26 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាប់​ពិ​រុ​ទួ្ធ​ភាព​អំពើពុករលួយ​សារភាព​ថា​លោក​បាន​យក​ប្រាក់​នោះ​ជួយ​ជន​ក្រីក្រ និង​ជួយ​សង្គម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត បុរស​ខ្លាំង​នៃ​ប្រទេស​ម៉ាឡេស៊ី អតីត​នាយក​រដ្ឋមន្ត្រី​ណា​ជី​បរ៉ាហ្សា​ក់ បាន​សារភាព​ថា ប្រាក់​ដែល​គ្រួសារ​លោក​មាន​សព្វថ្ងៃ​គឺ៩៩​% បាន​យក​ទៅ​ជួយ​ជន​ក្រីក្រ កុមា​រកំពា្រ និង​ជួយ​ផ្នែក​សង្គមកិច្ច។ លោក​បាន​បញ្ជាក់​ថា ប្រាក់​ទាំងនោះ មិនបាន​ចំ​ណាយ​ចច្រើន​សម្រាប់​គ្រួសារ​របស់​លោក​ទេ។ លោក​អះអាង​ថា លោក​ក៏បាន​យក​ប្រាក់​ទាំងនោះ ទៅ​ជួយ​ទ្រទ្រង់​គណបក្ស​អង្គការ​ជាតិ​រួបរួម​ម៉ាឡេស៊ី ឬហៅ​កាត់​ថា UMNO ផង​ដែរ។នេះ​បើ​តាម​វិ​ដេ​អូ​ឃ្លិប ដែល​បាន​មើលឃើញ​នៅក្នុង​ហ្វេ​សបុ​ករបស់​លោក ហើយ​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន ChannelNews Asia ចុះផ្សាយ​នៅ​ថ្ងៃទី៤ ខែសីហា​នេះ។ ទោះជា​បែប​ណា​លោក​បាន​រំលឹក​ថា​លោក​គឺជា​មនុស្ស​ស្អាតស្អំ។

លោក ​ណា​ជីប ​ប្រកាស​ថា លោក​បាន​អោយ​មេធាវី​របស់​លោក​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ចំពោះ​សាលក្រម​ផ្ដន្ទាទោស​រូបលោក។ លោក​បន្ត​ថា ខ្លួន​លោក​ផ្ទាល់​ក៏​ជា​អ្នក​ស្អប់ខ្ពើម​អំពើ​អយុត្តិធម៌​ដែរ។ ប៉ុន្តែ​លោក​មិនបាន​និយាយ​ថា លោក​ស្អប់ខ្ពើម​អំពើពុករលួយ​នោះ​ទេ។បុរស​វ័យ៦៧ឆ្នាំ ដែល​បាន​កាន់អំណាច​នៅ​ម៉ាឡេស៊ី​រយៈពេល ១០ឆ្នាំ ហើយ​បាន​ធ្លាក់​ពី​អំណាច នៅក្នុង​ការបោះឆ្នោត​សភា ឆ្នាំ២០១៨ ត្រូវ​បាន​តុលាការ​ជាន់ខ្ពស់ ក្រុង​កូឡាឡាំពួរ កាត់​អោយ​ជាប់ទោស ១២ឆ្នាំ​ពី​បទ​ពុករលួយ និង​បំពាន​អំណាច​រដ្ឋ។ បុរស​នេះ ជាប់ទោស ពាក់ព័ន្ធ​នឹង​ការ​លួច​ផ្ទេរ​ប្រាក់​ពី​ធនាគារ​របស់​រដ្ឋ One MDB ទៅ​បញ្ចូល​ក្នុង​គណនី​របស់​គ្រួសារ​លោក។លោក​ណា​ជីប​មាន​ពិរុទ្ធភាព ៧បទ​ចោទ ក្នុង​នោះ​មានអំពើ​ពុករលួយ ៣បទ​ចោទ បទ​ចោទ​លាង​លុយ​កង្វក់ ៣បទ​ចោទ និង​បំពាន់​អំណាច​រដ្ឋ មួយ​បទ​ចោទ។

ដើមឡើយ រដ្ឋអាជ្ញា​បាន​កសាង​សំណុំរឿង​ចោទ​លោក​មានដល់​ទៅ ៤២ បទ​ចោទ។សារព័ត៌មាន ម៉ាឡេស៊ី Strait Times បាន​ចុះផ្សាយ​ថា មាន​បទ​ចោទចំ​នួន២ទៀត ដែល​លោក​ណា​ជីប​ត្រូវ​ប្រឈមមុខ ហើយ​បទ​ចោទ២នោះ នឹង​ធ្វើអោយ​បុរស​ខ្លាំង​ម្នាក់​នោះ អាច​ប្រឈមមុខនឹង​ទោស​ពី ២០ ទៅ២៥ឆ្នាំ។លោក​ណា​ជីប​បាន​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្រ្តី ពីឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៨។

បក្ស​កាន់អំណាច​របស់​លោក គឺ​បក្សUMNO បាន​ចាញ់ឆ្នោត​បក្ស​ប្រឆាំង របស់​អ្នកទោស នយោបាយ Anwar Ibrahim ។ក្នុង​អំឡុង​កាន់អំណាច​របស់​បុរស​ជាប់ពិរុទ្ធ​ភាព​ពុករលួយ និង​បំពាន​អំណាច​រដ្ឋ គឺ​ប្រទេស​ម៉ាឡេស៊ី មាន​និន្នាការ​និយម​ខ្លាំង​ជាមួយនឹង​ប្រទេស​ចិន។ ក្រោយពី​បក្ស របស់​លោក​ចាញ់ឆ្នោត គំរោង​អភិវឌ្ឍន៍ ជាច្រើន​ជាមួយនឹង​ប្រទេស​ចិន​ដែល​មាន​ប្រាក់​វិនិយោគ​រាប់ពាន់​លាន​ត្រូវ​បាន​ព្យួរ​ដោយ​រដ្ឋាភិបាល​ថ្មី ក្រោម​ហេតុផល​បង្ក​គ្រោះថ្នាក់​ដល់ បរិស្ថាន និង​សង្ស័យ​អំពី​អំពើពុករលួយ។

