ការប្រមូលផ្តុំតវ៉ាពីសំណាក់ក្រុមយុវជន ដើម្បីទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅថ្ងៃពុធនេះ នាំឲ្យមានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរខន្ឌ៧មករា បណ្តាលឱ្យយុវតី២នាក់បានរងរបួស។ក្រុមយុវជន និងពលរដ្ឋប្រមាណ២០នាក់ បាននាំគ្នាប្រមូលផ្តុំ ដោយស្រែកតវ៉ា និងបានព្យាយាមដើរពីវត្តមហាមន្ត្រី ខាងកើតពហុកីឡាដ្ឋានជាតិអូឡាំពិច ឆ្ពោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន បើទោះបីជាក្រសួងយុត្តិធម៌និងសាលាក្រុងភ្នំពេញទើបតែព្រមានចាត់វិធានច្បាប់ទៅលើក្រុមអ្នកតវ៉ាទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះក្តី។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ យុវតីម្នាក់ដែលរងរបួសក្នុងហេតុការណ៍នោះ កញ្ញា ជា គន្ធី និយាយថា កញ្ញារួមនឹងប្រជាពលរដ្ឋមួយចំនួនទៀត បាននាំគ្នាប្រមូលផ្តុំនៅក្បែរផ្សារអូឡាំពិក ហើយមានបំណងធ្វើដំណើរដោយថ្មើរជើងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន ប៉ុន្តែត្រូវបានក្រុមអាជ្ញាធរខណ្ឌមករារាំងនិងបំបែកការដើរហែក្បួននោះ។ កញ្ញាបន្តថា ការបង្ក្រាបមកលើក្រុមយុវជនពីសំណាក់អាជ្ញាធរខណ្ឌ៧មករានោះ គឺមិនត្រឹមត្រូវឡើយ ដែលពួកគេមានបំណងប្រើហិង្សាធ្ងន់ធ្ងរលើក្រុមយុវជន និងពលរដ្ឋដែលចូលរួមថែមទៀតផង។កញ្ញាសោកស្តាយចំពោះទង្វើរបស់អាជ្ញាធរពេលនេះ ដែលវាជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមទាំងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ខែកក្កដា ពាក់ព័ន្ធនឹងការលើកឡើងបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ។ មួយថ្ងៃក្រោយមកគឺ នៅថ្ងៃទី ១ខែសីហា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់លោកពីបទ ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននោះ។
ក្រោយចាប់ខ្លួនលោករ៉ុង ឈុន សកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក ក៏កើតមានជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ដោយព្រមានចាត់វិធានការចំពោះរាល់ការជួបប្រជុំប្រមូលផ្តុំតវ៉ាណាដែលមិនបានជូនដំណឹងជាលាយលក្ខណ៍អក្សរមកអាជ្ញាធរជាមុន។អាជ្ញាធរកុ្រងភ្នំពេញបញ្ជាក់ថា ក្នុងករណីគ្មានការជូនដំណឹងជាមុន ត្រូវចាត់ទុកជាទង្វើខុសច្បាប់ ដែលត្រូវចាត់វិធានការ។ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថានឹងចាត់វិធានការច្បាប់រាល់សកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ព្រោះថាជាសកម្មភាពខុសច្បាប់ ដាក់សម្ពាធទៅលើតុលាការ និងត្រូវមានទោសថែមទៀតផង។
យ៉ាងនេះក្តី ក្រុមសង្គមស៊ីវិលដែលធ្វើការងារការពារសិទ្ធិមនុស្សនិយាយថា សកម្មភាពរារាំង និងប្រើហិង្សាលើក្រុមយុវជនពីសំណាក់អាជ្ញាធរក្រុងភ្នំពេញពេលនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ក្រោយចាប់ខ្លួនលោក រ៉ុង ឈុន ទាំងអង្គការជាតិ និងអន្តរជាតិ ព្រមទាំងសហជីពអន្តរជាតិផង បានចេញសេចក្តីថ្លែងការណ៍ និងផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផ្ទាល់ ដោយទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះជាបន្ទាន់ និងឥតលក្ខខណ្ឌ ព្រោះអ្វីដែលលោក រ៉ុង ឈុន លើកឡើងកន្លងមកជាសិទ្ធិបញ្ចេញមតិ ស្របតាមច្បាប់ជាតិនិងអន្តរជាតិផងដែរ។
បន្ថែមពីនេះទៀត ពួកគេលើកឡើងថា ការចាប់ខ្លួនលោក រ៉ុង ឈុន ជាការបន្ថែមនូវរូបភាពកាន់តែអាក្រក់ ក្នុងការរំលោភសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិបញ្ចេញមតិ នៅកម្ពុជាផងដែរ៕