31 C
Phnom Penh

យុវជន សង្គម​ស៊ីវិល និង​សហគមន៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដកសិទ្ធិ​អភិវឌ្ឍន៍​កោះកុង​ក្រៅពី​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុង​ផាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន សង្គម​ស៊ីវិល និង​សហគមន៍ អំពាវនាវ​ឱ្យ​ដកសិទ្ធិ​អភិ​ឌ្ឈ​ន៍ កោះកុង​ក្រៅ​ទាំងមូល​ពី​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិ​ត (S.E.Z Co.LTD​) របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​ដាក់​តំបន់​កោះកុង​ក្រៅ​ទាំងមូល​ជា​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ឡើងវិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​យុវជន សង្គម​ស៊ីវិល​និង​សហគមន៍ ជិត១រយ នៅ​ថ្ងៃនេះ​បាន លើកឡើង​ពី​ក្តី​បារម្ភ​របស់​ពួក​គេ​ថា នៅពេល​កោះកុង​ក្រៅ​ប្រគល់​សិទ្ធិ​វិនិយោគ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន ពិសេស​ផ្តល់​ឱ្យ​ឧកញ៉ា​លី យ៉ុង​ផាត់ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំង​មិន​ផ្តល់​ប្រយោជន៍​ជូន​ពលរដ្ឋ​បាន​ច្រើន​នោះ​ឡើយ។បញ្ហា​នេះ ពួក​គេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដកហូត​សិទ្ធិ​វិនិយោគ​កោះកុង​ក្រៅពី​ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊ិ​ត (S.E.Z​) ហើយ​រក្សា​តំបន់​នេះ​ទាំងមូល​ជា​តំបន់​ការពារ​ដោយ​ច្បាប់ ឬឧទ្យានជាតិ​សមុទ្រ ដែល​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​បរិស្ថាន និង​ក្រសួងទេសចរណ៍ ដើម្បី​ធានា​ថា​កោះ​មួយ​នេះ​មិន​ត្រូវ​បាន​បំផ្លាញ។

លើស​ពីនេះ ដើម្បី​រក្សា​បាន​នូវ​សភាព​ដើម​ទាំងស្រុង​សម្រាប់​ទុកជា​តំបន់​ទេសចរណ៍​ធម្មជាតិ ជា​កន្លែង​បែប​ផ្សងព្រេង សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ជីវៈ​ចម្រុះ និង​ជា​កេរ្តិ៍ដំណែល​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ជំនាន់។

ការ​ស្នើ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ដែល ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន នៅ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ស្ថិត​ក្នុង​ខេត្តកោះកុង ដែល​មាន​លោក សាយ សំ​អាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ជា​ប្រធាន និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន ព្រមទាំង​សមាជិក​ចំនួន៨រូប​ផ្សេងទៀត។

បើ​តាម​សេចក្ដីសម្រេច​នោះ គណៈកម្មការ​ខាងលើ មាន​ភារកិច្ច​ត្រួតពិនិត្យ លើ​គម្រោង​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល របស់​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិ​ត ខូ​អិល​ធី​ឌី (S.E.Z​) របស់​ឧកញ៉ា​លី យ៉ុង​ផាត់ ដែល​រដ្ឋាភិបាល​ប្រគល់​ជូន ឲ្យ​អភិវឌ្ឍន៍ តាមរយៈ​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី។

មុន​ពេល​រដ្ឋាភិបាល​សម្រេច​ប្រគល់​សិទ្ធិ​វិនិយោគ​កោះកុង​ក្រៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ក្រសួងបរិស្ថាន​អះអាង​ថា តំបន់​កោះកុង​ក្រៅ​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​សិក្សា​តាំងពី​ឆ្នាំ២០១៦ ដើម្បី​ដាក់ជា «តំបន់​ឧទ្យានជាតិ​សមុទ្រ» ព្រោះ​មាន​ធន​ធនា​ធម្មជាតិ ជីវចម្រុះ និង​ឆ្នេរខ្សាច់​ស្រស់​ស្អាត ដែល​ត្រូវការ​ពារ និង​អភិរក្ស។

កោះកុង​ក្រៅ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង មាន​ចម្ងាយ​ប្រមាណ ៣០គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ ទីរួមខេត្ត​កោះកុង។ កោះ​នេះ​មានផ្ទៃ​ដី​ទំហំ ១០៣ គីឡូម៉ែត្រ​ក្រឡា និង​មាន​ឆ្នេរ​ប្រវែង ៥៣គីឡូម៉ែត្រ និង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ចម្រុះ រួមមាន​ព្រៃឈើ ឆ្នេរខ្សាច់ សក្បុស ទឹកសមុទ្រ​ថ្លាឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំង​សត្វព្រៃ និង​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស