ឪពុកកុមារីរងគ្រោះ លើករណីរំលោភផ្លូវភេទដែលមានជនជាប់ចោទជាអតីតមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអះអាងថា កូនស្រីរបស់គាត់ ដែលត្រូវជនល្មើសឈ្មោះ កង សុផាត ចាប់រំលោភតាំងពីមានអាយុ ១១ឆ្នាំ គិតមកត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ អាណាព្យាបាលរូបនេះ ស្នើដល់លោក ហ៊ុន សែន និងភរិយា ស្វែងរកយុត្តិធម៌ ជាពិសេសជួយអន្តរាគមន៍ឲ្យស្ថាប័នពាក់ព័ន្ធចុះរឹបអូសយកទ្រព្យសម្បត្តិ មានផ្ទះ ឬដីធ្លី របស់ជនល្មើសឈ្មោះ កង សុផាត ដើម្បីផ្តល់សំណងជំងឺចិត្តចំនួន ៤០លានរៀល តាមសាលដីកាស្ថាពររបស់តុលាការកំពូល ដែលផ្តល់ជូនគ្រួសារ របស់លោក ។
ឪពុកកុមារីរងគ្រោះករណីរំលោភផ្លូវភេទ បច្ចុប្បន្ន រស់នៅក្រុងព្រះសីហនុ លោក យ៉ុង ប៉ុនលី បានប្រាប់ The Cambodia Daily នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហានេះថា រូបគាត់ក៏ដូចជាកូនស្រី បានទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេល ១០ឆ្នាំមកហើយ ហើយរហូតមកទល់ពេលនេះជនល្មើសឈ្មោះ កង សុផាត នៅមានសេរីភាពដើរហើរ ក្រៅពន្ធនាគារនៅឡើយ ចំណែកគ្រួសាររបស់លោកក៏មិនទាន់ទទួលបានសំណងមួយកាក់មួយសេនណានោះដែរ។អាណាព្យាបាលរូបនេះបន្តថា កូនស្រីគាត់ ដែលកាលណោះទើបមានអាយុ ១១ឆ្នាំ ត្រូវឈ្មោះ កង សុផាត ជាអតីតមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់រំលោភកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០ ហើយជនល្មើសនៅមានសេរីភាពក្រៅសំណាញ់ច្បាប់នៅឡើយ បើទោះបីតុលាការកំពូល សម្រេចសាលដីកាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឲ្យជនល្មើសឈ្មោះ កង សុផាត ជាប់គុគ ០៥ឆ្នាំ និងពិន័យប្រាក់ ៤០លានរៀលបែបណាក្តី។
ឪពុកកុមារីរងគ្រោះឈ្មោះ យ៉ុង ប៊ុនលី ដែលមានសម្បុរខ្មៅ និងរាងកាយស្គមស្គាំង បានលើកដៃសំពះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នអនុវត្តន៍ច្បាប់ពាក់ព័ន្ធ នានា ឲ្យជួយអន្តរាគមន៍ទៅស្ថាប័នជំនាញពាក់ព័ន្ធជួយស្វែងរកចាប់ខ្លួនជនល្មើស ឈ្មោះ កង សុផាត ដាក់ពន្ធនាគារ និងជួយរឹបអូសទ្រព្យសម្បត្តិ របស់ជនល្មើសរួមមាន៖ ផ្ទះ និងដីធ្លីជាដើម ដើម្បីផ្តល់សំណងជំងឺចិត្តជូនកូនស្រីគាត់ ដោយអនុគ្រោះផង។
លោកបន្តថា សំណុំរឿងនេះក៏ធ្លាប់បានបណ្ដឹងសុំកិច្ចអន្តរាគមន៍ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងយុត្តិធម៌ និងបានសុំកិច្ចអន្តរាគមន៍ទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែមិនដែលមានការឆ្លើយតប ឬដំណោះស្រាយអ្វីមករូបគាត់វិញទេ។សំណុំរឿងនេះ សម្រាប់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តព្រះសីហនុ រួមមាន៖ អង្គការលីកាដូ (LICADHO) និងសមាគមអាដហុក (ADHOC) ជាដើម មានចម្ងល់ថា បទល្មើសព្រហ្មទណ្ឌរំលោភផ្លូវភេទអនីតិជនមួយករណីខាងលើនេះ ហេតុអ្វីបានជាសាលាដំបូងខេត្តព្រះសីហនុ អាចអនុញ្ញាតឲ្យជនល្មើសឈ្មោះ កង សុផាត រួចផុតពីការផ្ដន្ទាទោស និងរស់នៅក្រៅមន្ទីរឃុំឃាំងបានទៅវិញ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្ស័យថា ទំនងជាសំណុំរឿងនេះ អាចមានជាប់ពាក់ព័ន្ធមានអ្នករត់ការ ឈានដល់ការផ្តល់សំណូកពុករលួយនៅប្រព័ន្ធតុលាការក្នុងអំឡុងពេលនោះក៏ថាបាន។ កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ ចំពោះអនុសេនីយ៍ទោ កង សុផាត មានតួនាទីនាយរងផ្នែកព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងសង្គម នៃការិយាល័យសន្តិសុខផ្ទៃក្នុង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញផុតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ចំណែកតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏បានចេញដីកាបង្គាប់ទៅមន្ត្រីនគរបាលយុត្តិធម៌ ឲ្យចាប់ខ្លួនឈ្មោះ កង សុផាត យកមកឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១០។ ដោយឡែក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏ធ្លាប់បញ្ជាក់ថា រាល់ថ្ងៃនេះ ជនល្មើសឈ្មោះ កង សុផាត ដែលអតីតជាមន្ត្រីនគរបាលខេត្តនេះ មិនមានវត្តមាននៅក្នុងខេត្តព្រះសីហនុ ទៀតទេ ហើយកម្លាំងជំនាញស្ថាប័នលោកបានបន្តឃ្លាំមើល និងចុះស្រាវជ្រាវមុខសញ្ញានេះដោយយកចិត្តទុកដាក់ ព្រោះមានដីកាឲ្យនាំខ្លួន និងឃុំខ្លួនជនល្មើសឈ្មោះ កង សុផាត ពីតុលាការលើសំណុំរឿងនេះរួចហើយ៕