37.6 C
Phnom Penh

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្តកំពង់ធំ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​តំណាង​ពលរដ្ឋ ៣៦គ្រួសារ មក​ពី​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ។ ពលរដ្ឋ​ប្រមាណ១០នាក់ ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ៣៦គ្រួសារ​មក​ពី​ខេត្តកំពង់ធំ បាន​ដាក់​ញត្តិ​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន ដោយសារ​ពួក​គាត់​អស់សង្ឃឹម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពីសំណាក់​អាជ្ញាធរ​ខេត្ត។

តំណាង​ពលរដ្ឋ​ទាំងនោះ ថែមទាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិតជាមួយ​ឈ្មួញ ដើម្បី​ក្លែងបន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។អាជ្ញាធរ​មូលដ្ឋាន​ដែល​តំណាង​ពលរដ្ឋ​ចោទប្រកាន់​ទាំងនោះ រួមមាន​អតីត​មេឃុំ​ដំរីស្លាប់​លោក ភិន សំ​អុល អភិបាលរងស្រុក​កំពង់ស្វាយ លោក គី សាវុ​ថា និង​លោក សៀន ឆេង​កូ ជា​ឈ្មួញ​ដី បាន​ឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​យក​ដីធ្លី​អ្នកភូមិ​ជាបន្តបន្ទាប់​តាំងពី​ឆ្នាំ២០១៥ ក្នុង​ទំហំដី​សរុប​ជិត១រយ​ហិ​កតា។

ខ្លឹមសារ​ញត្តិ​ដែល​ដាក់​ជូន​លោក ហ៊ុន សែន បញ្ជាក់​ថា ដី​ដែល​មាន​ជម្លោះ​នោះ​ជា​ប្រភេទ​ដីស្រែ​ដែល​អ្នកភូមិ​បាន​ចូល​ទៅ​អាស្រ័យផល​តាំងពី​ឆ្នាំ១៩៧៩ និង​មាន​លិខិតបញ្ជាក់​ការ​កាន់កាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ និង​ឈ្មួញ​ដី​ក្លែងបន្លំ​ឯកសារ​យក​ដី​ពួក​គាត់ និង​បង្ខំ​ឱ្យ​អ្នកភូមិ​ទទួលយក​សំណង​បន្តិចបន្តួច​ប៉ុណ្ណោះ។ លើស​ពីនេះ ពួក​គេ​ថែមទាំង​គំរាមកំហែង​អ្នកភូមិ ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ទៀតផង។តំណាង​ពលរដ្ឋ​ទាំងនោះ បញ្ជាក់​ថា ការបាត់បង់​ដីធ្លី​នេះ ធ្វើ​ឱ្យ​អ្នកភូមិ​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​គ្រួសារ ដោយសារតែ​គ្មាន​ដី​បង្កបង្កើនផល​ចិញ្ចឹមជីវិត។

យ៉ាងនេះ​ក្តី មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី គឺ​លោក គង់ ចំរើន បាន​ទទួល​ញត្តិ​ពី​តំណាង​ប្រជាពលរដ្ឋ​និង​បាន​ចារ​លិខិត​មួយទៀត​ឱ្យ​តំណាង​ពលរដ្ឋ​យក​ទៅ​ដាក់​នៅ​សាលាខេត្ត​កំពង់ធំ​វិញ។ សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​វី​អូ​ឌី បាន​ស្រង់​ប្រសាសន៍​របស់​អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ នៅ​ថ្ងៃនេះ​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួ​លប​ណ្តឹង​ពី​ក្រុម​ប្រជាពលរដ្ឋ​ហើយ ហើយ​លោក​នឹង​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ។

អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា ក្នុង​សម័យ​តេជោ​ទៅ​ហើយ គ្មាន​នរណា​ទៅ​យក​ដី​ពលរដ្ឋ​នោះ​ឡើយ។ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​តំណាង​ពលរដ្ឋ​ព្រមាន​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិនព្រម​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់ តំណាង​អ្នកភូមិ​នឹង​ឡើង​មក​ភ្នំពេញ​ដើម្បី​រក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​ជាថ្មី​ទៀត​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស