27.5 C
Phnom Penh

ចលនា​និស្សិត​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជុំវិញ​ការរំលោភ​អធិបតេយ្យ​ភាព​ដែនសមុទ្រ​កម្ពុជា​ពីសំណាក់​វៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMDបាន​ផ្ញើ​លិខិត​មួយ​ទៅកាន់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ៃ​ឃើល ផុម​ភេ​អូ (Michael R. Pompeo​) អំពី​ការរំលោភ​ច្បាប់​សមុទ្រ ពីសំណាក់​ប្រទេស​វៀតណាម មក​លើ​កម្ពុជា ក្នុង​ការ​កាន់កាប់​កោះត្រល់ និង​ប្រជុំកោះ​ក្រចកសេះ ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ផ្អែក​តាម​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​ច្បាប់អន្តរជាតិ។

លើស​ពីនេះ វៀតណាម បាន​រំលោភ​លើ​ខ្លឹមសារ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ ឆ្នាំ១៩៨២ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា ឆ្នាំ១៩៩១ និង​ធម្មនុញ្ញ​របស់​អាស៊ាន។

ក្នុង​លិខិត​របស់SMDនៅ​ថ្ងៃទី៣១ ខែកក្កដា​នេះ បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ៃ​ឃើល ផុម​ភេ​អូ មេត្តា​បញ្ជាក់​ឡើងវិញ នូវ​ជំហរ របស់​សហរដ្ឋអាមេរិក ដូច​ក្នុង​ឆ្នាំ១៩៨៧ ក្នុង​ការជំទាស់​នឹង​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២ និង​សូម ប្រកាស​ជំហរ​ទទួលស្គាល់​ជា​ផ្លូវការ​ថា កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា។ 

ការ​ស្នើ​នេះ ធ្វើឡើង បន្ទាប់ពី SMD តាមដាន​នូវ​សេចក្តី​ថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​អាមេរិក​រូប​នេះ​កាលពី​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ពេលនោះ​លោក​ម៉ៃ​ឃើល ផុម​ភេ​អូ បាន​បញ្ជាក់​ជំហរ​យ៉ាង​ម៉ឹង​ម៉ាត់​ថា ការ​អះអាង​នានា​របស់​ក្រុង​ប៉េកាំង ក្នុង​ការ​ក្តោប​យក​ធនធាន​នានា​នៅក្នុង​ឈូងសមុទ្រ​ស្ទើរតែ​ទាំងអស់ ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ គឺ​ខុសច្បាប់​ទាំងស្រុង។

លោក​រដ្ឋមន្រ្តី​ក៏បាន​សង្កត់ធ្ងន់​ថា «សហរដ្ឋអាមេរិក មានផល​ប្រយោជន៍​រួម​យ៉ាង​ជ្រៅ និង​ជា​ចីរកាល ជាមួយ​ដៃគូ និង​សម្ព័ន្ធ​មិត្ត ដែល​បាន​គាំទ្រ​ឲ្យ​មាន​បទបញ្ជា​អន្តរជាតិ​ជាធរមាន។ ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​រូប​នេះ ក៏​ស្រប​ទៅ​នឹង​អនុសញ្ញា​នៃ​អង្គការសហប្រជាជាតិ ស្ដី​អំពី​ច្បាប់​សមុទ្រ ឆ្នាំ១៩៨២ ដែរ។

ប្រភព​ដដែល​បន្ត​ថា យោង​តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដី​អំពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ នេះ និង​តាម​លក្ខខណ្ឌ​ភូមិសាស្ត្រ កោះត្រល់ ដែល​វៀតណាម ហៅថា Phú Quốc គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ពីព្រោះ​ដីដុះ​បន្ត​ពី​ជួរភ្នំ​ក្រវាញ នៃ​ខេត្តកំពត តភ្ជាប់​ទៅដល់​កោះត្រល់ ហើយនិង​មាន​រយៈ​ចម្ងាយ​ត្រឹមតែ ១៥ គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ​នៃ​ខេត្ត កំពត ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្នុងរង្វង់​ដែន ២២,២២៤ គីឡូម៉ែត្រ ដែល​កំណត់ដោយច្បាប់​សមុទ្រ​នេះ។

ប៉ុន្តែ កោះត្រល់ មាន​រយៈ​ចម្ងាយ​រហូតដល់ ៤៥ គីឡូម៉ែត្រ ពី​តំបន់​ហា​ទៀង នៃ​ខេត្ត​កៀន​យ៉ាង ប្រទេស​វៀតណាម ដែល​ស្ថិតនៅ​ផ្ទៃ​ខាងក្រៅ​រង្វង់​ដែន ២២,២២៤ គីឡូម៉ែត្រ ដែល​កំណត់ដោយច្បាប់​សមុទ្រ។កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាត្រា១ ចំណុច២​-ឃ ចែងថា «បញ្ចប់​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំងឡាយ ដែល​មិន​ស្រប​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន នៃ​ដែនដី អព្យាក្រឹតភាព និង​ឯកភាពជាតិ​របស់​ខ្លួន»។

សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ដែល​ធ្វើឡើង​នៅ​ឆ្នាំ១៩៧៩ ១៩៨២ ១៩៨៣ និង​ឆ្នាំ១៩៨៥ រវាង​វៀតណាម​- កម្ពុជា ក្រោម​ស្ថានភាព​ដែល​កម្ពុជា​ត្រួតត្រា​ដោយ​កងទ័ព​វៀតណាម បាន​ក្លាយជា​មោឃភាព​អស់ទៅហើយ ដោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ប៉ុន្តែ រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា នៅតែ​យក​មក​ធ្វើជា​មូលដ្ឋាន​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-វៀតណាម​ដដែល។

រី​ឯសន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​ឆ្នាំ២០១៩ ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ប្រើជា​បង្អែក​ដែរ​នោះ ក៏​មានខ្លឹមសារ​បំពាន​ទាំងស្រុង លើ​កិច្ច ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ដែរ។ 

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ គឺជា​លិ​ខិតូ​បរ​ណ៍​អន្តរជាតិ ឬមានតម្លៃ​ជា​ច្បាប់អន្តរជាតិ ដែល​ប្រទេស​ហត្ថលេខី​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យ​ត្រូវ​ខ្លឹមសារ​ដោយ​ការគោរព​គ្នា​ជាចាំបាច់។ វៀតណាម និង​សមាជិក នៃ​សមាគម​អាស៊ាន​ភាគច្រើន គឺជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តី​ពី​កម្ពុជា​នេះ។

ដោយឡែក​យន្តការ​អាស៊ាន វិញ ក៏បាន​ចែង​ពី​ការគោរព​ឯករាជ្យ​ភាព អធិបតេយ្យ​ភាព សមភាព បូរណភាពទឹកដី និង​អត្តសញ្ញាណ​ជាតិ នៃ​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ទាំងអស់ ប៉ុន្តែ​វៀតណាម​នៅតែ​មិនបាន​គោរព​ពេញលេញ ព្រោះ​ចេះតែ​រំលោភបំពាន​កម្ពុជា​កន្លងមក។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ អះអាង​ប្រាប់​លោក​រដ្ឋមន្រ្តី ម៉ៃ​ឃើល ផុម​ភេ​អូ ថា វៀតណាម​មាន​ប្រវត្តិ​ជាប់​មិន​ដាច់​គ្រប់​ដំណាក់កាល ក្នុង​ការឈ្លានពាន​ប្រទេស​កម្ពុជា ចូលកាន់​កាប់​ដែនដី​គោក​តាម​បណ្តោយ​ព្រំដែន ដែនសមុទ្រ និង​កោះ​នានា​របស់​កម្ពុជា ព្រមទាំង​បង្ហូរ​ជនជាតិ​វៀតណាម ខុសច្បាប់​រាប់​លាន​នាក់ ទៅ​រស់នៅ​លើទឹក​ដី​កម្ពុជា ដោយ​ការ​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ទាំង​រំលោភបំពាន​លើច្បាប់​ជាតិ​-អន្តរជាតិ ដែល​មាន​ជាធរមាន។

ទោះជាយ៉ាងណា​ក៏ដោយ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី បាន​ប្រកាស​នៅក្នុង​សប្តាហ៍​នេះ​ថា ខាង​អ្នកស្រី និង​ថ្នាក់ដឹកនាំ​ព្រំដែន ជាពិសេស​លោកនាយក​រដ្ឋមន្ត្រី បាន​ដាក់​ទាំង​ជិ​វិត​ដើម្បី​ការពារ​ទឹកដី​មួយ​នេះ​រហូត​មក។ ដូច្នេះ​គ្រប់​ដង្ហើមចេញ​ចូល​របស់​អ្នកស្រី​មិនដែល​ភ្លេច​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ឡើយ គឺ​ការពារ​ឲ្យបាន​នូវ​បូរណភាពទឹកដី និង​មិន​ឲ្យ​បរទេស​ណាម​កបំពាន​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​បំពាន​ទឹកដី​គេ​វិញ​ដែរ។

កាលពី​ឆ្នាំ២០១៩ កម្ពុជា​-វៀតណាម បាន​ចុះហត្ថលេខា​ទទួលស្គាល់​លើ​ការ​បោះបង្គោល​ព្រំដែន​ខណ្ឌសីមា​ដែល​បោះ​សម្រេច​បាន៨៤ភាគរយ ហើយ​នៅសល់១៦ភាគរយ​ទៀត​ភាគី​ទាំងពីរ​ប្តេជ្ញា​ដោះស្រាយ​និង​ឈាន​ទៅ​បោះ​ឱ្យ​ចប់​នៅក្នុង​ពេល​ឆាប់​ៗខាងមុខនេះ ខណៈ​ដែល​ការ​បោះបង្គោល​កន្លង​មក​ពល​រដ្ខ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​តែង​លើកឡើង​ពី​ការបាត់បង់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់ និង​លើកឡើង​ពី​ការ​ចាញ់ប្រៀប​ភាគី​វៀតណាម​រហូត​ផង​ដែរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស