ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថាមានករណីមន្ត្រីរបស់លោកខ្លះ ប្រឹងរក្សាទុកតំណែង មេប៉ុស្តិ៍ ឬនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សម្រាប់ដាក់សាច់ញាតិខ្លួនឯង។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត និងលើកទិសដៅការងារសម្រាប់រយៈពេល ៥ឆ្នាំខាងមុខរបស់បណ្ឌិតសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកក្កដាលោក ស ខេង បានក្រើនរំឭកមន្ត្រីរបស់ខ្លួនឱ្យបញ្ឈប់ ការរក្សាតំណែង មេប៉ុស្តិ៍ឱ្យសាច់ញ្ញាតិរបស់ខ្លួនតទៅទៀត ព្រោះទង្វើនេះធ្វើឱ្យប៉ះពាល់ដល់វិធានការពង្រឹងសន្តិសុខនៅមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏ទទួលស្គាល់ដែរថាកន្លងមកមានករណីរត់ការ ក្រោមហេតុផលថាផ្ញើសាច់ញាតិខ្លួនដើម្បីបានតំណែងជាមន្ត្រីប៉ូលិសប៉ុស្តិ៍ ហើយក៏ទាញសាច់ញាតិខ្លួនទាំងនោះចេញពីមន្ត្រីមូលដ្ឋានមកបំពេញការងារនៅតាមអង្គភាពសាមីមួយចំនួន ដែលធ្វើឱ្យមន្ត្រីនគរបាលប៉ុស្តិ៍នៅតែប្រឈមកង្វះមន្ត្រីធ្វើការងារជូនពលរដ្ឋមូលដ្ឋាន។
បញ្ហាដាក់សាច់ញាតិខ្លួននៅក្នុងតំណែងមន្ត្រីនគរបាលយុត្តិធម៌នេះ មិនមែនជាការលើកឡើងថ្មីនោះឡើយ សម្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ត្បិតលោកក៏ធ្លាប់បានលើកឡើងជាច្រើនសារណាស់មកហើយ ប៉ុន្តែលោក ស ខេង មិនបានចាត់វិធានការច្បាប់ណាមួយទៅលើក្រុមមន្ត្រីខិលខូចទាំងនោះឡើយ ហើយបញ្ហានេះក៏បានបន្តកើតមានមកទល់ពេលបច្ចុប្បន្ន។
ក្រុមអ្នកតាមដានសង្គមធ្លាប់លើកឡើងថា ការដាក់សាច់ញាតិខ្លួន ការចំណាយលុយកាក់ដើម្បីបានចូលក្នុងក្របខណ្ឌរដ្ឋ ពិសេសមន្ត្រីនគរបាលយុត្តិធម៌ឬប៉ូលិសនេះ ស្ទើរតែក្លាយជាប្រពៃណីវប្បធម៌ទៅហើយក្នុងសង្គមកម្ពុជា ត្បិតនៅពេលមានកូនអ្នកស្រុកណាម្នាក់បានចូលធ្វើប៉ូលិសឬការងាររាជការនោះ គេតែងសួរនាំនិងជជែកគ្នាអំពីការចំណាយក្រោមទុក ឬពឹងសែស្រឡាយរបស់ពួកគេដើម្បីបានតំណែងទាំងនោះ ទោះបីមានរូបភាពប្រឡងប្រជែងខ្លះក៏ដោយ ប៉ុន្តែរូបភាពប្រឡងប្រជែងខ្លះគ្រាន់តែធ្វើឡើងដើម្បីបំភាន់មតិសាធារណៈប៉ុណ្ណោះ។
កាលពីខែមករា អង្គការតម្លាភាពអន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ពុករលួយជាងគេបំផុតនៅតំបន់អាស៊ាន ប៉ុន្តែរបាយការណ៍នេះត្រូវបានមន្ត្រីរដ្ឋាភិបាលទាត់ចោល។មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធបញ្ហាតម្លាភាព ធ្លាប់លើកឡើងថាពលរដ្ឋកម្ពុជាបានរស់នៅស៊ាំទៅនឹងអំពើពុករលួយ ហើយអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋក៏បានកើតឡើងជាប្រព័ន្ធទៅទៀត។
បញ្ហានេះ ធ្វើឱ្យវិបត្តិអំពើពុករលួយ កាន់តែស្មុគ្រស្មាញ គួបផ្សំនឹងរដ្ឋាភិបាលមិនដែលបង្ហាញឆន្ទៈពិតប្រាកដក្នុងការចាត់វិធានការលើបញ្ហានេះទៀតនោះ ជាហេតុធ្វើឱ្យបញ្ហាពុករលួយក្នុងសង្គមខ្មែរកាន់តែពិបាកដោះស្រាយ៕