29 C
Phnom Penh

ពលរដ្ឋ​មាន​ទំនាស់​ជិត ០២ពាន់​គ្រួសារ​ប្រមូល​ផ្តុំគ្នា​ស្នើ​ដល់ លោកស្រី មិថុនា ភូ​ថង ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី រស់នៅ​ខេត្តកោះកុង សរុប​មាន​ចំនួន​ជិត ២ពាន់​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជិត២ពាន់​គ្រួសារ (១,៩៨១​) មក​ពី​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន០៤ បាន​មក​ប្រមូល​ផ្តុំគ្នា​តវ៉ា​ទាមទារ​យុត្ត​ធម៌​ដីធ្លី នៅមុខ​សាលាខេត្ត​កោះកុង នៅ​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បី​ស្នើ​ដល់ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​លើ​វិបត្តិ​ដីធ្លី​រាំ​រ៉ៃ និង​ទាមទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់​ជូន​ពួក​គាត់​វិញ។

តំណាង​ប្រជាពលរដ្ឋ បាន​ឲ្យដឹង​ថា ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​តាម​សហគមន៍​ដីធ្លី​ទាំង០៤ ដែល​បាន​ចូលរួម​ទាមទារ​យុត្តិធម៌​ខាងលើ​នេះ រួមមាន៖ សហគមន៍ ១៩៧គ្រួសារ​នៅ ឃុំ​ខលើ ស្រុកស្រែ​អំបិល​, សហគមន៍ ១៧៥គ្រួសារ ឃុំ​ជីខក្រោម ស្រុកស្រែ​អំបិល​, សហគមន៍ ៨៤៣គ្រួសារ ស្រុក​បូទុមសាគរ​, និង​សហគមន៍ ៧៦៦គ្រួសារ ឃុំ​ដងពែង ស្រុកស្រែ​អំបិល សរុប​មាន​ចំនួន៖ ១,៩៨១គ្រួសារ​/នាក់។

តំណាង​ពលរដ្ឋ​បន្ត​ទៀត​ថា ពលរដ្ឋ​ជិត ២ពាន់​គ្រួសារ​ខាងលើ​នេះ​បាន​រងគ្រោះ​បាត់បង់​សិទ្ធិ​មានកម្ម​ដីធ្លី ដោយសារតែ​ក្រុមហ៊ុន លោក​ឧកញ៉ា លី យ៉ុង​ផាត់​, ក្រុមហ៊ុន​លោក​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ចិន បាន​ធ្វើសកម្មភាព​រំលោភ​យក​ដីធ្លី របស់​ប្រជាពលរដ្ឋ​ពួក​គាត់​ទាំង​បំពាន បណ្តាល​ឲ្យ​ពួក​គាត់​បាត់បង់ និង​ប៉ះពាល់​ដល់​ជីវភាពរស់នៅ​, សិទ្ធិ​មាន​ចំណីអាហារ​ហូប​គ្រប់គ្រាន់​, សិទ្ធិ​លំនៅឋាន​ផ្ទះសម្បែង​សមរម្យ​, សិទ្ធិ​រស់រាន​មានជីវិត និង សិទ្ធិ​ទទួល​បានការ​អប់រំ​ជាដើម។

តំណាង​ពលរដ្ឋ​បន្ត​ថា ជា​រួម​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គាត់​ទាំង ០៤សហគមន៍ ត្រូវ​រង់​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ២០០៦ បន្ត​រហូតមកដល់​ឆ្នាំ២០២០នេះ នៅ​មិនទាន់​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ពួក​គាត់​នៅឡើយ។ យ៉ាងណាក៏ដោយ​ចុះ គិត​ត្រឹម​ល្ងាច​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ មិនទាន់​មានការ​ឆ្លើយតប​បែប​ណា​ពី លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មានទំនុក​ចិត្ត ឬឈាន​ដល់​មាន​ពន្លឺយុត្តិធម៌​ដីធ្លី​នៅឡើយ​ទេ។

ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ទាំង ០៤សហគមន៍ បាន​អះអាង​ថា នឹង​បន្ត​ប្រមូល​ផ្តុំគ្នា​ឡើង​ទៅ​តវ៉ា​ទាមទារ​យុត្តិធម៌​ដីធ្លី​នេះ ដល់​មុខ​ផ្ទះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ ជា​បន្ត​ទៀត​នៅ​ថ្ងៃខាងមុខ​ដ៏​ឆាប់​នេះ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស