រដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកជើងហោះហើរពីប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ចូលមកកម្ពុជាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ខែសីហា ក្រោយពេលរកឃើញអ្នកធ្វើដំណើរមកពីប្រទេសនេះឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។
រដ្ឋាភិបាលអះអាងថា ការសម្រេចផ្អាកជើងហោះហើរពីប្រទេសទាំងពីរនេះជាថ្មីទៀត គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃសៅរ៍ បញ្ជាក់ថាចាប់ ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសង្កេតឃើញថាអ្នកធ្វើដំណើរ តាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួយចំនួនឆ្លងជំងឺកូវីដ១៩ កើនឡើង គួរឲ្យកត់សម្គាល់។ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើន ធ្វើដំណើរ តាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
ការសម្រេចផ្អាកជាជើងហោះហើរជាបណ្តោះអាសន្ននេះ បន្ទាប់ពីប្រមុខរដ្ឋាភិបាលយល់ព្រមតាមរយៈសំណើររបស់ក្រសួងសុខាភិបាល ដែលបានស្នើទៅលោក ហ៊ុន សែន កាលពីសប្តាហ៍មុន។ក្រសួងសុខាភិបាលនៅថ្ងៃច័ន្ទនេះ ប្រកាសថាកម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩សរុបមានចំនួន២២៥នាក់ ដោយនៅក្នុងនោះអ្នកព្យាបាលឱ្យសះស្បើយចំនួន១៤៧នាក់ ហើយនៅសល់អ្នកជំងឺ៧៤នាក់ទៀតដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងពីរនាក់ទៀតជាជនជាតិអាមេរិកាំងដែលកំពុងសម្រាកព្យាបាលនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បើទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ប៉ុន្តែការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើអ្នកធ្វើដំណើរជាបន្តបន្ទាប់កន្លងមកនេះ បានមកពញ្ញាក់ស្មារតីបុគ្គលគ្រប់រូបកុំឱ្យភ្លេចខ្លួន។ បញ្ហានេះបង្ហាញថា ការចម្លងវីរុសកូវីដ-១៩ នៅតែមាននៅឡើយ និងនៅតែជាហានិភ័យសម្រាប់មនុស្សគ្រប់រូប៕