អង្គការសិទ្ធិមនុស្ស ចំនួន៣ នៅកម្ពុជា បានរកឃើញថា សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ពលរដ្ឋ និងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ក្នុងរយៈពេលប្រមាណ១ឆ្នាំចាប់ពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនាឆ្នាំ២០២០ បន្តធ្លាក់ចុះយ៉ាងខ្លាំង។ការអះអាងថានេះ ធ្វើងឡើងក្នុងរបាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សរួមគ្នា សម្រាប់ឆ្នាំទី៤ ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center)។
ក្រុមអង្គការដែលធ្វើការងារផ្នែកសិទ្ធិមនុស្សទាំងនេះអះអាងថា ការបន្តធ្លាក់ចុះនេះ ដោយសារតែរដ្ឋាភិបាល និងអាជ្ញាធរ បង្កើនការ បង្ក្រាបទៅលើសំឡេងរិះគន់ឥតឈប់ឈរ ពិសេសការបង្ក្រាបទៅលើបក្សប្រឆាំងកាន់តែអាក្រក់ថែមទៀត។របាយការណ៍នេះរកឃើញថា រដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅតែគាបសង្កត់ រឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងពលរដ្ឋទូទៅ ក្រោមលេសនៃការអនុវត្តច្បាប់ និងការរក្សាសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈជាដើម។
យ៉ាងនេះក្តីពួកគេថា សេរីភាពសមាគម សេរីភាពខាងជួបជុំ និងសេរីភាពបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់ ហើយមានសារៈសំខាន់បំផុតសម្រាប់កសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែរឹងមាំ។ប៉ុន្តែក្នុងរបាយការណ៍ដែលមានកម្រាស់ ១៣០ទំព័រ លើកឡើងទៀតថា ដោយសារសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដែលមានចែងនៅក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិនេះ រងការរឹតត្បិតយ៉ាងខ្លាំង ធ្វើឱ្យពលរដ្ឋ ស្ទើរលែងហ៊ានបញ្ចេញមតិអ្វីទាំងអស់ ជាពិសេសបញ្ហាអសកម្មរបស់ រដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
ប្រភពដដែលសង្កេតឃើញថា ចន្លោះពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលលោកហ៊ុន សែន បានបិទសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋធ្ងន់ធ្ងរ ២ដង។ ទី១ ពាក់ព័ន្ធគម្រោងមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០១៩ និងបិទសិទ្ធិសេរីភាពពលរដ្ឋ មិនឲ្យនិយាយពីការបារម្ភ ឬបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ផងដែរ។
យ៉ាងនេះក្តី ប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VODនៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលរបាយការណ៍នេះ ព្រោះលោកថាគ្មាអ្វីថ្មី និងខ្វះមូលដ្ឋានស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលវាយតម្លៃបែបលម្អៀង និងមិនឆ្លុះបញ្ចាំងពីយន្តការច្បាប់នៅកម្ពុជា។នេះមិនមែនជារបាយការណ៍លើកទី១ឡើយ ដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ច្រានចោល ប៉ុន្តែរបាយការណ៍វាយតម្លៃពីការធ្លាក់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ របាយការណ៍អំពីពុករលួយ និងរបាយការណ៍ផ្សេងទៀតដែលចេញដោយអង្គការជាតិនិងអន្តរជាតិកន្លងមក មន្ត្រីជាន់រដ្ឋាភិបាលក៏តែងបដិសេធមិនចេះចប់។
ទោះបីជាមានការបដិសេធបែបនេះក្តី ប៉ុន្តែបើគ្មានអ្វីប្រែប្រួលទេ សហភាពអឺរ៉ុបនឹងបន្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយរបស់ខ្លួនពីកម្ពុជា នៅត្រឹមថ្ងៃទី១២ ខែសីហា ខាងមុខនេះ។ការសម្រេចរបស់អឺរ៉ុបរហូតដល់ដំណាក់កាលនេះ ដោយពួកគេបានរកឃើញពីការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស សិទ្ធិការងារជាប្រព័ន្ធ ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន។បន្ថែមពីនេះ ការរកឃើញថារដ្ឋាភិបាលឯកបក្សបច្ចុប្បន្នមិនបានធ្វើឱ្យប្រសើរឡើយ នូវអ្វីដែលជាការទាមទាររបស់ខ្លួនចំពោះស្ថានភាពនៅកម្ពុជា បើទោះបីជាអឺរ៉ុបបានផ្តល់ឱកាសសម្រាប់រដ្ឋាភិបាលលោកហ៊ុន សែន កែខ្លួនម្តងជាពីរដងក៏ដោយ៕