បាញ់ថ្នាំ​ប្រភេទ​អ៊ី​ណុ​ក ដើម្បី​ផ្តល់​ជូន​កសិករ​ស់​នៅ​ស្រុក​ព្រៃនប់ ក្នុង​តម្លៃ​ជិត ៣០០លាន​រៀល ឬស្មើ ៧ពាន់៥រយ ដុល្លារ​សហរដ្ឋអាមេរិក ប៉ុន្តែ​ជាក់ស្តែង​ឈ្មោះ​កសិករ ដែល​ទទួល​បាន​ថ្នាំ​សម្លាប់សត្វ​ល្អិត និង​បំពង់​បាញ់ថ្នាំ​ប្រភេទ​ដែក​អ៊ី​ណុ​ក ពិតប្រាកដ​មាន​ចំនួន​តិចតួច​បំផុត។

ផ្ទុយទៅវិញ គេ​ឃើញ​មានឈ្មោះ​ខ្យល់​ច្រើន ជាង​ឈ្មោះ​ពិត។ ហើយ​ថា ថវិកា ជាតិ ដែល​សេសសល់ គឺ​ត្រូវ​បាន លោក នេន ចំរើន និង​បក្ខ​ពួក យក​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ។ ប្រភព​ដដែល​បន្ត​ថា សម្រាប់​ឆ្នាំ២០២០នេះ លោក នេន ចំរើន ក៏បាន​បន្ត​ប្រើ​ល្បិច​ដែល​ៗ តាមរយៈ​រូបភាព​ទិញថ្នាំ​សម្លាប់សត្វ​ល្អិត ដើម្បី​ផ្ដល់​ជូន​កសិករ និង​ចំណាយ​ថវិកាជាតិ​ខ្ទង់ ២៨០លាន​រៀល ឬស្មើ ៧ពាន់ ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ទ្រទ្រង់​កសិករ នៅ​ស្រុក​ព្រៃនប់។

ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ រួម​ជាមួយ មហាជន បាន​សំណូមពរ​ដល់ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ(ACU​) ជួយ​បើក​កា​រសើប​អង្កេត ទៅលើ​សកម្មភាព​ការងារ​របស់​លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ ដែល​បាន​បន្លំយក​ថវិកាជាតិ តាមរយៈ​ទិញថ្នាំ​សត្វល្អិត និង​បំពង់​បាញ់ថ្នាំ សម្រាប់​ចែក​ជូន​កសិករ ក្នុង​ឆ្នាំ​ៗឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ។ យ៉ាងនេះ​ក្តី The Cambodia Daily មិនទាន់​អាច​ទាក់ទង លោក នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ បាន​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស