មេបក្សប្រឆាំងធំជាងគេនៃប្រទេសម៉ាឡេស៊ី លោកអាន់វ៉ាអ៊ីប្រាហ៊ិម បានហៅសាលក្រមរបស់ តុលាការជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ដែលផ្ដន្ទាទោស អតីតនាយករដ្ឋមន្ត្រីណាជីបរ៉ាហ្សាក់ គឺជាការវាយបំបាក់ ប្រព័ន្ធពុករលួយនៃក្រុមមន្ត្រីដែលកាន់អំណាចដើម្បីតែលួចទ្រព្យសម្បត្តិរបស់ជាតិហើយជាជោគជ័យនៃសន្លឹកឆ្នោតរបស់ប្រជាជនទម្លាក់លោកពីអំណាចនៅក្នុងពេលនៃការបោះឆ្នោតសភា កាលពីឆ្នាំ២០១៨។
បើតាមលោកអាន់វ៉ា បានហៅសាលក្រមកាត់ទោសលោកណាជីប ថា ជាក្ដីសង្ឃឹម ឡើងវិញសម្រាប់ប្រជាជនម៉ាឡេស៊ី ដែលនឹងត្រៀមទម្លាក់ពួកមន្ត្រីពុករលួយថែមនៅក្នុងការបោះឆ្នោត ខាងមុខនេះ។
បណ្ដាញផ្សាយព័ត៌មាន CNBC បានចុះផ្សាយដោយសំរង់សម្ដីលោកអាន់វ៉ាថា ៖ព្រឹត្តិការណ៍នេះ ពិតជានាំមកនូវក្ដីសង្ឃឹមឡើងវិញ សម្រាប់ប្រជាជនម៉ាឡេស៊ី ដែលកន្លងមកពួកគេភាគច្រើន ធុញធប់នឹងបរិកាសនយោបាយ ដែលមិនមានការវិវត្តន៍ថ្មី ប៉ុន្តែនៅពេលនេះ គឺផ្លាស់ប្ដូរហើយ ដែលទីបំផុតសំឡេងរបស់ប្រជាជនប្រឆាំងពួកពុករលួចផ្ដាច់ការ គឺត្រូវបានឮរំពងហើយ។
អ្នកសង្កេតការណ៍ និងអ្នកវិភាគមួយចំនួន យល់ថា ការធ្លាក់ពីអំណាចរបស់លោកណាជីប ហើយត្រូវបាននាំខ្លួនឡើងតុលាការ រហូតមានសាលក្រមដូចនេះ គឺជាព្រឹត្តិការណ៍កម្រនឹងកើតមាននៅរាជាណាចក្រនេះ និងតំបន់អាស៊ីអាគ្នេយ៌ ដែលការពិត សមរភូមិប្រយុទ្ធប្រឆាំងនឹងប្រព័ន្ធពុករលួយ របស់មេដឹកនាំក្នុងតំបន់។ ពេលនេះ វាពិតជាមានការប្រែប្រួល ហើយសង្ឃឹមថា មេដឹកនាំប្រទេសក្នុងតំបន់នេះនឹងបើក ភ្នែកសំឡឹងមើលរាជាណាចក្រម៉ាឡេស៊ីដែលកំពុងជឿនលឿនអំពីការប្រឆាំងអំពើពុករលួយ។
អតីតនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ កាលពីថ្ងៃទី ២៨ ខែកក្កដា ត្រូវបានតុលាការរកឃើញថាមានទោសកំហុសទាក់ទងនឹងការផ្ទេរលុយប្រមាណ ៩លាន ៨សែនដុល្លារ ពីក្រុមហ៊ុន SRC International ដែលជាអតីតស្ថាប័នមួយរបស់មូលនិធិរដ្ឋ 1MDB ចូលទៅគណនីធនាគារផ្ទាល់ខ្លួនលោកក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។
ទោសរបស់លោក ណាជីប ទាំង៧ករណី មានដូចជាការបំពានទំនុកចិត្ត ៣ករណី បទល្មើសលាងលុយកខ្វក់ចំនួន៣ករណី និងបទល្មើសរំលោភអំណាច១ករណី។
លោក ត្រូវបានកាត់ទោសឲ្យជាប់គុក១២ឆ្នាំ និងពិន័យលុយជាង ៤៩,៤លានដុល្លារ។ ប៉ុន្តែចៅក្រមជំនុំជម្រះក្ដី បានប្រកាសថា បើបូកសរុបទោស ទាំង៧ករណីនេះ គឺមានទោសដល់ ៧២ឆ្នាំ ដែលលោកណាជីបមានជាប់នឹងខ្លួន ប៉ុន្តែគោលការណ៍ច្បាប់ គឺកំណត់យកទោសដែលធំជាងគេមកអនុវត្តតែប៉ុណ្ណោះ។
យ៉ាងណា លោកណាជីបនឹងប្រឈមនឹងបទចោទ២ករណីទៀត ដែលនាំអោយលោកអាចមានទោស ២០ឆ្នាំឡើងទៅ។
មិនថាឡើយតែលោកណាជីបម្នាក់នេះទេ រងការផ្ដន្ទាទោស ក្នុងបទចោទអំពើពុករលួយ គឺនៅមានកូន កូនប្រសារ ភរិយារបស់លោក និងអតីតសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនទៀតរបស់លោក ក៏មានក្នុងដីការហាមឃាត់ការចាកចេញពីប្រទេសដែរ។
ក្រុមសមាជិកសភា បក្សប្រឆាំង កំពុងគាបសង្កត់នាយករដ្ឋមន្ត្រីថ្មី លោក មូហិនឌិន យ៉ាស៊ិន ឲ្យស្នើទៅប៉ូលីសអន្តរជាតិនាំខ្លួនជនជាប់ចោទទាំងឡាយណា ដែលកំពុងរត់ទៅបរទេស។ខណះនេះ ប្រជាជនម៉ាឡេស៊ី ហាក់មានក្ដីសង្ឃឹមឡើងវិញថាប្រព័ន្ធតុលាការរបស់រាជាណាចក្រមួយនេះ នឹងមានទំនុកចិត្តសម្រាប់ប្រជាជន និងប្រទេសជាតិ ។
លោកអាន់វ៉ាអ៊ីប្រាហ៊ិម មេបក្សប្រឆាំងធំជាងគេ សង្ឃឹមថា សាលាឧទ្ធរណ៍ នឹងមិនទំលាក់ចោល សាលក្រមរបស់តុលាការជាន់ខ្ពស់ម៉ាឡេស៊ីនោះទេ។ជាមួយគ្នានេះ ក្រុមសមាជិកសភាបក្សប្រឆាំង ក៏បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរផងដែរ ចំពោះសាលក្រមរបស់តុលាការ។ ក្នុងសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី ២៩ ខែកក្កដា សម្ព័ន្ធនយោបាយ Pakatan Harapan បានហៅ សាលក្រមកាត់ទោសលោកណាជីប គឺជាជោគជ័យដ៏ធំមួយសម្រាប់ប្រជាជនម៉ាឡេស៊ី។
សមាជិកបក្សប្រឆាំង បានរៀបរាប់ថា៖«ដំណើរការសវនាការនេះ ច្បាស់ជាមិនអាចចាប់ផ្ដើមបានឡើយ ប្រសិនបើប្រជាជនមិនក្រោកឡើងជួយឲ្យ Pakatan Harapan ទទួលជោគជ័យ និងកាច់បំបាក់សម្ព័ន្ធ Barisan Nasional ក្នុងការបោះឆ្នោតទូទៅឆ្នាំ២០១៨ »។ នៅក្នុងការប្រកួតបោះឆ្នោតសភាអាណត្តិទី១៤កាលពីខែឧសភាឆ្នាំ២០១៨ ក្រុម សម្ព័ន្ធ Barisan Nasional គឺជាប៉ូលនយោបាយ នៃបក្សកាន់អំណាចដឹកនាំដោយលោកណាជីប និងសម្ព័ន្ធនយោបាយ Pakatan Harapan ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី មហាធាមហាម៉ាត់ និងភរិយារបស់លោក អាន់វ៉ា ព្រោះអំឡុងនោះ លោកអាន់វ៉ា កំពុងជាប់ក្នុងពន្ធនាគារដោយសារហេតុផលនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ លោក ណាជីប បានប្រាប់អ្នកព័ត៌មានថា លោកជឿលើភាពស្អាតស្អំរបស់លោក ។ លោកអះអាងថា លោកនឹងបញ្ជូនសំណុំរឿងនេះទៅកាន់សាលាឧទ្ទរណ៍ដោយសង្ឃឺមថាលោកនឹងទទួលបានយុត្តិធម៌។ យ៉ាងណាលោក Low Taek Jho ជាដៃស្ដាំ របស់លោក ណាជីប ជាអ្នកគ្រប់គ្រងធនាគារ One MDB បានរត់ទៅនៅបរទេសទៅហើយ។នាយករដ្ឋមន្ត្រី មូហីឌិន យ៉ាស៊ីន ដែលរងសំពាធពីក្រុមប្រឆាំងនឹងស្នើអោយប្រទេសទាំងឡាយណាដែលផ្ដល់ជម្រកឲ្យបុរសរូបនេះនិងអតីតមន្ត្រីជាច្រើនទៀត របស់លោកណាជីបដែលរត់គេចខ្លួននោះ សុំអោយចាប់បញ្ជូនខ្លួនជនជាប់ចោទទាំងនេះមកកាន់ប្រទេសម៉ាឡេស៊ីវិញ៕