33 C
Phnom Penh

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​បឹងទំពុន​ឬបឹង​ជើងឯក ដើម្បី​បញ្ចៀស​ការរំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​បរិស្ថាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ដោយ​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​បរិស្ថាន​នៅតែ​កើតមានឡើង នៅពេល​មានការ​អភិវឌ្ឍន៍​របស់​ឯកជន។របាយការណ៍​ថ្មីនេះ ក្រុម​សង្គម​ស៊ីវិល​ក៏បាន​ស្នើ​ទៅ លោក ហ៊ុន សែន ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹងទំពុន ឬបឹង​ជើងឯក ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង១លាន​នាក់ ដោយ​ការ​ជន​លិច​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុងភ្នំពេញ និង​ជាង១ពាន់​គ្រួសារ​ទៀត​ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​គម្រោង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន​នៅ​តំបន់​នេះ ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទៀតផង។នេះ​ជា​ការ​លើកឡើង​ក្នុង​របាយការណ៍​ដែល​ធ្វើ​រួមគ្នា​របស់ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ (LICADHO​) បណ្តាញ យុវជន​កម្ពុជា (CYN​) អង្គការ​សមធម៌​កម្ពុជា (EC​) និង​អង្គការ​សមាគម​ធាងត្នោត (STT​) ក្នុង​របាយការណ៍​ថ្មី​របស់​ពួក​គេ​នៅ​ថ្ងៃទី២៧ ខែកក្កដា​នេះ។

ប្រភព​ដដែល​បន្ត​ថា ពលរដ្ឋ​ជាង​មួយ​លាន​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​នូវ​ទឹកជំនន់ និង​មាន​មនុស្ស​ជាង​មួយ​ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ការបាត់បង់​ប្រាក់ចំណូល និង​អសន្តិសុខ​ស្បៀង ខណៈ​ដែល​គម្រោង​អភវិ​ឌ្ឍ​ន៍ អាយ អិន ជី ស៊ី​ធី (ING City​) និង គម្រោ​ងផ្សេង​ៗទៀត​បាន និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹងទំពុន ឬជើងឯក​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង រាជធានី​ភ្នំពេញ។

របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​ចំណងជើង​ថា ការបាត់បង់​បឹងទំពុន៖ ការ​វាយ តម្លៃ​ហេតុ ប៉ះពាល់​សង្គម និង​សិទ្ធិមនុស្ស​ពី​ការ​បំផ្លិច​បំផ្លាញ​តំបន់​បឹងទំពុន ឬជើងឯក បាន​រក​ឃើញថា​ប្រជាជន​កម្ពុជា រាប់​លាន​នាក់​ទំនងជា​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​បឹងទំពុន ឬជើងឯក ដោយ ក្រុមហ៊ុន អាយ អិន ជី ហូល​ឌីង (ING Holdings​) និង​សាជីវកម្ម​ឯក​ជន​ផ្សេង​ៗទៀត រួមមាន​ក្រុមហ៊ុន ជីប​ម៉ុង អ៊ី​អន​ម៉ល អ័រ​គី​ដេ​វីឡា និង​បុរី​ប៉េង​ហួត។ល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ វិ​ស័យ​សិ​ទិ្ធ​មនុស្ស និង​បរិស្ថាន​បាន​ស្ទង់មតិ​ជាមួយនឹង​ប្រជាពលរដ្ឋ​ចំនួន ៤៦៩ គ្រួសារ ដែល​កំពុង​រស់នៅ ឬប្រើប្រាស់​តំបន់​បឹង​នេះ និង​ទន្លេ។ជា​លទ្ធផល របាយការណ៍​បង្ហាញ​ពី​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ក្នុង តំបន់​បឹងទំពុន ឬបឹង​ជើងឯក ក្នុង​ផ្ទៃក្រឡា​ប្រមាណ១ពាន់៥រយ​ហិ​កតា​(១.៥០០​) ដែល​កំពុងតែ​ជួយ​ទ្រទ្រង់​ដល់​ជីវភាពរស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការគ្រប់គ្រង​កាកសំណល់ និង​ការពារ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ។

លើស​ពីនេះ ផ្ទៃ​តំបន់​បឹងទំពុន ឬបឹង​ជើងឯក​ដែល​ធ្លាប់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដោយសារ​ស្របតាម​លក្ខណៈ​វិនិច្ឆ័យ​ដែល​ត្រូវ​ចាត់ទុកថា​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ឥឡូវ​ត្រូវ​បាន​គេ​កាត់ និង​បែងចែក​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា ដោយសារតែ​មាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៅចន្លោះ ឆ្នាំ២០១៧ និង​ឆ្នាំ២០១៩។ជា​លទ្ធផល ផ្ទៃ​តំបន់​បឹងទំពុន ឬជើងឯក​ដែល​ពីមុន​មាន​ទំហំ​យ៉ាងហោចណាស់ ១ពាន់ ៥រយ ហិ​កតា ប៉ុន្តែ​ឥឡូវនេះ​គ្រោង​នឹង​ត្រូវ​កាត់​មក​នៅ​ត្រឹម​ទំហំ ១០៧ ហិ​កតា​តែប៉ុណ្ណោះ។

គម្រោង​អភិវឌ្ឍ​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទីក្រុង​និង​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ត្បិត​ពលរដ្ឋ​ជាច្រើន​ត្រូវ​រង​ការ​បណ្តេញ​ចេញ បាត់បង់​ប្រាក់ចំណូល និង​ប្រឈម​បំណុល​ជាដើម។នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​លោក សឿង សា​រ៉ន លើកឡើង​ក្នុង​របាយការណ៍​នោះ​ថា រដ្ឋាភិបាល​មានការ​ទទួលខុសត្រូវ​ក្នុង​ការធានា​ការពារ​ប្រជាជន​ពី​ការរំលោភ​សិទ្ធិមនុស្ស។ របាយការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​បង្ហាញ​ពី​ហានិភ័យ​នានា​ទាក់ទង​នឹង​សិទ្ធិមនុស្ស ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​អាច​ចាត់វិធានការ​ដែល​សមស្រប​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។”

តំបន់​បឹងទំពុន ឬបឹង​ជើងឯក​ជាង ៩០​% នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ហើយ​ទន្លេបាសាក់ និង​ទន្លេមេគង្គ​ក៏​នឹង​ត្រូវ​បាន​បំពុល​ដោយសារ​ការ​អភិវឌ្ឍ​ទាំងនេះ​ផង​ដែរ។របាយការណ៍​ថ្មីនេះ​រក​ឃើញថា បច្ចុប្បន្ន​ដំណាំ​ដែល​ដាំ​នៅ​លើ​ផ្ទៃ​បឹង បាន​ធ្វើ​ព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដែល​ហូរចេញ​ពី​រាជធានី​ភ្នំពេញ មុន​ពេល​វា​ហូរចេញ​ពី​បឹង​នេះ​ចូល​ទៅ​ក្នុង​ទន្លេបាសាក់។

ប្រសិនបើ​បឹង​ត្រូវ​បាន​បាត់បង់ ទឹក​កខ្វក់​នឹង​ហូរ​ចូលទន្លេ​បាសាក់ ឬទន្លេមេគង្គ ឬទន្លេ​ទាំងពីរ​ដោយ​មិនបាន​ធ្វើ​ប្រព្រឹត្ត​កម្ម នឹង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ជម្រកត្រី និង​ប្រជា​សហគមន៍​ដែល​ពួក​គាត់​ពឹងផ្អែក​លើ​ទន្លេ​សម្រាប់​ទឹក​បរិភោគ និង​ចំណីអាហារ​របស់​ពួក​គាត់​ប្រចាំថ្ងៃ។ម្យ៉ាងវិញទៀត បឹង​នេះ​គឺជា​ជម្រ​កនៃព​ពួក​សត្វ​ជាច្រើន​ប្រភេទ រួម​ទាំង​សត្វ​ជិត​ផុតពូជ​ផង​ដែរ។ ការ​ធ្វើ​ឱ្យ​ប៉ះពាល់ ឬបំផ្លិច​បំផ្លាញ​តំបន់​បឹងទំពុន ឬជើងឯក​នឹង​ធ្វើ​ឱ្យ​សត្វ និង​ជីវចម្រុះ​ដែល​កំពុង​រស់នៅ​ក្នុង​បឹង​ទាំងនេះ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ។នាយក​ប្រតិបត្តិ អង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី លើកឡើង​ថា ត្រី​អាច​ងាប់ បក្សី​អាច​ត្រូវ​បាន​ងាប់ ហើយ​វា​នឹង​ប៉ះពាល់​ដល់​សត្វ និង​មនុស្សដទៃ​ទៀត។

រហូត​មកទល់​ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើមាន​វិធានការ​អ្វីខ្លះ​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការខូចខាត​ផ្នែក​បរិស្ថាន។ បញ្ហា​នេះ​រដ្ឋាភិបាល​ត្រូវ​ប្រាកដ​ថា ច្បាប់​ពាក់ព័ន្ធ​នានា​ត្រូវ​បាន​គោរព​ដើម្បី​ការពារ​បរិស្ថាន និង​សង្គម។ ការស្រាវជ្រាវ និង​ការចូលរួម​ជា​សាធារណៈ​បន្ថែម​ទៀត​គួរ​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​គម្រោង​ដូចនេះ ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់ និង​អនាគត​រាជធានី​ភ្នំពេញ​ទាំងមូល។

របាយការណ៍​ក៏បាន​រក​ឃើញថា​ដីខ្សាច់​ភាគច្រើន​ដែល​ចាក់​លុប​តំបន់​បឹង​ពុន ឬជើងឯក​នេះ​កំពុង​ត្រូវ​បាន​បូម​ចេញពី​ទន្លេមេគង្គ និង​ទន្លេបាសាក់។បរិមាណ​ដីខ្សាច់​ដែល​ត្រូវការ​ដើម្បី​បំពេញ​នៅ​តំបន់​បឹងទំពុន ឬបឹង​ជើងឯក​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ប្រហែល ៧៧លាន​ម៉ែត្រគូប ឬច្រើនជាង ១០០លាន​តោន។ ហើយ​ការ​បូម​ខ្សាច់​ចេញពី​ទន្លេ​ក្បែរ​នោះ​បង្ក​ជា​ហានិភ័យ​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន និង​ប្រជាជន​ក្នុង​តំបន់​ដែល​រស់នៅ​ក្បែរ​ច្រាំងទន្លេ​នោះ​ផង​ដែរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស