
ទីបំផុតអតីតឧត្តមសេនីយ៍ ដែលបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី ដោយសាររដ្ឋប្រហារ គឺលោកបា្រយុទ្ធចាន់អូចា បានសន្យាថា នឹងរុញអោយមានការធ្វើវិសោធន៍កម្ម រដ្ឋធម្មនុញ្ញ ដោយនិយាយថា រដ្ឋាភិបាល នឹងដាក់បង្ហាញ នូវទស្សនៈវិស័យ របស់រដ្ឋាភិបាល ដើម្បីចងក្រង និងតាក់តែងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញសប្រាប់ការបោះឆ្នោត លើកក្រោយទៀត។
នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី៥សីហានេះ។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី៤សីហា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះដ៏ងាយគ្រោះថ្នាក់ បាននិយាយថា តួនាទីរបស់លោកបានមកពីការគាំទ្ររបស់សមាជិកសភា ដែលដូចនេះលោក ត្រូវការគាំទ្រពីគណៈកម្មការនីតិកម្មនៃរដ្ឋសភា ហើយត្រូវសិក្សាជាមុនសិន មុននឹងសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ តែលោកថាប្រសិនបើក្រុមប្រឆាំង ដាក់សំណើ ឬក៏បង្ហាញ សេចក្ដីព្រាងវិសោធនកម្ម ទៅរដ្ឋសភា គឺរដ្ឋាភិបាលក៏នឹងបង្ហាញផងដែរនូវសេចក្តីព្រាង របស់ខ្លួន ហើយនឹងមានការប្រៀបធៀបគ្នា។លោកប្រាយុទ្ធបានថ្លែងដូចនេះថា៖ យើងកំពុងរង់ចាំសំណើរបស់ គណៈកម្មាធិការនីតិកម្ម របស់រាជរដ្ឋភិបាល។
រដ្ឋភិបាលបានកំពុង ពិនិត្យមើលទស្សនៈពាក់ព័ន្ធជាច្រើនដើម្បីបញ្ជូលក្នុងវិសោធនកម្ម។ ខ្ញុំ រំពឹងថា វិសោធនកម្មរដ្ឋធម្មនុញ្ញ នេះនឹងបញ្ជូនទៅក្នុងកិច្ចប្រជុំសភា នៅខាងមុខនេះ។ រដ្ឋាភិបាល បើកចិត្តទូលាយអោយសមាជិកសភាក្រុម ប្រឆាំងចូលរួមផ្ដល់យោបល់និងទស្សនៈរបស់ពួកគេដើម្បី អោយរដ្ឋធម្មនុញ្ញនេះកាន់តែល្អនិងមានសា្មរតីដើម្បីជាតិថៃទាំងមូល។រដ្ឋធម្មនុញ្ញ បច្ចុប្បន្នរបស់រាជាណាចក្រថៃ បានតាក់តែងឡើងដោយ ក្រុមប្រឹក្សាយោធា និងសភា ធម្មនុញ្ញដែល ក្រោមការបង្គាប់បញ្ជារបស់ ពួកឧត្តមសេនីយ៍។ រដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ត្រូវបានហៅថា ជាឧបករណ៍របស់ ក្រុមប្រឹក្សាយោធានិង ជាឈ្នាន់សម្រាប់លោកប្រាយុទ្ធបន្តឡើងកាន់តំណែងនាយករដ្ឋមន្ត្រីម្ដងទៀត។
រដ្ឋធម្មនុញ្ញនេះហើយ ដែលត្រួសត្រាយផ្លូវអោយ លោកប្រាយុទ្ធបានធ្វើជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតសភា កាលពី ខែមីនាឆ្នាំ ២០១៩។ចលនារុញអោយមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ កើតឡើងបានដោយសារក្រុម គណបក្សប្រឆាំង បានគាបសង្គត់បក្សកាន់អំណាចច្រើនខែមកហើយ។ ក្រុមប្រឆាំងចាត់ទុករដ្ឋធម្មនុញ្ញ នេះថាមិនឆ្លើយតបនឹងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យសាកលនោះទេ។លោក ប្រាយុទ្ធ បាននិយាយថាលោកពិតជាគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រោះពេលនេះ គឺជាការចាំបាច់ដែលត្រូវការសំឡេង ពហុបក្សនៅក្នុងរដ្ឋសភា។ លោកបន្តថា នឹងអោយអ្នកច្បាប់របស់រដ្ឋាភិបាលធ្វើវេទិកាជាមួយ ក្រុមទស្សនៈចម្រុះ គឺរយៈពេលមួយខែ ទើបសម្រេចបញ្ជូនសេចក្ដីព្រាងវិសោធនកម្មទៅរដ្ឋសភា។
នៅក្នុងរដ្ឋសភាថៃ មានប៉ូលនយោបាយធំៗចំនួន២ ដែលមានតុល្យភាពនឹងគ្នា គឺសមាជិសភា នៃរដ្ឋាភិបាលចម្រុះ ១៩គណបក្ស និងក្រុមរណសិរ្យប្រជាធិបតេយ្យ ដែលដឹកនាំដោយគណបក្សភឿថៃ ។ តែយ៉ាងណា ជំហររបស់ លោកប្រាយុទ្ធ បានកើតឡើង ចំពេលដែលបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ បានអូសដល់ដំណាក់កាលទី២ គឺវាយប្រហារទៅលើស្ថាប័នព្រះមហាក្សត្រតែម្ដង។តាមទីភ្នាក់ងារសារព័ត៌មាន Reuters បាតុកម្មរបស់និស្សិតថៃ ដែលសំដៅ ទាមទារអោយរំលាយរដ្ឋសភា បានអូសសភាពការតវ៉ាមួយបន្ថែមទៀត គឺទាមទារអោយកែរដ្ឋធម្មនុញ្ញ សំដៅទៅដល់ការរឹតត្បិតអំណាចរបស់ព្រះមហាក្សត្រថែមទៀត។ បាតុកម្មកាលពីថ្ងៃទី៣ ខែសីហា ក្រុមអ្នកតវ៉ាដែលមានគ្នាប្រមាណ ២០០នាក់ បានជួបជុំគ្នាជាថ្មីនៅក្បែរវិមានប្រជាធិបតេយ្យក្នុងរាជធានីបាងកក។
បាតុកដែលភាគច្រើនស្លៀកពាក់ខ្មៅ និងពាក់ម៉ាស់បិទមាត់ព្រោះខ្លាចឆ្លងកូវិដ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថារាជវាំងថៃ បានប្រមូលអំណាចកាន់តែច្រើនដែលប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ ហើយបណ្ដោយអោយក្រុមយោធា ប្រឡូកប្រឡាក់នឹងរឿងនយោបាយ ដែលនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចន្ទអូចាមានឥទ្ធិពលលើពួកគេយោធាទាំងនោះ។ក្រុមបាតុករវ័យក្មេង បាននិយាយថា គេត្រូវរៀបចំឡើងវិញប្រព័ន្ធ រាជានិយមថៃ អោយដើរលើផ្លូវត្រឹមត្រូវវិញ និងសមស្របទៅតាមគោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យ។
និស្សិតបាតុករទាំងនេះក៏បានអានសារមួយផ្ដើមដោយឃ្លាថា លុបចោលទៅ និងសូមកែទម្រង់ច្បាប់ដែលពង្រីកអំណាចរាជវាំង និងច្បាប់ណាប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋសោយរាជ្យអស់មួយជីវិត។ នេះជាសេនារូយោថ្មីទៀត ដែលក្រុមបាតុករ ដាក់ទំងន់ទៅលើរាជវាំងរបស់រាជាណាចក្រនេះ ដែលមានអាយុយកាលយូរជាងគេនៅលើពិភពលោក។ នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានប្រាប់ទៅបាតុករថាកុំព្យាយាម បង្កចលាចងដល់សង្គម។តែយ៉ាងណា លោកសន្យាថា នឹងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដើម្បីអោយ ច្បាប់កំពូលនេះជារបស់ដ៏សំខាន់នៃជាតិសាសន៍ថៃទាំងមូល៕