តំណាងពលរដ្ឋមកពីភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែងដែលអះអាងថាជាតំណាងឱ្យពលរដ្ឋជាង៣០០នាក់ បានសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជុំវិញការប្រមូលទិញដីតំបន់អាងស្តុកទុករបស់អ្នកស្រុកធ្វើជាកម្មសិទ្ធិពីសំណាក់មន្ត្រីក្រសួងមហាផ្ទៃម្នាក់។
តំណាងពលរដ្ឋលោក មិន ឆាង អះអាងថា មានមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃម្នាក់ឈ្មោះ ស៊ុម សុខមាន ហៅថេត តំណាងឲ្យក្រុមហ៊ុនមួយ បានប្រមូលទិញដីតំបន់មេទឹកឬកន្លែងស្តុកទឹករបស់អ្នកស្រុក នៅតំបន់បឹងបាយសី ជាង៣០០ហិកតា និងដីតំបន់ត្រពាំងត្រីក្រាញ់ជាង១០ហិកតា ក្នុងឃុំកំពង់ប្រាំង មកធ្វើជាកម្មសិទ្ធិ។ក្នុងលិខិតរបស់តំណាងពលរដ្ឋ លោក មិន ឆាង ដែលប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន ឱ្យដឹងថា ក្រោយពេលខ្លួនប្រមូលទិញដីតំបន់មេទឹករបស់ពលរដ្ឋសម្រាប់អាស្រ័យផល ក្រុមហ៊ុនលើកទំនប់បិទប្រព័ន្ធទឹកដែលបណ្ដាលឲ្យទឹក លិចដីស្រែរបស់ពួកគាត់រាប់សិបហិកតា កំពុងអាស្រ័យផល។ក្នុងលិខិតបន្តថា ដីបឹងទាំងនេះប្រជាពលរដ្ឋចំនួន៣ឃុំ តែងតែអាស្រ័យផលរៀងរាល់ឆ្នាំ គឺឃុំកំពង់ពពិល ឃុំកំពង់ប្រាំង ស្រុកពារាំង និងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
បច្ចុប្បន្នដីបឹងទាំង២នេះ ត្រូវបានក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយ ជីកស្រះទុក និងលើកទំនប់ខ្វាត់ខ្វែង យកធ្វើជាកម្មសិទ្ធិឯកជន ក្រោមហេតុផលថា ក្រុមហ៊ុនបានប្រមូលទិញពីពលរដ្ឋអ្នកអាស្រ័យផល ក្នុងតម្លៃទាបចាប់ពី ៨ពាន់ដុល្លារ(៨,០០០) ទៅ ជាង១ម៉ឺនដុល្លារក្នុង ១ហិកតា ហើយការទិញលក់ទាំងនោះ គឺមានការបញ្ជាក់ និងឯកភាពទទួលស្គាល់ចុះហត្ថលេខាដឹងឮពីអាជ្ញាធរមូលដ្ឋានទៀតផង។
The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ស៊ុម សុខមាន ដែលពលរដ្ឋអះអាងថាជាតំណាងក្រុមហ៊ុនទិញដីក្នុងតំបន់អាងស្តុកទឹករបស់ពលរដ្ឋនៅឃុំកំពង់ប្រាំងបាននៅឡើយទេនៅថ្ងៃចន្ទនេះ។យ៉ាងនេះក្តី ក្នុងលិខិតសុំកិច្ចអន្តរាគមន៍ទៅលោក ស ខេង តំណាងបញ្ជាក់ថាពួកគាត់មានការព្រួយបារម្ភខ្លាចគ្មានទឹកស្រោចស្រពដំណាំនៅពេលអនាគត គ្មានកន្លែងនេសាទត្រីដូចរាល់ឆ្នាំ ម្យ៉ាងក្រុមហ៊ុនក៏បានឈូសឆាយនិងធ្វើទំនប់ខ្វាត់ខ្វែងរំលោភលើដីពលរដ្ឋផ្សេងទៀត។
តំណាងពលរដ្ឋរូបនេះអះអាងថា កាលពីខែឧសភា ពលរដ្ឋ៣ភូមិបានលើកឡើងមកតវ៉ានៅសាលាឃុំកំពង់ប្រាំងម្តងរួចមកហើយ ប៉ុន្តែមិនបានផលនោះទេ ដោយសារអាជ្ញាធរឃុំសម្របសម្រួលអ្នកភូមិឱ្យ ត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងការសន្យាថានឹងដោះស្រាយបញ្ហានេះ ប៉ុន្តែមិនព្រមដោះស្រាយរហូតមកដល់ពេលបច្ចុប្បន្ន។ក្នុងបណ្ដឹងដដែលនេះលោក មិន ឆាង បានស្នើសូមឲ្យលោក ស ខេង ជួយរកយុត្តិធម៌ តាមរយៈការបង្កើតគណៈកម្មការចុះស្រាវជ្រាវករណីនេះ ដើម្បីស្វែងរកការពិត៕