ភ្លាម​ៗបន្ទាប់ពី សាលក្រម​របស់​តុលាការ ក្រុង​កូឡា​ឡំ​ពួរ កាត់​អោយ​លោក​ណា​ជីប​មានទោស ប្រជាជន​ម៉ាឡេស៊ី ភាគច្រើន​បង្ហោះ​សារ លើ​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ក្ដី​រីករាយ និង​អរគុណ​តុលាការ​ដែល​បាន​រក​យត្តិ​ធម៌ ជូន​សង្គម​ម៉ាឡេស៊ី​ដែល​ធ្លាប់​ឈឺចាប់​ច្រើន​ទសវត្ស​មក​ហើយ ដោយសារ​មេដឹកនាំ ពុករលួយ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជា​ប្រិយ៍​ភាព លោក​អាន់​វ៉ា​អ៊ី​ប្រា​ហ៊ិ​ម បាន​ផ្ញើ​សារ​របស់ លោក​ជូន​ជនរួមជាតិ​ម៉ាឡេស៊ី អំពី​ការ​កាត់ទោស លោក​ណា​ជីប​ករណី​បំពាន​អំណាច​និង​ពុករលួយ។ លោក​ថា ដោយសារតែ​ឆន្ទៈ​របស់​ប្រជាជន​ប្រើ​តាមរយៈ​ការបោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា ឆ្នាំ២០១៨ដែល​ទម្លាក់​លោក​ណា​ជិប​ពី​អំណាច​នោះ​ហើយ​បាន​នាំ​អោយ មាន​ថ្ងៃ​កាត់ទោស ជន​ពុករលួយ​ម្នាក់​នេះ។លោក​អាន់​វ៉ា បាន​ទទូច​សុំ​អោយ ពលរដ្ឋ​ម៉ាឡេស៊ី ជួយ​គាស់រំលើង ឬសគ​ល់​ថែម​របស់​ពួក​ពុករលួយ​នៅក្នុង​ការបោះឆ្នោត​ខាងមុខនេះ។

ជាមួយគ្នា​នេះ ក្រុម​សមាជិកសភា បក្ស​ប្រឆាំង របស់ លោក​អាន​វ៉ា កំពុង​គាបសង្កត់ ទៅ​លោកនាយក​រដ្ឋមន្ត្រី មូ​ហ៊ី​ឌីន យ៉ា​ស៊ិន ស្នើ​ទៅកាន់​ប្រទេស ដែល​ពួក​ពុករលួយ​រត់​ទៅ​ជ្រកកោន​អោយ​ឃាត់ខ្លួន អ្នក​ទាំងនោះ ហើយ​អាជ្ញាធរ​ម៉ាឡេស៊ី នឹង​ឡើង​យន្តហោះ​ទៅ​នាំ​ខ្លួន​ពួក​គេ​មក​កាត់ទោស​ក្នុង​ប្រទេស​ម៉ាឡេស៊ី។យ៉ាងហោចណាស់ មាន​អ្នក​ជាប់ពាក់ព័ន្ធ​នឹង​លោក​ណា​ជីប២នាក់​បាន​រត់​ភៀសខ្លួន​ក្រៅប្រទេស។ ក្នុងចំណោម​នោះ មាន​ម្នាក់​ជា​ប្រធាន​ធនាគារ One MDB ដែល​ជួយ​លួច​លុយ​អោយ​លោក​ណា​ជីប យក​ទៅ​ដាក់​ក្នុង​គណនី​របស់​គ្រួសារ​លោក​ណា​ជីប។ មិនថា​ឡើយ​តែ​លោក​ណា​ជីប​ម្នាក់​នោះ​ទេ កំពុង​មានទោស គឺ​ភរិយា កូន​ៗ និង​កូន ប្រសា​របស់ លោក​ក៏​មាននៅ​ក្នុង​ដីការ​របស់​តុលាការ​ដែរ។លោក​ណា​ជីប​កាន់អំណាច រយៈពេល ១០ឆ្នាំ គ្រួសារ​របស់​លោក​មាន​លំនៅ​ដ្ឋាន​ធំៗ​ជាច្រើន​នៅ​ក្រុង​កូឡា​ឡំ​ពួរ និង​មាន​ឡាន​ទំនើប​ៗជាច្រើន​គ្រឿង។ គ្រាន់តែ​កាបូប​មួយ របស់​ភរិយា​លោក​គឺ​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ។

អ្នកសង្កេតការណ៍​សើចចំអក ថា គឺជា​រឿង​ហួសចិត្ត ដែល​លោក​ណា​ជីប​អះអាង​ថា លោក​បាន ដកហូត​លុយ​ពុករលួយ​របស់​លោក​ច្រើន​លាន រីង​ហ្គិ​ត ទៅ​ជួយ​ផ្នែក​សង្គមកិច្ច និង​ជន​ក្រីក្រ។ ពួក​គេ​ថា ការពិត លោក​ណា​ជីប​លួច​លុយ​របស់​ជាតិ ហើយ​យក​ទៅលេង​ល្បែង​នយោបាយ​ប្រជា​ភិថុត ដ៏​ថោកទាប​ដើម្បី​អំណាច​របស់​ខ្លួន​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស