26 C
Phnom Penh

លាការខេត្ត​ព្រៃវែង បដិសេធ​ថា មិនបាន​ទទួល​លុយ​ពី​នគរបាល លើ​ករណី​ជំរិត​យក​លុយ​ពី​ពលរដ្ឋ៤លាន​រៀល​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បដិសេធ​ថា មិនបាន​ទទួល​លុយ​ពី​មន្ត្រី​នគរបាល​ចំនួន០៧នាក់ ដែល​ក្រសួងមហាផ្ទៃ ដក​បញ្ឈ​ជើង​ពី​ការងារ លើ​សំណុំរឿង​ជំរិត​ទារ​លុយ​ចំនួន ៤លាន​រៀល ពី​យុវជន​ជនរងគ្រោះ​ចំនួន០២នាក់ ដូច​មន្ត្រី​នគរបាល​ខាងលើ​បាន​ទម្លាក់កំហុស​ដាក់​នោះ​ទេ។ 

ជាង​នេះ​ទៀត មន្ត្រី​នគរបាល​ទាំងនោះ ក៏​មិនបាន​រាយការណ៍​សំណុំរឿង​នេះ ទៅ​តុលាការ​បានដឹង​នោះ​ដែរ។ ករណី​មន្ត្រី​នគរបាល​ចំនួន ៧នាក់ ដែល​បាន​ចាប់​វាយ ទាត់​ធាក់ និង​ប្រើ​ដំបង​ឆក់​ជនរងគ្រោះ រួច​ជំរិត​ទា​លុយ ៤លាន​រៀល ពី​យុវជន​រងគ្រោះ២នាក់ នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ជនរងគ្រោះ​ទាំង២ មានឈ្មោះ ថៃ សា​មាឌ ភេទប្រុស អាយុ២៦ឆ្នាំ និង​ឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ។ អ្នក​ទាំង២ មាន​ទីលំនៅ​ភូមិ​ស្វាយ​សុ​ខោ សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង ខេត្តព្រៃវែង បាន​របួស​ហើម​ក្បាល ជាំភ្នែក ហើម​ខ្លួន និង​ដៃជើង រង​របួសធ្ងន់ ហើយ​បច្ចុប្បន្ន កំពុង​ព្យាបាល​នៅ​តាម​ផ្ទះ​រៀង​ៗខ្លួន។

 តាម​ការ​បញ្ជាក់ របស់​ជនរងគ្រោះ​ទាំង០២នាក់ ឲ្យដឹង​ថា ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​គេ គឺ​សមត្ថកិច្ច​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ រួច​វាយ​លើ​ពួក​គេ រួច​ចាប់​វៃ​ក្រៀក យក​ទៅ​ការិយាល័យ​ធ្វើការ របស់​មន្ត្រី​នគរបាល​ទាំងនោះ ធ្វើទារុណកម្ម វ៉ៃ​ទាត់​ធាក់ និង​ជំរិត​ទារ​លុយ ៤លាន​រៀល ជា​ថ្នូរ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។កាសែត​ក្នុង​ស្រុក​បាន​ផ្សាយ​ថា លោក​អនុសេនីយ៍ឯក ទូច ធា​រ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ដក​កាំភ្លើង​វាយ​ខោក​ក្បាល​ជនរងគ្រោះ​ប្រាកដ​មែន ព្រោះ​យុវជន​ទាំង០២នាក់​នេះ រឹងទទឹង មិនព្រម​ប្រគល់ខ្លួន ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន។ 

លោក ទូច ធា​រ៉ា បន្ត​ថា ចំពោះ​ករណីយ​កលុយ៤លាន​រៀល ជា​ថ្នូរ​ដោះលែង​ជនរងគ្រោះ​នោះ ខ្លួន​ពិតជា​បាន​យក​លុយ​នោះ​មែន ប៉ុន្តែ​មិនមែន​យក​មក​ចាយ​ខ្លួនឯង​ទេ គឺ​យក​មក​ជូន​ព្រះរាជអាជ្ញា​ខេត្តព្រៃវែង​ទាំងអស់ ជា​ថ្នូរ​នឹង​ការ​ដោះលែង​យុវជន​ទាំង០២នាក់ ឲ្យ​មាន​សេរីភាព​វិញ​តែប៉ុណ្ណោះ។

យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​បដិសេធ​ថា ចំពោះ​ករណី​កម្លាំង​នគរបាល នៃ​ស្នងការ​ដ្ឋាន​ខេត្តព្រៃវែង ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅមុខ​ក្លោងទ្វារ​វត្ត​រោងដំរី ភូមិ​ទី៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង នៅ​ម៉ោង ២០ និង៣០នាទី​យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ គឺ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង មិនបាន​ទទួល​ព័ត៌មាន ឬរបាយការណ៍​ណាមួយ​ពី លោក ថោង វណ្ណ​ឌី ស្នងការ​រង​ទទួលបន្ទុក​គ្រឿងញៀន លើ​ករណី​ខាងលើ​នេះ​ទេ។ជាង​នេះ​ទៅទៀត​តុលាការ​ក៏បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​លោក ទូច ធា​រ៉ា ដែល​ថា បាន​យក​លុយ ៤លាន​រៀល ពី​ជនរងគ្រោះ​ប្រគល់​ទៅ​ឲ្យ លោក​ព្រះរាជអាជ្ញា ជា​ថ្នូរ​ដោះលែង​ជនរងគ្រោះ​ទាំង២នាក់ ឲ្យ​មាន​សេរីភាព​វិញ​នោះ ជា​រឿង​មិន​ពិត​ទាល់តែសោះ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​បដិសេធ​ថា មិនបាន​ទទួល​ប្រាក់ ៤លាន​រៀល ដូច ឈ្មោះ ទូច ធា​រ៉ា បាន​លើកឡើង​នោះ​ឡើយ។ ទាក់ទិន​បញ្ហា​នេះ លោក នេត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បាន​ចេញ​សេចក្តី​សម្រេច ផ្អាក​ការងារ​មន្ត្រី​នគរបាល​ជាតិ​ចំនួន០៧រូប នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង ជា​បណ្តោះអាសន្ន។ ក្នុងចំណោម​កម្លាំង​នគរបាល​ទាំង០៧រូប​ខាងលើ​នេះ ក៏​មាន​ស្នងការ​រង​នគរបាល​ខេត្តព្រៃវែង ទទួលបន្ទុក​គ្រឿងញៀន និង​នាយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ។ ក្រៅពី​អ្នកនាំ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​បដិសេធ​ថា មិនបាន​ទទួល​លុយ​ពី​មន្ត្រី​នគរបាល​ខាងលើ ចំណែក​ឯមន្ត្រី​នគរបាល ដែល​ត្រូវ លោក នេត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ដក បឈ្ឈ​ជើង ក៏បាន​យក​លុយ ៤លាន​រៀល ទៅ​ប្រគល់​ជូន​ជនរងគ្រោះ​ទាំង២នាក់ វិញ​ដែរ ក៏ប៉ុន្តែ​ពួក​គេ​មិនព្រម​យក​ទេ ដោយ​ទុក​សំណុំរឿង​នេះ ប្រគល់​ជូន​ប្រព័ន្ធ​តុលាការ បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពួក​គេ​វិញ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស