អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋមួយចំនួន រស់នៅខេត្តកែប បានប្រកាសគាំទ្រ ចំពោះការប្តេជ្ញាចិត្ត របស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណា ដែលបានរំលោភយកដីរដ្ឋខុសច្បាប់ ធ្វើកម្មសិទ្ធឯកជនជាបន្តបន្ទាប់មកនេះ។ យ៉ាងនេះក្តី ទាំងប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល បញ្ជាក់ថា នឹងរង់ចាំមើល ថាតើលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ហ៊ានចាត់ការទៅលើជនល្មើស ដែលជាមន្ត្រីមានឋានៈបុណ្យស័ក្កធំៗ និងឈ្មួញមានទ្រព្យ ដែលចូលទៅកាប់ទន្ទ្រានរានយកដីព្រៃលិចទឹក និងដីចំណីឆ្នេរសមុទ្រជាដើម ដែលមាន
ទីតាំងនៅមិនឆ្ងាយប៉ុន្មានពីសាលាខេត្តកែប ធ្វើកម្មសិទ្ធិខុសច្បាប់នោះ មានប្រសិទ្ធភាពដែរឬទេ។ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ដែលទើបចូលកាន់តំណែងថ្មី ធ្លាប់ព្រមានថា ជនទាំងឡាយណា ដែលចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ទោះបីជននោះជាអ្នកធំ មន្ត្រីមានអំណាច អ្នកមានទ្រព្យ ឬពលរដ្ឋតូចតាចក្តី សូមកុំសង្ឃឹមថា នឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យសោះ បើទោះបីផែនការល្មើស របស់ជនខិលខូចមួយចំនួននោះ បានទន្ទ្រានដីរដ្ឋជោគជ័យរួចហើយក៏ដោយ។លោក សោម ពិសិដ្ឋ ព្រមានដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ប្រចាំឆមាសទី១ កាលពីចុងខែកក្កដា ឆ្នាំ២០២០។
នាឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បានព្រមានខ្លាំងៗនៅចំពោះមុខមន្ត្រីរាជការ ដោយផ្តាំទៅក្រុមឈ្មួញ ដែលឆ្លៀតឱកាសរំលោភយកដីរដ្ឋ ដោយខុសច្បាប់នាពេលកន្លងមក សូមឲ្យប្រយ័ត្នខ្លួន។ លោកបន្តថា ថ្មីៗនេះមានជនឆ្លៀតឱកាសមួយចំនួន បានជួលប្រជាពលរដ្ឋក្នុងតម្លៃមួយទ្វេជា១០ ឲ្យរៀបឥដ្ឋធ្វើខឿន ហ៊ុមព័ទ្ធយកដីឆ្នេរទាំងយប់ទាំងថ្ងៃ និងឈ្មួញខ្លះទៀត បានជួលក្រុមប្រជាពលរដ្ឋ ឲ្យចូលទៅកាប់ឆ្ការរុករានយកដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិឯកជន ដែល ទង្វើទាំងនេះ បានជំរុញឲ្យពលរដ្ឋ ជាអ្នករងគ្រោះជំនួសដើម្បីផលប្រយោជន៍ និងបក្ខពួករបស់ខ្លួន។ លោក សោម ពិសិដ្ឋ សង្កត់ធ្ងន់ថា “អាជ្ញាធរបានកំណត់មុខសញ្ញាជន ដែលចូលទៅទន្ទ្រានរានយករដ្ឋខុសច្បាប់ទាំងនោះរួចហើយ ហើយ រដ្ឋបាលខេត្តកែប នឹងធ្វើការទៅតាមផ្លូវច្បាប់”៕