អគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៧នាក់ ដែលបានប្រព្រឹត្តខុសពីក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យកងកម្លាំងនគរបាលជាតិ។យោងតាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃម្សិលមិញ បានប្រកាសផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលខេត្តព្រៃវែងចំនួន៧នាក់ ដោយមានទាំងស្នងការរង ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីនគរបាលផងដែរ។
សេចក្តីសម្រេចនោះ បង្ហាញមន្ត្រីស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចំនួន៧រូបនោះ រួមមានឧត្តមសេនីយ៍ត្រី និងជាស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន លោក ថោង វណ្ណឌី ។ វរសេនីយ៍ឯក និងជាប្រធានការិយាល័យទទួលផែនប្រឆាំងគ្រឿងញៀន លោកពៅ ជីវ័ន។ អនុសេនីយ៍ឯក និងជាអនុប្រធានការិយាល័យទទួលផែនប្រឆាំងគ្រឿងញៀន លោក ទូច ធារ៉ា ។
លោកស៊ី បូ នាយផ្នែកទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន លោកហេង ចាន់រតនា មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន លោក សៀក ចាន់ធឿន មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន និងលោក យន់ តារាភ័ស្ត មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន។ ប្រភពដដែលបញ្ជាក់ថាមន្ត្រីនគរបាលជាតិទាំង៧នាក់នេះ ត្រូវបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីទទួលការសម្រេចថ្មី។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២៨ខែកក្កដានេះ បានលើកឡើងថា ពាក់ព័ន្ធនឹងការសម្រេចដាក់វិន័យចំពោះមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយសារតែមន្ត្រីទាំង៧នាក់នោះ បានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវ: និងវិន័យរបស់កងកម្លាំងនគរបាលជាតិ ព្រមទាំងបង្កឲ្យមានរបួសស្នាមដល់ជនសង្ស័យជាដើម។លោក នេត សាវឿន បញ្ជាក់ក្នុងសេចក្តីសម្រេចនោះថា ការដាក់វិន័យដោយផ្អាកការងារបណ្ដោះអាសន្ននេះ គឺគ្រាន់តែជាជំហានទី១ប៉ុណ្ណោះ ដោយលោកបញ្ជាឲ្យនាយកដ្ឋានបុគ្គលិកធ្វើការស្រាវជ្រាវ និងស៊ើបបញ្ជាក់បន្តដើម្បីឈានទៅដល់ការដាក់ពិន័យតាមទម្ងន់ទោស ឬក៏អាចឈានដល់អនុវត្តនីតិវិធីច្បាប់តែម្តង។
មន្ត្រីនគរបាលទាំង៧នាក់ បានចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀន ហើយក៏ចាប់បានមនុស្ស៦នាក់ជាជនជាតិខ្មែរ-អ៊ីស្លាមកាលពីថ្ងៃទី២៦ខែកក្កដា ដែលសង្ស័យថាជាអ្នកប្រើប្រាស់គ្រឿងញៀន។ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សរសេរថា ក្រោយចាប់បាន មន្ត្រីនគរបាលទាំង៧នាក់ បានដោះលែងអ្នកប្រើប្រាស់គ្រឿងញៀនទាំង៦នាក់នោះ ឲ្យត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងការទទួលប្រាក់ពីឪពុកម្តាយរបស់ពួកគេ។
បញ្ហានេះ អគ្គស្នងការនគរបាលជាតិបានបញ្ជាឱ្យមន្ត្រីខ្លួនចុះទៅសុំទោសគ្រួសារជនសង្ស័យទាំង៦នាក់ និងបញ្ជាឱ្យយកថវិកាមួយចំនួនទៅជូនពួកគេវិញផងដែរ។ លោកនេត សាវឿន បានបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