សមត្ថកិច្ច​ចាប់ខ្លួន​អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤រូប​បន្ថែម​ទៀត ខណៈ​ឱសានុ​វាទ ដក EBA ២០​% ជិត​ចូល​មកដល់

សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤រូប​បន្ថែម​ទៀត ក្រោយពី​មានការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន។សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យVOD បាន​ស្រង់​សម្តី​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​ពួក​គេ​ទាំង៤នាក់​នោះ​ចុះផ្សាយ កាលពី​ថ្ងៃម្សិលមិញ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង៤រូប​នោះ រួមមាន លោក អ៊ុ​ក សំ​អូន អ្នកស្រី ឈិន សុ វណ្ណា លោក ឈួ ផេង និង​លោក ជុំ ពុទ្ធី ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី៤ ទី៥ និង​ទី៦ ខែសីហា។

មេធាវី​ដដែល​បន្ត​ថា ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខណៈ​ពួក​គេ​ព្យាយាម​ជួប​ព្រះសង្ឃ៨អង្គ​ដែល​អាជ្ញាធរ​នាំ​ព្រះ​កាយ​មក​វត្ត​ថាន់​ឱ្យ​ចុះ​កិច្ចសន្យា​ឈប់​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន បន្ត​ទៀត។សារព័ត៌មាន​ដដែល​ក៏បាន​ស្រង់​សម្តី​របស់ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ដោយ​អះអាង​ថា ជនសង្ស័យ៤នាក់​ដែល​បាន​ចាប់ខ្លួន នោះ​គឺ ពីរ​នាក់​ត្រូវ​អប់រំ និង​ដោះលែង​វិញ ហើយពីរ​នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​តុលាការ។សកម្មជន​បក្ស​ប្រឆាំង​ពីរ​នាក់​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រួមមាន លោក ឈួ ផេង និង​លោក ជុំ ពុទ្ធី ដោយ​សមត្ថកិច្ច​ចោទ​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ។

យ៉ាងនេះ​ក្តី​ក្រុម​គ្រួសារ​អ្នក​ទាំងពីរ អះអាង​ថា ពួក​គេ​ទាំងពីរ​រូប​ពុំ​បាន​ធ្វើខុស​ដូច​ការចោទប្រកាន់​ឡើយ ដោយ​គ្រាន់តែ​មានបំណង​ទាមទារ​ឱ្យ​ដោះលែង​មនុស្ស​ដែល​គ្មាន​កំហុស​តែប៉ុណ្ណោះ។សមត្ថកិច្ច​បាន​ចាប់ខ្លួន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជាស​មា​ជិ​កឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កាលពី​យប់​ថ្ងៃទី៣១ ខែកក្កដា។ មួយថ្ងៃ​បន្ទាប់ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ពាក់ព័ន្ធ​ការ​លើកឡើង​ពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រប​ណ្តោះ​អាសន្ន ។

ការ​បន្ត​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​លោក រ៉ុង ឈុន ព្រមទាំង​ចា​បើ​ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត ស្រប​ពេល​ដែល​កម្ពុជា នៅសល់​តែ​ពេល៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​មួយ ដើម្បី​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​%របស់​អឺរ៉ុប​ឱ្យ​នៅ​គង់វង្ស​បាន។សហភាព​អឺរ៉ុប​បានសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ជា​វិធានការ​ដំបូង​មក​លើ​កម្ពុជា កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ក្រោយពេល​ពួក​គេ​រក​ឃើញថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភសិទ្ធិ​មនុស្ស សិទ្ធិ​ការងារ​ជា​ប្រព័ន្ធ។ បន្ថែម​ពីនេះ ការសម្រេច​នោះ​ធ្វើឡើង​ក្រោយពេល​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ធ្វើ​ឱ្យ​ប្រសើរ​នោះ​ឡើយ នូវ​ស្ថានភាព​នយោបាយ ស្ថានភាព​គោរព​សិទ្ធិមនុស្ស តាម​ការ​ទាមទារ​របស់​ខ្លួន។

សហភាព​អឺរ៉ុប​ប្រកាស​ថា នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​%នឹង​ធ្វើឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃទី១២ ខែសីហា ហើយ​ប្រសិនបើ​នីតិវិធី​នេះ​ចូលជាធរមាន​កម្ពុជា នោះ​កម្ពុជា​នឹង​ត្រូវ​បង់ពន្ធ​ក្នុង​ការ​នាំ​ទំនិញ​ទៅ​អឺរ៉ុប៤០ប្រភេទ ក្នុង​ទំហំ​បង់ពន្ធ​ប្រមាណ១០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ។យ៉ាងនេះ​ក្តី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ហើយ​ថា​កម្ពុជា​នឹង​បង់ពន្ធ​ទៅ​អឺរ៉ុប​តាម​ការ​ដាក់ទណ្ឌកម្ម​នេះ ប៉ុន្តែ​កម្ពុជា​នឹង​មិន​អោន​ក្បាល​ចំពោះ​បរទេស​ជា​ថ្នូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ​ឡើយ។

លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​លោក រ៉ុង ឈុន ម្តង​រួចមក​ហើយ​ឱ្យ​បញ្ឈប់​ការ​ទាមទារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០ភាគរយ​នេះ​ទៀត ត្បិត​រដ្ឋាភិបាល​គ្មាន​ថ្ងៃ​អោន​ក្បាល​នោះ​ទេ។ទោះបីជា​យ៉ាងណាក៏ដោយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​ផ្ញើ​លិខិត​ទៅ​សហភាព​អឺរ៉ុប​ចំនួន៣លើក​រួចមក​ហើយ ដោយ​ស្នើ​ឱ្យ​ពន្យារពេល​ក្នុង​ការអនុវត្ត​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគរយ​មក​លើ​កម្ពុជា។GMAC បញ្ជាក់​ថា​ប្រសិនបើ​អឺរ៉ុប​សម្រេច​អនុវត្ត​នីតិវិធី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នឹង​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​នឹង​ត្រូវ​បំផ្លាញ ហើយ​វាសនា​កម្មករ​និយោជិត​រាប់​សិប​ម៉ឺន​នាក់​ដែល​ទទួលផល​ដោយ​ផ្ទាល់ និង​វាសនា​ពលរដ្ឋ​រាប់​លាន​នាក់​ទៀត​ដែល​ទទួល​ផល​ដោយ​ប្រោយ​ជន៍​នឹង​ជួប​គ្រោះអាសន្ន​ជាក់ជា​មិនខាន​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.