31 C
Phnom Penh

មន្ត្រីគណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅប្រទេស ស្នើ​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត ប្រើ​កងទ័ព​បណ្តេញ​កងទ័ព​វៀតណាម​ដែល​បោះតង់​លើ​ដីខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅប្រទេស​បាន​ចេញ​លិខិត​ចំហ​មួយ ជូន​ទៅ​អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ប្រើ​កងកម្លាំង​ទៅ​បណ្តេញ​កងទ័ព​វៀតណាម ដែល​បោះតង់​នៅ​លើទឹក​ដីខ្មែរ​ជិត៣រយ​ទីតាំង ដូចគ្នា​ទៅ​នឹង​ការប្រើ​កម្លាំងទ័ព​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​ថៃ និង​ឡាវ​កន្លងមក។

ការ​ស្នើ​នេះ ក្រោយពេល​កងយោធា​វៀតណាម​បាន​ចូល​មក​បោះតង់​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​ដែ​កម្ពុជា​-វៀតណាម ចំនួន​ជិត៣រយ​ទីតាំង​ក្រោម​ហេតុផល​ថា​ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។ តង់​ដែល​វៀតណាម​បោះ​ទាំងនោះ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ធ្លាប់​បញ្ជាក់​ថា​មាន​បោះនៅ​តំបន់​មិនទាន់​ឯកភាព​គ្នា ហើយ​កម្ពុជា​ក៏បាន​ប្រាប់​ទៅ​ភាគី​វៀតណាម​ជាច្រើន​សារ​ឱ្យ​ដក​តង់​ទាំងនោះ​ចេញ ប៉ុន្តែ​មកទល់​ពេលនេះ​វៀតណាម​នៅ​មិនទាន់​អនុវត្ត​តាម​នោះ​ឡើយ ក្រោម​លេស​ថា​រង់ចាំ​ជំងឺ​កូ​វីដ១៩បាត់​ទៅវិញ។

ក្នុង​លិខិត​ចំហ​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍​គណបក្ស​សង្រ្គោះ​ជាតិ​លោក អ៊ុំ សំ​អាន ផ្ញើ​ជូន​លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី១០ខែសីហា​នេះ បាន​ស្នើ​ឱ្យ​អគ្គ​មេ​បញ្ជា​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​កងទ័ពជើងគោក​រូប​នេះ ត្រូវ​គោរព​តាម​លក្ខន្តិកៈ​ទូទៅ​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​ត្រូវ​ប្រើ​កងកម្លាំង​យោធា​កម្ពុជា​ដើម្បី​បម្រើ​និង​ការពារ​ផលប្រយោជន៍​ពលរដ្ឋខ្មែរ​និង​ប្រទេសជាតិ​ពិតប្រាកដ មិនមែន​ប្រើ​កងទ័ព​ដើម្បី​ការពារ​អំណាច​ឪពុក​របស់​ខ្លួន​នោះ​ឡើយ។

ជាមួយ​នេះ ត្រូវ​ប្រើ​កងកម្លាំង​យោធា​កម្ពុជា ទៅ​បណ្តេញ​កងយោធា​វៀតណាម​ដែល​បាន​បោះបង្គោល​តង់​ជិត៣០០កន្លែង នៅ​លើទឹក​ដី​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម។ ការ​ធ្វើ​ដូចនេះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​បញ្ចេញ​កងទ័ព​ទៅ​បណ្តេញ​កងទ័ព​ថៃ ដែល​បាន​ចូល​ឈ្លានពាន​កម្ពុជា​ក្នុង​ជម្លោះទឹកដី​តំបន់​ប្រាសាទព្រះវិហារ​កាលពី​ឆ្នាំ២០០៨ និង​ដូចគ្នា​ទៅ​នឹង​ការ​បញ្ចេញ​កងទ័ព​កម្ពុជា ទៅ​រារាំង​ការឈ្លានពាន​ទឹកដី​ពីសំណាក់​ទាហាន​ឡាវ​កាលពី​ឆ្នាំ២០១៧ជាដើម។យ៉ាងនេះ​ក្តី មកទល់​ពេលនេះ នៅ​មិនទាន់​មាន​ប្រតិកម្ម​តប​ពី​លោក ហ៊ុន ម៉ា​ណែ​ត ឬមន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជុំវិញ​ការ​ស្នើ​ឡើង​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅឡើយ​ទេ។

ក្នុង​លិខិត​ចំហ​នោះ ក៏បាន​ដកស្រង់​ការ​លើកឡើង​របស់​មេបញ្ជាការ​កងទ័ពជើងគោក លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០២០ ទៅកាន់​នាយទាហាន និង​ពលទាហាន​ថា ត្រូវ​មាន​ភាព​ម្ចាស់ការ​គ្រប់ពេល ព្រោះ​ពួក​អគតិ​នៅតែ​ចិញ្ចឹមចិត្ត​បន្ត​ញុះញង់ និង​បំបែកបំបាក់​ជាតិ។ លោក អ៊ុំ សំ​អាន យល់ឃើញ​ថា ក្នុងនាម​តំណាង​កងទ័ព​ជាតិ​ទាំងមូល ត្រូវ​គោរព​ឱ្យ​បាន​នូវ​លក្ខន្តិកៈ​កងយោធពល​ខេមរ​ភូមិ ដែល​តម្រូវ​ឱ្យ​ស្ថាប័នយោធា​និង​កងយោធពល​ខេមរ​ភូមិ​ស្ថិតនៅ​អព្យា​ក្រឹត្យ ដើម្បី​បម្រើ​និង​ការពារប្រទេស​ជាតិ និង​ពលរដ្ឋខ្មែរ។ ប៉ុន្តែ​ផ្ទុយទៅវិញ​នា​កន្លងមក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅប្រទេស​រូប​នេះ មើលឃើញ​ថា ក្រោម​ការដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កងកម្លាំង​យោធា​កម្ពុជា ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​ក្រុម​នាយទុន និង​ក្រុមហ៊ុន​ឯកជន ព្រមទាំង​ដើម្បី​បង្ក្រាប​ការ​តវ៉ា​ដោយសន្តិវិធី​នានា​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ជម្លោះដីធ្លី ហើយ​កងកម្លាំង​យោធា​ខ្លះ​ត្រូវ​បាន​បណ្តែតបណ្តោយ​ឱ្យ​រំលោភបំពាន​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅវិញ។

លើស​ពីនេះ​ទៀត មជ្ឈដ្ឋាន​នានា​សង្កេតឃើញ​ថា លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រើប្រាស់​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ការពារ​អំណាច​របស់​ឪពុក និង​បក្ខ​ពួក​ខ្លួន​ជាជាង​ការពារ​ប្រជាពលរដ្ឋ និង​បូរណភាពទឹកដី ពី​ការឈ្លានពាន​របស់​បរទេស​ពិសេស​ប្រទេសជិតខាង​កម្ពុជា​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស