27 C
Phnom Penh

បទល្មើស​ព្រៃឈើ បន្ត​ធ្វើសកម្មភាព​អនាធិបតេយ្យ នា​ខេត្តមណ្ឌលគិរី សមត្ថកិច្ច​ពាក់ព័ន្ធ​ឆ្លើយដាក់​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យដឹង​ថា កម្លាំង​ចម្រុះ និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​កោះហៅ​មន្ត្រី​ប្រចាំការ​នៅ​តាម​ប៉ុស្តិ៍​ច្រកព្រំដែន​កម្ពុជា​-វៀតណាម​មួយចំនួន ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ដែល​បន្ត​ធ្វើសកម្មភាព​ខុសច្បាប់ ក្នុង​ខេត្ត​នេះ ដើម្បី​អាច​ឈាន​ទៅដល់​ការ​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​ផ្តន្ទា​ទោស​តែម្តង។

មន្ត្រី​រដ្ឋបាល​ខេត្តមណ្ឌលគិរី ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សា​ព័ត៌មាន The Cambodia Daily ថា ចាប់ពី​ថ្ងៃ ទី០៧ រហូតមកដល់​ថ្ងៃទី១០ ខែសីហា​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ថ្នាក់ដឹកនាំ​ខេត្ត​នេះ កំពុង​បន្ត​ស៊ើបអង្កេត​រក​មេខ្លោង និង​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​បង្កប់​ឈើ​ចង​បណ្តែត​ទឹក​តាម​ក្បូន ត្រៀម​នាំចេញ​ពី​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​កាន់ ប្រទេស​វៀតណាម ដោយ​ខុសច្បាប់ ដើម្បី​ឈាន​ដល់​ការ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់។ ក្បូន​ឈើ​ទំា​ងនោះ ត្រូវ​គេ​ប្រទះឃើញ​គេ​បណ្តែត​តាម​ក្បូន យក​មក​លាក់​ទុក នៅ​ចំណុច​ភូមិសាស្ត្រ​អូរ​ហ៊ុច ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ជាប់​ព្រំដែន​កម្ពុជា​-វៀតណាម។

ប្រភព​ដដែល​បញ្ជាក់​ថា ក្បូនឈើ​ខុសច្បាប់​ខាងលើ​នេះ សរុប​មាន​ចំនួន ១០ក្បូន ហើយ​ជា​ប្រភេទ​ឈើ​ហ៊ុប​មូល​ជាប់​សម្បក និង​មាន​ដើម​ទំ​ហំ​ធំៗ។ យ៉ាងនេះ​ក្តី សមត្ថកិច្ច​ចម្រុះ នៅ​មិនទាន់​បាន​វាស់​បរិមាណ​ឈើ​ទាំងនោះ ដើម្បីឲ្យ​ដឹងពី​ចំនួន​ឈើ​មាន​ប៉ុន្មាន​គីប ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ។ប្រភព​ដដែល​ឲ្យដឹង​ទៀត​ថា មន្ត្រី​គណៈកម្មការ​ចម្រុះ បាន​កោះហៅ​មេ​ប៉ុស្តិ៍​ចំនួន​បួន​កន្លែង និង​មន្ត្រី​មួយចំនួន​ទៀត​មក​សួរនាំ រួមមាន៖ មេ​ប៉ុស្តិ៍​នគរបាល​អូរ​ហ៊ុច​, មេ​ប៉ុ​ស្ដិ៍​អូរ​រ៉ា​លែរ​, មេ​ប៉ុស្តិ៍​អូរជុំ និង​មេបញ្ជាការ គ២ នៃ​កងអនុសេនាធំ​ទី២ ឈរជើង​ការពារ​ព្រំដែន​ជាដើម។

ប្រភព​បន្ត​ថា បទល្មើស​នាំ​ឈើ​ចេញទៅ​ប្រទេស​វៀតណាម ដែល​កំពុង​ធ្វើសកម្មភាព នៅក្នុង​ខេត្តមណ្ឌលគិរី សព្វថ្ងៃ​នេះ គឺ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​នៅ​តាម​ច្រកព្រំដែន​កម្ពុជា​-វៀតណាម បានដឹង​ច្បាស់​ដូច​ថ្ងៃ​ថា ម្ចាស់​ក្បូនឈើ​ទាំង ១០ក្បូន​នោះ ជា​នរណា​នោះ ប៉ុន្តែ​មន្ត្រី​ស្ថាប័ន​ជំនាញ​មួយចំនួន​នោះ​ហាក់​ធ្វើមិនដឹង​អ្វី​កើតឡើង​ទាល់តែសោះ។ បច្ចុប្បន្ន​ក្បូនឈើ​ខុសច្បាប់​ទាំង ១០ខ្សែ​ខាងលើ​នេះ កំពុង​ស្ថិតនៅ​ចំណុច​អូរ​ហ៊ុច នៃ​ព្រំដែន​កម្ពុជា​-វៀតណាម។ ហើយ​ថា ភូមិសាស្ត្រ នោះ ពិបាក​ក្នុង​ការ​ធ្វើដំណើរ​បំផុត ព្រោះ​សព្វថ្ងៃ​នេះ ខាង​កង​វិស្វកម្ម កំពុងតែ​ស្ថាបនា​ផ្លូវ​តាម​ក្រវាត់​ព្រំដែន។

ទាក់ទិន​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍​ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ខេត្តមណ្ឌលគិរី និង​ជា​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ជាតិ បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹង​ថា ក្បូនឈើ​ទាំង១០ខ្សែ​នេះ ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រទះឃើញ​កាលពី​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ លោក​បន្ត​ថា ក្រោយ​ប្រទះឃើញ​បទល្មើស​លួចលាក់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចង​បណ្តែត​ទឹក​តាម​ក្បូន​ក្នុង​ភូមិសាស្ត្រ​ភ្លាម រូបលោក​ក៏បាន​បញ្ជា​ទៅ​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ឈើ ឬម្ចាស់​ក្បូនឈើ​ទាំងនោះ ជាពិសេស​អ្នក​នៅ​ពីក្រោយខ្នង នៃ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងនេះ ដើម្បី​ឈាន​ទៅ​មាន​វិធានការ​ផ្លូវច្បាប់។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែវ សុភ​គ៌ ប្រធានមន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី បាន​ឲ្យដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ នឹង​បន្ត​ស្វែងរក​ប្រភព​ជន​ពាក់ព័ន្ធ បទល្មើស​កាប់​បំផ្លាញ​ឈើ​ទាំងនោះ ឲ្យបាន​ល្អិតល្អន់ ព្រោះ​សង្ស័យ​ថា អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​កម្លាំងយោធា​ការពារ​ព្រំដែន ដែល​មាន​តួនាទី ជា​មេបញ្ជាការ​រង​កងអនុសេនាធំ​ទី២​ឈរជើង​មើល​ការងារ​នេះ ដោយ​ផ្ទាល់ ក្រោម​ការ​បញ្ជា​ពី​ប្រធាន និង​មាន​មន្ត្រី​មួយចំនួន​ទៀត។

ចំណែក លោក នួន សា​រ៉ន អភិបាលស្រុក​កែវសីមា បាន​ឲ្យដឹង​ថា​លោក​បញ្ជា​ឲ្យ ដែនជម្រកសត្វព្រៃ​កែវសីមា សហការ​ជាមួយ ប៉ុស្តិ៍​ការពារ​ព្រំដែន បន្ត​យាមកាម​ក្បូនឈើ​ទាំង១០ខ្សែ​ខាងលើ​នេះ ដោយ​ប្រុងប្រយ័ត្ន និង​បន្ត​ចុះ​ស្រាវជ្រាវ​វែក​រកមុខ​ម្ចាស់ និង​អ្នក​ជាប់ពាក់ព័ន្ធ បទល្មើស​ព្រៃឈើ​ខុសច្បាប់​ទាំងនោះ ដើម្បី​ឈាន​ទៅ​នាំ​ខ្លួន​ជនល្មើស ទៅកាន់​តុលាការ​ផ្តន្ទា​ទោស​តាមច្បាប់​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស