31 C
Phnom Penh

កងទ័ព​មួក​ខៀវ​កម្ពុជា៤នាក់ រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រសួងសុខាភិបាល អះអាង​ថា ទាហាន​ឬកងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​បាន​ទៅ​បំពេញបេសកកម្ម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​ចំនួន៤នាក់ បាន​រក​ឃើញថា ឆ្លង​ជំងឺ​កូ​វីដ១៩។ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃទី២៤ ខែកក្កដា​នេះ ក្រសួងសុខាភិបាល​បញ្ជាក់​ថា​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំង៤នាក់ ដែល​រក​ឃើញ​ផ្ទុក​ជំងឺ​កូ​វីដ១៩ នោះ ក្រោយពេល​ពួក​គេ​ទើបនឹង​ត្រឡប់​មក​ពី​ប្រទេស​ម៉ាលី​វិញ។

ក្រសួង​បន្ត​ថា​អ្នក​ឆ្លង​ជំងឺ​ទាំង៤នាក់​នេះ ស្ថិត​ក្នុងចំណោម​កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន៨០នាក់ ដែល​បាន​វិល​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃទី១០ ខែកក្កដា។ក្រសួង​បាន​បន្ថែម​ថា ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩លើ​ទាហាន​មួក​ខៀវ៤នាក់​នោះ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន ក្នុង​ការ​ធ្វើតេស្ត​ជា​លើក​ទី២កាលពី​ថ្ងៃទី២៣កក្កដា ខណៈ​ការ​ធ្វើតេស្ត​លើក​ទី១ កាលពី​ថ្ងៃទី១០ខែកក្កដា លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ទាំងអស់។

កងទ័ព​មួក​ខៀវ​ទាំង៤នាក់​ដែល​មាន​ជំងឺ​កូ​វីដ១៩ ត្រូវ​បាន​បែងចែក​ក្នុង​ការសម្រាក​ព្យាបាល ដោយ៣នាក់​ជា​បុរស​ត្រូវ​ស្នាក់នៅ មណ្ឌលសុខភាព​ចាក់​អង្រែ និង​ម្នាក់ទៀត​ជា​ស្រ្តី​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៤ ខែកក្កដា កម្ពុជា​រក​ឃើញ​ករណី​កូ​វីដ១៩សរុប​ចំនួន២០២នាក់​ហើយ ដោយ​ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន១៤២នាក់។

ចំណែក៦០នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល ដោយ៥៨នាក់​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង២នាក់​ទៀត​ដែល​ជា​ជនជាតិ​អាមេរិកាំង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស