សង្រ្គាមដែនទឹកមិនត្រឹមតែនិយាយថាអាចនឹងកើតមាននៅសមុទ្រចិនខាងត្បូងនោះទេ គឺសូម្បី តែនៅដងទន្លេ ក៏អាចមានដែរ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនូវអត្ថបទដ៏វែងមួយរបស់ខ្លួន ដោយដាក់ចំណងជើងថា សង្រ្គាមទឹក-ដងទន្លេមគង្គ គឺជារណសិរ្យមួយទៀត រវាង គូប្រជែង សហរដ្ឋអាមេរិក និងចិន ។
សារព័ត៌មានដដែលបានចុះផ្សាយថា ទន្លេមេគង្គ ពេលនេះ បានក្លាយជា រណសិរ្យថ្មីមួយ នៅក្នុងការប្រជែងដណ្ដើមឥទ្ទិពលរវាងរដ្ឋាភិបាល លោកប្រធានាធិបតីអាមេរិកដូណល់ត្រាំ និងប្រទេសចិន។ អ្នកបរិសា្ថននិយម និយាយថាទីក្រុងប៉េកាំងបានកំពុងចង់អោយមានប្រៀបលើអាមេរិក ដោយការចំណាយប្រាក់ជំនួយ និងប្រាក់កម្ចីច្រើនរយលានដុល្លារជួយដល់ប្រទេស ក្រោមខែ្សទឹក នៃដងទន្លេមេគង្គ ហើយ គោលបំណង គឺចង់មានឥទ្ធិពលលើប្រទេសក្រោមខ្សែទឹក។
នេះ ជាការចាប់ផ្ដើមប្រឈមជាមួយនឹងរដ្ឋការរបស់លោកត្រាំដែលជាម្ចាស់ជំនួយដ៏ធំសម្រាប់ប្រទេសដងទន្លេមេគង្គ ដែលមានតាំងពីរដ្ឋការរបស់លោក បារ៉ាក់អូបាម៉ា។ សម័យកាលរបស់លោកអូបាម៉ាគឺកម្មវិធីអភិវឌ្ឍន៍បរិស្ថាន សម្រាប់ប្រទេសដងទន្លេមេគង្គគឺជាអាទីភាព។ការប្រជែងគ្នារបស់ប្រទេសទាំងពីរនេះ បានចូលដល់ដំណាក់កាលមួយគឺការបង្កើនឥទិ្ធពលក្នុងការវិនិយោគ ក្នុងនោះ ចិនមានទំនប់វារីអគ្គសនីចំនួន ១១ កន្លែងក្នុងប្រទេសខែ្សទឹកខាងក្រោម ជាពិសេស មាននៅប្រទេសឡាវ ភូមា និងកម្ពុជា។ទំនប់វារីអគ្គសនីទាំងនេះ បាននាំអោយចិន ពង្រីកការគ្រប់គ្រងចរន្តទឹក តាំងពីឡាវ ភូមា ថៃ កម្ពុជា និងវៀតណាម ។
ប្រទេសទាំងនេះ ហើយ ត្រូវពឹងផ្អែកទាំងស្រុងនៃចរន្តទឹកទន្លេមេគង្គ គឺដើម្បីការប្រកបមុខរបរកសិកម្ម នេសាទ និងថាមពលអគ្គីសនីដែលផ្ដល់ឱកាសអោយចិនជាអ្នកកំណត់យុទ្ធសាស្ត្រនៃការប្រើប្រាស់ទឹកទន្លេមេគង្គ។មិនតែប៉ុណ្ណោះ បានទាញអោយសហរដ្ឋអាមេរិក ត្រូវដើរតួនាទីយ៉ាងសកម្មជួយបង្កើនការអភិរក្ស បរិស្ថានរបស់ទន្លេដោយត្រូវជំរុញអោយប្រទេសទាំង៥ នៃដងទន្លេមេគង្គ ត្រូវចូលរួមជួយការបរិស្ថានក្នុង តំបន់។
អ្នកឃ្លាំមើលនិយាយថា ថាមពល និងអេកូវិទ្យា នៃដងទន្លេមេគង្គ កំពុងត្រូវបានទាញអោយមានការដណ្ដើមឥទិ្ធពល ភូមិសាស្ត្រ នយោបាយ គឺមិនខុសនឹងសមុទ្រចិនខាងត្បូងដែលកំពុងធ្វើដំណើរទៅរកសង្រ្គាម ដ៏គ្រោះថ្នាក់ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
ស្ថានភាពនៃដងទន្លេមេគង្គបានក្លាយជារឿងគួរអោយព្រួយបារម្ភជាខ្លាំង ចំពោះប្រជាជនរស់នៅតាមដឹងទន្លេនេះ មានជាង៦០លាននាក់ ដែលពួកគេមានមុខរបរកសិកម្ម នេសាទរស់ពឹងអាស្រ័យលើទឹករបស់ទន្លេមេគង្គ ដែលទា្វរទឹកចេញពីប្រទេសចិន។
កាលពីឆ្នាំទៅមិញ មានភាពរាំងស្ងួតជាខ្លាំង បានបណ្ដាលអោយទឹកក្នុងទន្លេនេះ រាក់និងខ្លះទៀតមានភាពរីងស្ងួតទៀតផង។ក្រុមបរិស្ថាន និយាយថា ភាពរាំងស្ងួតនេះ មិនត្រឹមតែប៉ះពាល់កសិផលរបស់ប្រជាជន តែ សូម្បីតែត្រី សត្វ និងជីវៈចម្រុះរបស់ទន្លេក៏រងគ្រោះដែរ។ឯអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមួយរូបប្រចាំតំបន់អាស៊ាន បានហៅទំនប់វារីអគ្គសនី ទាំង១១កន្លែង ដែលស្ថិតក្នុងគំរោងវិនិយោគរបស់ចិនគឺជាអំពើគ្រោះថ្នាក់ ដល់បរិស្ថាន ដល់ជីវភាពរបស់មនុស្ស និងសត្វ ដែលពឹងអាស្រ័យលើទឹករបស់ទន្លេដែលមានប្រវែង ៤ពាន់ ៣៥០គីឡី ម៉ែត្រ។
ប្រទេសចិន ដែលស្ថិតក្នុងក្រុម សហប្រតិបត្តិការមេគង្គឡាងចាង បានកំពុងធ្វើខ្លួនយ៉ាងសកម្ម ជាមួយស្ថាប័នអន្តររដ្ឋាភិបាលនៃប្រទេសដងទន្លេមេគង្គដើម្បីបង្កើនការស្ថាបនាវារីអគ្គសនីរបស់ចិន មាននៅប្រទេសទាំងនោះ។ ប៉ុន្តែសម្រាប់គណៈកម្មការទន្លេមេគង្គដែល ក្រោមជំនួយរបស់អាមេរិករាប់រយលានដុល្លារ គឺក្រុងវ៉ាស៊ីនតោនបាន សុំអោយប្រទេសទាំងនោះជួយការពារបរិស្ថានរបស់ទន្លេអោយបានរឹងមាំដោយជួយចែករំលែកផលប្រយោជន៍បានមកពីទន្លេជាមួយគ្នា។មន្ត្រីម្នាក់របស់ក្រសួងការបរទេសចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានReuters ថា ការលើកឡើងរបស់សហរដ្ឋអាមេរិក ដែលថាចិនមានមហិច្ឆតាកាន់កាប់ទន្លេមេគង្គ គឺជាការចោទគ្មានមូលដ្ឋាន ហើយថាប្រទេសទាំងអស់នេះ មិនគួរព្រួយបារម្ភជ្រុលពេកទេ។ការប្រជែងរបស់ប្រទេសទាំង២ ចិន-អាមេរិកបានកំពុងទាញទៅរកសង្រ្គាមយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយ ។
ក្រុងវ៉ាស៊ីនតោនចោទថាភាពរាំងស្ងួតរបស់ទន្លេ គឺមកពីអាងវារីអគ្គីសនីរបស់ចិន ប៉ុន្តែ ការផ្ដល់ប្រាក់កម្ចីពាន់លានដុល្លាររបស់ប្រទេសចិន ទៅអោយប្រទេសខ្សែទឹកខាងក្រោមក្នុងគំរោងវិនិយោគវារីអគ្គសនី បើទោះបីជារឿងសេដ្ឋកិច្ចពាណិជ្ជកម្មក៏ដោយតែវាជាឧបករណ៍មួយ ដែលនាំអោយចិនមានប្រៀបក្នុងការដណ្ដើមភូមិសាស្ត្រនយោបាយក្នុងតំបន់។ក្នុងហេតុផលនេះហើយមើលទៅ ដែលសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមហាអំណាច ក៏កាន់តែបង្កើនកម្លាំងទ័ពប្រឈមនឹងចិនក្នុងករណីជម្លោះរវាងប្រទេសសមាគមអាស៊ាន និងចិន ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
តាមសេចក្ដីរាយការណ៍ឲ្យដឹងថា កងនាវាចម្បាំងនិងនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក កំពុងដាក់ពង្រាយនៅក្នុង ដែនទឹកនៃប្រជុំកោះ ប៉ារ៉ាហ្សែលនិងស្ព្រាតលី នៃសមុទ្រចិនខាងត្បូង ដែលចិនព្យាយាមកាន់កាប់ផ្ដាច់មុខ៕