អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌនិងមន្ទីរជំនាញត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឱ្យអស់ នៅក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ការប្តេជ្ញា និងណែនាំនេះ ក្រោយពេលមានគ្រោះអគ្គិសភ័យបង្កឡើងដោយកន្លែងលក់ហ្គាសនៅក្រុងភ្នំពេញបណ្តាលឱ្យផ្ទះសម្បែងពលរដ្ឋខ្លះរងការខូចខាត និងបណ្តាលឱ្យពលរដ្ឋមួយចំនួនស្លាប់ទៀតផង។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានស្រង់សម្តីលោកឃួង ស្រេង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ដោយលោកបានណែនាំដល់អាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង១៤ ដើម្បីចុះត្រួតពិនិត្យ កន្លែងលក់ហ្គាសនានា។ការចុះពិនិត្យនោះលោកថាដើម្បី ត្រួតពិនិត្យពីទិដ្ឋភាពច្បាប់ សម្ភារបច្ចេកទេសស្តង់ដារ និងឧបករណ៍ ការពារដើម្បីធានាថាអាជីវកម្មនេះគ្មានផលរំខាន ឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និង បរិស្ថាន។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានកន្លែងលក់ ហ្គាស និងបញ្ចូលហ្គាសជាច្រើន ហើយលោកក៏ទទួលស្គាល់ដែរថាមានកន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស ប្រើប្រាស់ធុង ហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ចូល និងអ្នកប្រើប្រាស់។
កាលពីថ្ងៃទី១៨ ខែកក្កដា មានករណីអគ្គិសភ័យបង្កឡើងដោយការផ្ទុះធុងហ្គាស នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្ស៤នាក់បានស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ព្រមទាំងឆេះផ្ទះពលរដ្ឋជាច្រើនល្វែង។ បញ្ហានេះ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាង អស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដទៃ ហើយយកមកបាញ់ថ្នំាដើម្បីប្រើ ប្រាស់បន្ត ដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កឱ្យផ្ទុះធុងហ្គាស និងអគ្គិភ័យឆាប់ ឆេះផ្ទះសម្បែងជាដើម។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ២០២០ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល បានដឹងថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសកម្ពុជា មានចំនួន៤០០០ស្ថានីយ៍។ ក្នុងចំណោមស្ថានីយ៍ទាំងនោះ មាន៧០០ស្ថាននីយ ឬស្មើនឹង១៨% តែប៉ុណ្ណោះ ដែលបានទទួលលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រអនុញ្ញាតឱ្យដំណើរការស្របច្បាប់។ ដោយឡែក ស្ថានីយប្រេងចំនួនចំនួន៣៣០០ ឬស្មើនឹង៨២% មិនមានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រស្របច្បាប់នោះឡើយ៕