28.4 C
Phnom Penh

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ព្រួយបារម្ភ​ខ្លាច​បាត់បង់ជីវិត ដោយ​ជំងឺ​គ្រុន​ឈី​ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ ឬអាណាព្យាបាល​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ កំពុង​ព្រួយបារម្ភ​អំពី​មេរោគ ឬជំងឺ​គ្រុន​ឈី​ក ដែល​កំពុង​រាតត្បាត នៅ​តាម​ឃុំ​-សង្កាត់​មួយចំនួន ក្នុង​មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ។ ពលរដ្ឋ​រស់នៅ​ក្រុង​កោះ​រ៉ុង និង​ស្រុក​ព្រៃនប់ បាន​សំណូមពរ​ដល់ លោកស្រី លឹម សា​មាន ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បញ្ចូន​ក្រុម​គ្រូពេទ្យ​ជំនាញ ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​នៃ​ការ​ផ្ទុះ​ជំងឺ​ចម្លែក ដែល​ពួក​គាត់​សង្ស័យ​ថា ជា​ជំងឺ​គ្រុន​ឈី​កនេះ ឲ្យបាន​ឆាប់ និង​ពន្យល់​អប់រំ​ពួក​គាត់ ឲ្យបាន​យល់ដឹង​អំពី​វិធី​ទប់ស្កាត់​ជំងឺ​ប្រភេទ​នេះ។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ជំនាញ​ផ្នែក​ជំងឺឆ្លង នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​តាមដាន​ការ វិវត្តន៍​អ្នកជំងឺ ដែល​មករ​កសេវា​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បីឲ្យ​បាកដ​ថា ពលរដ្ឋ​ទាំងនោះ​កើតជំងឺ​គ្រុន​ឈី​ក ឬជំងឺ​អ្វី​ផ្សេង​ឲ្យ​ពិតប្រាកដ។ គេហទំព័រ​សា​ព័ត៌មាន “កម្ពុជា​ថ្ងៃនេះ​” ឬ camday.news នៅ​ថ្ងៃ​ចន្ទ ទី២៧ ខែកក្កដា នេះ បាន​ស្រង់​សំដី មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះសីហនុ មក​ចុះផ្សាយ​ថា ករណី​ជំងឺគ្រុនឈាម កំពុង​រាតត្បាត​នៅ​តាម​មូលដ្ឋាន​ស្រុក និង​ក្រុង​មួយចំនួន នា​ខេត្ត​ព្រះសីហនុ មិន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដូច​ការ​ព្រួយបារម្ភ របស់​ពលរដ្ឋ​នោះ​ទេ។

យ៉ាងនេះ​ក្តី មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់ ពលរដ្ឋ ដែល​មានកូន​ចៅ​សាច់ញាតិ កើតរោគ​សញ្ញា​ដូចជា៖ ក្តៅ​ខ្លួន​ខ្លាំង​, ចេញ​កន្ទួល​រមាស់ និង​ឈឺសន្លាក់​ដៃជើង​ជាដើម ហើយ​សង្ស័យ​ថា ជា​ជំងឺ​គ្រុន​ឈី​ក សូម​នាំ​អ្នកជំងឺ មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​តាម​មណ្ឌលសុខភាព ឬមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ជាបន្ទាន់។

មន្ត្រី​មន្ទីរ​សុខាភិបាល បញ្ជាក់​ថា ចំពោះ​ការវិនិច្ឆ័យ​រក​ជំងឺ​គ្រុន​ឈី​ក គឺ​ទាល់តែ​គ្រូពេទ្យ​បូមឈាម ឬយក​សំណាក​អ្នកជំងឺ ទៅ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ឯរាជធានី​ភ្នំពេញ ទើប​ដឹង​រោគសញ្ញា​ជំងឺ​ប្រភេទ​គ្រុន​ឈី​កនេះ។មន្ត្រី​សុខាភិបាល​រូប​នេះ​បន្ត​ថា ជំងឺ​គ្រុន​ឈី​កនេះ​មិន​បណ្តាល​ឲ្យ​អ្នកជំងឺ​រងគ្រោះ​ដល់អាយុ​ជីវិ​តភ្លាម​ៗ ដូច​ជំងឺគ្រុនឈាម ឬជំងឺឆ្លង​ផ្សេងទៀត​ទេ ដោយ​គ្រាន់តែ​ប៉ះពាល់​មក​លើ​សុខភាព​អ្នកជំងឺ និង​ខាតបង់​ពេលវេលា ដែល​ចាំបាច់​ទាមទារ​ឲ្យ​ពលរដ្ឋ​ទាំង​ក្មេង​ចាស់ ត្រូវ​ចូលរួម​រក្សា អនាម័យ និង​លុបបំបាត់​ជម្រក​មូស​ខ្លា នៅ​ក្បែរ​ផ្ទះ​រៀង​ៗខ្លួន​ឲ្យអស់ ព្រោះ​មូស​ខ្លា ជា​ប្រភព​នាំឲ្យ​ពលរដ្ឋ​កើតជំងឺ​គ្រុន​ឈី​កនេះ។

សា​ព័ត​មាន​ក្នុង​ស្រុក​បាន​ដកស្រង់​សម្តី​លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ចុះផ្សាយ​ថា មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ បាន​ទទួល​អ្នកជំងឺ​ចំនួន១៤នាក់ រស់នៅ​ក្រុង​កោះ​រ៉ុង ដោយ​ពួក​គាត់​មាន​អកា​រៈ​ក្តៅ​ខ្លួន និង​ចេញ​កន្ទួល ក្រហម​ជាដើម បាន​មករ​កសេវា​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។

លោក​វេជ្ជបណ្ឌិត សេង ណុង បន្ត​ថា ពេលនេះ​អ្នកជំងឺ​ទាំង១៤នាក់​នោះ ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល បូមឈាម​បញ្ចូន​ទៅ​ពិសោធន៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រួចហើយ ដើម្បីឲ្យ​ប្រាកដ​ថា អ្នកជំងឺ​ទាំងនោះ​កើតជំងឺ​គ្រុន​ឈី​ក ឬជំងឺ​អ្វី​ផ្សេង ឲ្យ​ពិតប្រាកដ។យ៉ាងណាក៏ដោយ​ចុះ លោក​វេជ្ជបណ្ឌិត សេង ណុង បញ្ជាក់​ថា អ្នកជំងឺ​ទាំង១៤នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ខាងលើ​នេះ មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស