អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឬFTA ជាឱកាសមួយបន្ថែមទៀតសម្រាប់កម្ពុជាស្វែងទីផ្សាររបស់ខ្លួនកាន់តែសម្បូរបែបលើវិស័យផ្សេងៗ ជៀសជាងពឹងផ្អែកតែទៅលើវិស័យឧស្សាហកម្មកាត់ដេរតែមួយ។
ក្នុងវេទិកាតុមូលអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជានារសៀលថ្ងៃទី២៨ ខែកក្កដា អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក គី សិរីវឌ្ឍន៍ មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ជាការស្វែងរកទីផ្សារពាណិជ្ជកម្មសម្រាប់កម្ពុជាបន្ថែមទៀត។អ្នកជំនាញដដែលលើកឡើងថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនកាលពីឆ្នាំ២០១៩ មានចំនួនជាង៨ពាន់លានដុល្លារ។
ក្នុងនោះ កម្ពុជានាំចេញទៅទីផ្សារចិនក្នុងចំនួនតិចតួចនៅឡើយ គឺមានប្រមាណ១ពាន់លានដុល្លារប៉ុណ្ណោះ ខណៈចិននាំទំនិញចូលមកកម្ពុជាមានចំនួនជាង៧ពាន់លានដុល្លារ ដោយសារកម្ពុជានៅមិនទាន់ត្រៀមខ្លួនរួចរាល់ និងបញ្ហានៃរបាំងពន្ធគយលើទំនិញពីកម្ពុជាជាដើម។លោកលោក គី សិរីវឌ្ឍន៍ បន្តថា ពាណិជ្ជកម្មសេរីនេះអាចនឹងធ្វើឱ្យទំហំនាំចេញទំនិញរវាងប្រទេសទាំងពីរឡើងប្រហាក់ប្រហែលគ្នាឡើងវិញ ប្រសិនបើកម្ពុជាចេះចាប់ឱកាស និងចេះកែច្នៃធនធានរបស់ខ្លួនឱ្យកាន់តែប្រសើរ ឬទៅជាឧត្តមភាពនៃការប្រៀបធៀប។
លើសពីនេះ កម្ពុជាត្រូវបើកឱ្យប្រទេសទីបីចូលមកវិនិយោគ ដើម្បីផលិតទំនិញនាំចេញទៅប្រទេសចិន បើពុំនោះសោត កម្ពុជានៅតែជាកន្លែងបង្ហូរទំនិញពីចិនដដែល។អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចធ្វើឲ្យកម្ពុជាចាប់យកឱកាសទៅវិស័យផ្សេងៗទៀតក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់។
លើសពីនេះ កម្ពុជាអាចបង្កើតការវិនិយោគកសិកម្មនិងវិស័យកសិ-ពាណិជ្ជកម្ម គឺជាឱកាសដែល ផ្តល់ឱ្យកម្ពុជាធ្វើកសិពាណិជ្ជកម្ម។ ជាមួយគ្នានេះ លោកស្នើឱ្យរដ្ឋាភិបាលគួរតែកែលម្អច្បាប់ បទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធពាណិជ្ជកម្មសេរីនេះ ឱ្យកាន់តែប្រសើរឡើង។លោកបន្តថា កម្ពុជាត្រូវពង្រឹង ឬកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ឬបច្ចេកវិទ្យាជាដើម បើមិនដូច្នេះទេ ការផលិតរបស់កម្ពុជានៅតែមានការរារាំងដដែល។
ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃអង្គារ៍នេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា ពិសេសទំនិញរបស់កម្ពុជាស្ទើរតែ១០០% ដែលនាំទៅចិននឹងរួចកាតព្វកិច្ចបង់ពន្ធលើទំនិញប្រមាណ១ម៉ឺនប្រភេទ ខណៈកម្ពុជាអនុញ្ញាតសម្រុតពន្ធពីចិនត្រឹមតែ៩០ភាគរយប៉ុណ្ណោះ។
យ៉ាងនេះក្តី លោកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនអាចជំនួសការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប២០% នោះឡើយ ព្រោះផលិតផលដែលអឺរ៉ុបសម្រេចយកពន្ធពីកម្ពុជា គឺប្រទេសចិនគេបានផលិតផងដែរ។ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោក ចុង ស្សាន (Zhong Shan) បានប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនតាមប្រព័ន្ធវីដេអូ ខនហ្វ្រែន(conference)។
ប្រភពដដែលបន្តថា នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ក្រសួងឱ្យដឹងថា ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះ ក្រោយពីមានការចរចាជាផ្លូវការតាំងពីខែមករា មកម្លេះ។
ការរុញច្រានកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យចេញជាផ្លូវការនេះ ក្រោយពេលកម្ពុជាកំពុងប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសំណាក់សហភាពអឺរ៉ុប។ បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី ១២ខែសីហា ខាងមុខគណៈកម្មាធិការពាណិជ្ជកម្មអឺរ៉ុបនឹងសម្រេចនីតិវិធីជាផ្លូវការលើការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ដែលនឹងធ្វើឱ្យប្រទេសក្រីក្រមួយនេះត្រូវបង់ពន្ធលើមុខទំនិញប្រមាណ៤០ប្រភេទនៅពេលនាំទំនិញចូលទៅទឹកដីអឺរ៉ុប ក្នុងទំហំទឹកប្រាក់ប្រមាណ១រយលានដុល្លារ អាមេរិកក្នុងមួយឆ្នាំៗ។
ការសម្រេចដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុបនេះ ក្រោយពេលពួកគេរកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន បានដើរខុសពីលក្ខខណ្ឌដែលព្រមព្រៀងជាមួយអឺរ៉ុបជាថ្នូរនឹងការនាំទំនិញទៅទឹកដីលោកសេរីមួយនេះដើម្បីរួចផុតពីកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន។ប៉ុន្តែលោក សុខ សុភ័ក្រ្ត បញ្ជាក់ថាការចង់លក្ខខណ្ឌរបស់អឺរ៉ុបលើបញ្ហាទាំងនេះ ដើម្បីទប់លំហូរពាណិជ្ជកម្មរបស់កម្ពុជានៅពេលណាដែលកម្ពុជានាំទំនិញទៅសហគមន៍របស់ខ្លួនច្រើនពេកតែប៉ុណ្ណោះ។
ក្រុមអ្នកវិភាគបញ្ហាសង្គមយល់ឃើញថា កម្ពុជានៅមានឱកាសទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយនេះពីអឺរ៉ុប ប្រសិនបើរដ្ឋាភិបាលគិតគូរប្រយោជន៍ជាតិ និងរាស្ត្រ ធំជាងប្រយោជន៍អំណាចរបស់ខ្លួនត្បិតកូនសោរគន្លឹះសំខាន់សម្រាប់រក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបនេះ គឺស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលលោក ហ៊ុន សែន តែប៉ុណ្ណោះ៕