38.1 C
Phnom Penh

កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូ​នេ​ស៊ី ក្រោយ​រក​ឃើញ​អ្នកដំណើរ​ឆ្លង​ជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង ឥណ្ឌូ​នេ​ស៊ី ចូល​មក​កម្ពុជា​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី១ខែសីហា ក្រោយពេល​រក​ឃើញ​អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​នេះ​ឆ្លង​ជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់។

រដ្ឋាភិបាល​អះអាង​ថា ការសម្រេច​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ទាំងពីរ​នេះ​ជាថ្មី​ទៀត គឺ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​កាលពី​ថ្ងៃសៅរ៍ បញ្ជាក់​ថា​ចាប់ ពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់​ថ្ងៃទី២៥ ខែកក្កដា ក្រសួង​សង្កេតឃើញ​ថា​អ្នកធ្វើ​ដំណើរ តាម​ជើងហោះហើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូ​នេ​ស៊ី មួយចំនួន​ឆ្លង​ជំងឺ​កូ​វីដ១៩ កើនឡើង គួរឲ្យ​កត់សម្គាល់។ក្រសួង​បន្ត​ថា ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ មាន១០៨នាក់ ក្នុង​នោះ​ភាគច្រើន ធ្វើដំណើរ តាម​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូ​នេ​ស៊ី។

ការសម្រេច​ផ្អាក​ជា​ជើងហោះហើរ​ជា​បណ្តោះអាសន្ន​នេះ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​យល់ព្រម​តាមរយៈ​សំណើ​ររបស់​ក្រសួងសុខាភិបាល ដែល​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន កាលពី​សប្តាហ៍​មុន។ក្រសួងសុខាភិបាល​នៅ​ថ្ងៃច័ន្ទ​នេះ ប្រកាស​ថា​កម្ពុជា​រក​ឃើញ​អ្នកមាន​ជំងឺ​កូ​វីដ១៩សរុប​មាន​ចំនួន២២៥នាក់ ដោយ​នៅក្នុង​នោះ​អ្នកព្យាបាល​ឱ្យ​សះស្បើយ​ចំនួន១៤៧នាក់ ហើយ​នៅសល់​អ្នកជំងឺ៧៤នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ពីរ​នាក់​ទៀត​ជា​ជនជាតិ​អាមេរិកាំង​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។

ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា បើ​ទោះបីជា​ប្រទេស​កម្ពុជា មិនទាន់​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ក៏ដោយ ប៉ុន្តែ​ការ​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ លើ​អ្នកធ្វើ​ដំណើរ​ជាបន្តបន្ទាប់​កន្លងមក​នេះ បាន​មក​ពញ្ញាក់​ស្មារតី​បុគ្គល​គ្រប់រូប​កុំឱ្យ​ភ្លេចខ្លួន។ បញ្ហា​នេះ​បង្ហាញថា ការ​ចម្លង​វីរុស​កូ​វីដ​-១៩ នៅតែ​មាននៅ​ឡើយ និង​នៅតែ​ជា​ហានិភ័យ​សម្រាប់​មនុស្ស​គ្រប់រូប​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស