ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមមានអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានជំរុញឲ្យអាជ្ញាធរកម្ពុជា ដោះលែងអ្នកជាប់ឃុំមួយចំនួនជាបន្ទាន់ក្នុងអំឡុងវិបត្តិកូវីដ១៩ តាមការសន្យារបស់ខ្លួន។ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេកាលពីថ្ងៃម្សិលមិញ អង្គការសិទ្ធិមនុស្សទាំងពីរសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ តាមរយៈការដោះលែងអ្នកជាប់ឃុំដែលត្រូវបានចោទប្រកាន់ពីបទល្មើសបែបអហិង្សា ក្នុងនោះមានអ្នកជាប់ឃុំដែលប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរីរុសកូវីដ១៩ និងអ្នកជាប់ឃុំដទៃទៀតដែលបានប្រព្រឹត្តបទល្មើសស្រាលៗ ក៏ដូចជាស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំងអ្នកជាប់ឃុំជាអនីតិជនផងដែរ ។
កាលពីខែឧសភា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ បានប្រកាសអំពី ការកែទម្រង់ជាច្រើននៃប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេស កម្ពុជា ក្នុងឱកាសឡើងកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមួយនេះ។កំណែទម្រង់ដែលលោកបានសន្យាទាំងនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងជាច្រើន ដែលមិនទាន់បានជំនុំជម្រះនៅតាមតុលាការនានា និងដោះស្រាយបញ្ហាចង្អៀតណែនខ្លាំងនៅក្នុងពន្ធនាគារ តាមរយៈការពង្រីកមធ្យោបាយផ្សេងទៀតក្រៅពីការឃុំឃាំងដូចជា ការដោះលែងឱ្យនៅក្រៅឃុំ និងការព្យួរទោសជាដើម ។
ដោយឡែកកាលពីខែឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសន្យាថា អ្នកជាប់ឃុំរហូតដល់១ម៉ឺននាក់(១០០០០) នឹងត្រូវដោះលែងនៅទូទាំងប្រទេស។ ការប្រកាសនោះ ដោយលោកលើកឡើងពីហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបច្ចុប្បន្ន កើតចេញពីភាពចង្អៀតណែនក្នុងពន្ធនាគារ ។អង្គការសិទ្ធិមនុស្សទាំងពីរលើកឡើងថា ទោះបីជាមានការប្រកាសក្នុងខែកក្កដានេះថា សំណុំរឿងជាង៣ពាន់ ៥រយករណី ដែលមិនទាន់បានជំនុំជម្រះទាំងអស់ ហើយដែលអាជ្ញាធរ គ្រោងនឹងអនុវត្តឱ្យបាន ក្នុងយុទ្ធនាការ៦ខែនេះដើម្បីជំនុំជម្រះឲ្យរួចរាល់ក្ដី ក៏រដ្ឋាភិបាលកម្ពុជា មិនទាន់បានបង្ហាញ ថាតើមានអ្នកជាប់ឃុំប៉ុន្មាននាក់ត្រូវបានដោះលែងពីពន្ធនាគារដែលមានភាពចង្អៀតណែនខ្លាំងនោះ។
ប្រភពដដែល ជំរុញឱ្យរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈនូវចំនួនអ្នកជាប់ឃុំដែលត្រូវបានដោះលែងក្នុងយុទ្ធនាការនេះ ក៏ដូចជាយន្តការផ្លូវច្បាប់ដែលត្រូវបានប្រើប្រាស់ក្នុងការដោះលែងអ្នកជាប់ឃុំទាំងនោះ។ បន្ថែមពីនេះពួកគេសង្ឃឹមថា អាជ្ញាធរនឹងអាចចាត់វិធានការជាបន្ទាន់ ដូចអ្វីដែលបានសន្យា ក្នុងការអនុវត្តកំណែទម្រង់ជាទ្រង់ ទ្រាយធំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធយុត្តិធម៌ និងពន្ធនាគារនៅកម្ពុជា។
នាយករងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃអង្គការលើកលែងទោសអន្តរជាតិ លោក Ming Yu Hah បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា “លក្ខខណ្ឌលំបាកខ្លាំងដែលអ្នកជាប់ឃុំត្រូវបានបង្ខំឱ្យស៊ូទ្រាំអត់ធ្មត់នៅក្នុងប្រទេសកម្ពុជា គឺជាអ្វីដែលកើតឡើងដោយមិនអាចប្រកែកបានទេ ។ លោកថា អាជ្ញាធរគួរតែអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិមួយនេះដោយគ្មានការពន្យារពេលបន្តទៀត” ។កាលពីខែមិថុនា អង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ បានផ្ញើរបាយការណ៍រួមគ្នាមួយ ទៅក្រុមការងារអង្គការសហប្រជាជាតិស្ដីពីការឃុំឃាំងដោយឥតច្បាប់ (WGAD) ដោយបានលើកឡើងពីការឃុំខ្លួនមិនត្រឹមត្រូវជាច្រើន ចំពោះអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ និងនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនក្នុងប្រទេសកម្ពុជា ។
សំណើនេះធ្វើឡើងដើម្បីបន្ថែមពីលើភស្តុតាងនៃអំពើទារុណកម្ម និងអំពើមិនគប្បីផ្សេងទៀត ក៏ដូចជាការរំលោភសិទ្ធិក្នុងការទទួលបានការជំនុំជម្រះស្មើភាពគ្នារបស់អ្នកជាប់ឃុំដែលសមត្ថភាពរបស់ពួកគាត់ត្រូវបានដកហូត ក្នុងបរិបទយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាស។យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលត្រូវបានប្រកាសកាលពីខែមករា ឆ្នាំ២០១៧ បាននាំឱ្យមានបន្ទុកធ្ងន់ធ្ងរបន្ថែមទៀតទៅលើប្រព័ន្ធពន្ធនាគារនៅក្នុងប្រទេសកម្ពុជា ដែលមានមនុស្សជាង៥ម៉ឺន ៥ពាន់នាក់(៥៥៧៧០) ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ក្នុងសភាពចង្អៀតណែនខ្លាំង និងគ្មានអនាម័យស្រាប់ទៅហើយ ។
របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់អង្គការលើកលែងទោសអន្តរជាតិបានបង្ហាញពី ការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធទាក់ទិននឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ក្នុងនោះ Amnesty International រកឃើញថាមានការរំលោភសិទ្ធិអ្នកជាប់ឃុំជាច្រើនដូចជា សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិមានសេរីភាពរួចផុតពីការធ្វើទារុណកម្ម ក៏ដូចជាអំពើមិនគប្បីផ្សេងទៀត ។ចាប់តាំងពីមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសបានកើនឡើងយ៉ាងគំហុករហូតដល់៧៨% នៅចន្លោះខែមករា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០២០ ។
សេចក្តីថ្លែងការដដែលឱ្យដឹងថា ការកើនឡើងចំនួនអ្នកជាប់ឃុំដ៏គួរឱ្យកត់សម្គាល់នេះ បានបង្កឱ្យមានភាពចង្អៀតណែនយ៉ាងខ្លាំង និងធ្វើឱ្យស្ថានភាពលំបាកនៅក្នុងពន្ធនាគារ កាន់តែមានភាពធ្ងន់ធ្ងរបន្ថែមទៀតសម្រាប់អ្នកជាប់ឃុំ រាប់ម៉ឺននាក់ ក្នុងនោះមានស្រ្តីជាប់ឃុំដែលមានកូនតូចនៅជាមួយ ព្រមទាំងស្រ្ដីមានផ្ទៃពោះ និងអនីតិជនផងដែរ ។នាយិកាអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក លើកឡើងថា “ប្រទេសជាច្រើននៅលើពិភពលោកបានឆ្លើយតបចំពោះការរីករាលដាលនៃវីរុសកូវីដ១៩ ដោយការដោះលែងមនុស្សជាច្រើនពីពន្ធនាគារ ជាពិសេសអ្នកដែលត្រូវបានចោទប្រកាន់ពីបទល្មើសបែបអហិង្សា ឬអ្នកជាប់ឃុំដែលត្រូវការសេវាថែទាំសុខភាពជាចាំបាច់” ។អ្នកនាងបន្តថា “ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាចង្អៀតណែន និងកាត់បន្ថយហានិភ័យការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការដោះលែងអ្នកជាប់ឃុំឱ្យនៅក្រៅឃុំ និងមធ្យោបាយផ្សេងទៀត នេះគឺជាពេលវេលាសមស្របហើយក្នុងការចាត់វិធានការ” ។
សេចក្តីថ្លែងការណ៍រួមដដែលបន្តថា គ្រប់ពន្ធនាគារដែលអង្គការលីកាដូបានឃ្លាំមើល កំពុងប្រឈមនឹងបញ្ហាចង្អៀតណែនយ៉ាងខ្លាំង។ អ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជា បានកើនឡើងពីចំនួនជាង២ម៉ឺននាក់(២១៩០០) នៅចុងឆ្នាំ២០១៦ រហូតដល់ចំនួនជិត៤ម៉ឺននាក់(៣៨៩៩០) ដោយគិតត្រឹមខែមីនា ឆ្នាំ២០២០។ ទោះបីជាពន្ធនាគារនៅកម្ពុជាត្រូវបានប៉ាន់ប្រមាណថា អាចផ្ទុកមនុស្សបានត្រឹមតែ ជាង២ម៉ឺន៦ពាន់នាក់(២៦៥៩៣)ក៏ដោយ ។
អង្គការទាំងពីរអះអាងថា ការកើនឡើងច្រើនហួសហេតុនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ដែលគួរតែអនុវត្តជាជម្រើសចុងក្រោយ ដោយផ្អែកតាមច្បាប់អន្តរជាតិ បានបង្កើតឱ្យមានប្រព័ន្ធនៃការឃុំខ្លួនធំសម្បើម ដែលជិត ៧៥%នៃអ្នកជាប់ឃុំទាំងនេះ មិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ ។ដោយឡែក ចំពោះក្មេងៗ និងស្ត្រីមានផ្ទៃពោះ ប្រឈមនឹងហានិភ័យ និងបញ្ហាយ៉ាងខ្លាំង ដោយសារកើនឡើងពីការឃុំឃាំងនេះ។
ចំនួនក្មេងតាមម្ដាយដែលកំពុងជាប់ឃុំក្នុងពន្ធនាគារបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីរាជរដ្ឋាភិបាលចាប់ផ្ដើមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនមក។ ការកើនឡើងនោះ គឺកើនពីចំនួន ៣០នាក់ នៅចុងឆ្នាំ២០១៥ រហូតដល់ ចំនួន១០១នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ សម្រាប់ពន្ធនាគារទាំងអស់ដែលអង្គការលីកាដូបានធ្វើការឃ្លាំមើលជាង១០នៅទូទាំងប្រទេសប៉ុណ្ណោះ ។ ក្មេងជាច្រើនទៀតដែលច្បាប់ហាមឃាត់មិនឱ្យនៅក្នុងពន្ធនាគារ នៅតែរកឃើញថាបានជាប់ឃុំជាមួយមនុស្សពេញវ័យ ហើយបញ្ហានេះជាការរំលោភកាតព្វកិច្ចសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ។បញ្ហាប្រឈមទាំងនេះ អង្គការលើកលែងទោសអន្តរជាតិ និងអង្គការលីកាដូ សម្ដែងការសោកស្ដាយចំពោះកង្វះយន្តការដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងនេះក្តី ពួកគេសង្ឃឹមថា រដ្ឋាភិបាលនឹងជំរុញការអនុវត្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលបានសន្យាដោយគ្មានការពន្យារពេលបន្តទៀត ដោយដោះលែងអ្នកជាប់ឃុំជាច្រើនដែលត្រូវបានចោទប្រកាន់ពីបទមជ្ឈិម ឬបទល្មើសបែបអហិង្សា ។លើសពីនេះផ្សព្វផ្សាយដោយតម្លាភាពអំពីដំណើរការនៃការអនុវត្តកំណែទម្រង់ដែលបានសន្យា។ ផ្ដល់អាទិភាពក្នុងការដោះលែងអ្នកជាប់ឃុំដែលប្រឈមនឹងហានិភ័យដូចជា មនុស្សចាស់ អ្នកជំងឺដែលត្រូវការសេវាថែទាំសុខភាពជាចាំបាច់ ស្ត្រីមានផ្ទៃពោះ ស្រ្តីដែលមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំជាអនីតិជនជាដើម៕