ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងពលរដ្ឋរស់នៅខេត្តព្រះសីហនុ មានចម្ងល់ថា ហេតុអ្វីបានជាតុលាការ និងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ មិនព្រមនាំខ្លួនបុគ្គលឈ្មោះ ញ៉ក គឹមតុង មេក្លោងដឹកនាំជនអនាធិបតេយ្យចូលទន្ទ្រានដីរដ្ឋខុសច្បាប់ នៅតាមតំបន់មួយចំនួន នាខេត្តព្រះសីហនុ មកផ្តន្ទាទោស។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ អះអាងថា សព្វថ្ងៃនេះគេងសង្កេតឃើញ លោក ញ៉ក់ គឹមតុង ដែលត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាចាប់ខ្លួន បានបង្ហាញខ្លួននៅតាមក្លឹបកម្សាន្ត, ក្លឹបហាត់ប្រាណ, ភោជនីយ៍ដ្ឋាន, និងនៅតាមទីតាំងដីមួយចំនួន ក្នុងខេត្តព្រះសីហនុ ដោយមិនខ្វល់ដីកាចាប់ខ្លួន របស់តុលាការ ឬសមត្ថកិច្ចចាប់ខ្លួនទេ។
ប្រភពដដែលបន្តថា មូលហេតុដែលសមត្ថកិច្ចមិនព្រមចាប់ខ្លួន បុគ្គលឈ្មោះ ញ៉ក់ គឹមតុង អាចដោយសារតែបុគ្គលរូបនេះ មានខ្នងបង្អែកជាមន្ត្រីមានឋានៈបុណ្យស័ក្តខ្ពស់ម្នាក់ ឈ្មោះ សេង ទៀង ដែលតែងឃើញបង្ហាញវត្តមាននៅក្បែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់ជានិច្ច នៅពេលប្រមុខដឹកនាំធ្វើដំណើរទៅកាន់ទីតាំងណាមួយ ក្នុងប្រទេសកម្ពុជា។គួរបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក កែវ មុនី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ចោទពីបទកាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរដ្ឋ ដោយខុសច្បាប់។
នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួននោះ លោក កែវ មុន្នី បានបញ្ជាក់ថា ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជាជនជាតិខ្មែរ មានទីកន្លែងកំណើតនៅក្រុមទី១៣ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ជាង ស៊ុនគីម មានទីលំនៅបច្ចុប្បន្នសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានចោទពីបទ កាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ ប្រព្រឹត្តិនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ គឺជាបទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ។
ជុំវិញបទល្មើសនេះដែរ ប្រភពខ្លះទៀត ក៏បានចោទឈ្មោះ ញ៉ក់ គឹមតុង និងបក្ខពួកមួយចំនួនទៀតថា បានដើរធ្វើសកម្មភាពទន្ទ្រានដីរដ្ឋខុសច្បាប់យ៉ាងអាណាធិបតេយ្យនាពេលកន្លងមក នៅតាមតំបន់ជាច្រើនទៀត ក្នុងខេត្តព្រះសីហនុ។ យ៉ាងនេះក្តី រហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ឈ្មោះ ញ៉ក់ គឹមតុង ដែលសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាតាមចាប់ខ្លួន កំពុងកំពុងរស់នៅក្រៅសំណាញ់ច្បាប់ និងអាចដើរហើរបានដោយសេរីថែមទៀតផង។
រហូតមកទល់ពេលនេះ សាព័ត៌មាន The Cambodia Daily នៅមិនទាន់មានប្រភពអាចទាក់ទង ឈ្មោះ ញ៉ក់ គឹមតុង និងឈ្មោះ សេង ទៀង ដើម្បីបំភ្លឺជុំវិញចោទប្រកាន់ និងស្នើកសរបំភ្លឺជុំវិញការចេញដីកា របស់សាលាដំបូងខេត្តព្រះសីហនុ បង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន បានទេ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ៕