សកម្មជនស្រលាញ់បរិស្ថាន បានបង្ហាញក្តីបារម្ភជាខ្លាំងចំពោះវាសនាបឹងធម្មជាតិធំៗ ដែលជាអាងស្ដុកទឹកដ៏សំខាន់ក្នុងរាជធានីភ្នំពេញ កំពុងត្រូវបានលុបជាបន្ដបន្ទាប់ ហើយបញ្ហាប្រឈមមួយចំនួនក៏កំពុងកើតមានឡើងជាហូរហែផងដែរ។
ថ្លែងក្នុងវីដេអូប្រវែងជាង២នាទី ដែលបង្ហាញនៅលើទំព័រហ្វេសប៊ុកអង្គការចលនាមាតាធម្មជាតិ នៅល្ងាចថ្ងៃទី៣០ខែកក្កដា ក្រុមយុវជនស្រលាញ់បរិស្ថានបានស្នើទៅលោក ហ៊ុន សែន ឱ្យបញ្ឈប់ការលុបបឹងតាមោកឬបឹងទំនប់កប់ស្រូវ ព្រមទាំងបឹងធម្មជាតិនៅរាជធានីភ្នំពេញផ្សេងទៀតជាបន្ទាន់។
យុវជនក្នុងវីដេអូនោះបន្តថា ការកាត់ផ្ទៃបឹងតាមោក ឬ បឹងទំនប់កប់ស្រូវជាបន្ដបន្ទាប់ ដើម្បីលុបយកមកអភិវឌ្ឍន៍ របស់ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការព្រួយបារម្ភនោះ គឺចំពោះបញ្ហាមួយចំនួនដូចជា ការជន់លិចក្រុងដោយសារទឹកភ្លៀង បញ្ហាខ្វះអាងស្ដុកទឹកដ៏សំខាន់ ប៉ះពាល់ដល់ជីវភាពពលរដ្ឋរាប់រយគ្រួសារដែលកំពុងអាស្រ័យផលលើបឹងនេះ រួមជាមួយបញ្ហាប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះ ព្រមទាំងបញ្ហាជាច្រើនផ្សេងទៀត។
បឹងតាមោក ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ដាក់ជាទ្រព្យសម្បត្តិសាធារណរបស់រដ្ឋកាលពីដើមឆ្នាំ២០១៣ មានទំហំជាង៣ពាន់ហិកតា ប៉ុន្តែក្រុមយុវជនអះអាងរយៈពេលជាង២ឆ្នាំប៉ុណ្ណោះផ្ទៃបឹងនេះរងការកាត់ចេញទៅឱ្យរដ្ឋ និងឯកជនក្រោមស្លាកអភិវឌ្ឍ ដែលយល់ព្រមដោយលោកហ៊ុន សែន ផ្ទាល់ មានទំហំជាង៥រយហិកតារួចទៅហើយ។
ច្បាប់ភូមិបាលចែងថាទ្រព្យសម្បត្តិសាធារណរបស់រដ្ឋមិនអាចលក់ ឬដូបាន នៅពេលទ្រព្យសម្បត្តិសាធារណរបស់រដ្ឋទាំងនោះ លែងបម្រើប្រយោជន៍ឱ្យសាធារណតទៅទៀត។
កាលពីថ្ងៃទី២៧ ខែកក្កដា ក្រុមអង្គការ សមាគមចំនួន៤ បានចេញរបាយការណ៍រួមគ្នាមួយស្តីពីផលប៉ះពាល់នៃការលុបបឹងទំពុន ឬបឹងជើងឯក ដែលនឹងធ្វើឱ្យពលរដ្ឋរស់នៅក្រុងភ្នំពេញជាង១លាននាក់រងគ្រោះដោយជំនន់ទឹកភ្លៀង។ លើសពីនេះ ពលរដ្ឋជាង១ពាន់គ្រួសារទៀតនឹងរងការបណ្តេញចេញ បាត់បង់មុខរបរ និងអសន្តិសុខស្បៀង ខណៈដែលគម្រោងអភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និង គម្រោងផ្សេងៗទៀតបាន ធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯកដែលស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ។
របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា ការបាត់បង់បឹងទំពុន៖ ការវាយ តម្លៃហេតុផល ប៉ះពាល់សង្គម និងសិទ្ធិមនុស្សពីការបំផ្លិចបំផ្លាញតំបន់បឹងទំពុន ឬជើងឯក។ របាយការណ៍នេះ បានរកឃើញថាប្រជាជនកម្ពុជា រាប់លាននាក់ទំនងជានឹងរងផលប៉ះពាល់ពីការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនៅតំបន់បឹងទំពុន ឬជើងឯក ដោយគម្រោងអភិវឌ្ឍរបស់ ក្រុមហ៊ុន អាយ អិន ជី ហូលឌីង (ING Holdings) និងសាជីវកម្មឯកជនផ្សេងៗទៀត រួមមានក្រុមហ៊ុន ជីបម៉ុង អ៊ីអនម៉ល អ័រគីដេវីឡា និងបុរីប៉េងហួត ជាដើម៕