
ទំនងមានតែប្រទេសស្រីលង្កាទេដែលសាច់ឈាមតែមួយបានក្លាយជាមេដឹកនាំកំពូលរបស់ប្រទេស។ ត្រកូល Rajapaksa ដែលជាអ្នកធ្វើ សង្គ្រាមបញ្ចប់សង្គ្រាមស៊ីវិលកាលពីឆ្នាំ២០០៩ ឥលូវនេះបានក្លាយទៅជាមេដឹកនាំត្រកូលតែមួយនៃប្រទេសស្រីលង្កា ស្ថិតក្នុងតំបន់អាស៊ីខាងត្បូង។
បណ្ដាញផ្សាយព័ត៌មាន Aljazeera បានចុះផ្សាយថា លោក Mahinda Rajapaksa ដែលធ្លាប់កាន់តំណែងប្រធានាធិបតី ហើយជាអ្នកឈ្នះក្នុងសង្គ្រាមស៊ីវិលជាមួយនឹងពួកឧទ្ទាមខ្លាតាមិលបានក្លាយជានាយករដ្ឋមន្រ្ដី។ លោកបានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យទី៩សីហានេះ នៅក្រោមគណអធិបតី គឺប្អូនប្រុសរបស់គាត់ឈ្មោះ លោក Gotabaya Rajapaksa។
ពិធីស្បថបានធ្វើឡើងនៅឯអារាមព្រះពុទ្ធសាសនា មួយដ៏ស័ក្កសិទ្ធមួយ។ លោក Mahinda Rajapaksa ជានាយករដ្ឋមន្រ្ដីទី៤ ដែលបានដឹកនាំគណបក្សរបស់លោក គឺគណបក្សរណសិរ្សប្រជាជនស្រីលង្កាឈ្នះយ៉ាងភ្លូកភ្លូកដីនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅនេះដោយទទួលបានអាសនៈ១៤៥ ក្នុងអាសនៈសរុប២២៥ ហើយគណបក្សSJBបានលំដាប់ ទី២។គណបក្សរណសិរ្សប្រជាជនស្រីលង្កា ដែលឈ្នះឆ្នោត គឺដោយសារតែប្រជាជនស្រីលង្កា នៃអំបូរសីហលីស លើសលុបបោះអោយបក្សនេះយកឈ្នះបក្ស SJP ដែលគាំទ្រដោយជនជាតិដើមខ្លាតាមិល។
លោក Mahinda Rajapaksa ធ្លាប់កាន់តំណែងប្រធានាធិបតីពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥។បុរសនេះហើយ ជាអ្នកបញ្ចប់សង្គ្រាមស៊ីវិល២៥ឆ្នាំ ជាមួយនឹងប្អូនប្រុសរបស់គាត់ដែលកាលណោះជារដ្ឋមន្រ្ដី ការពារជាតិហើយ បច្ចុប្បន្ន លោក Gotabaya គឺជាប្រធានាធិបតី។ ជ័យជម្នះនេះបាននាំអោយបងប្អូនសាច់ឈាមបង្កើតនេះ យកសំឡេងបានយ៉ាងច្រើននៅក្នុងសភាហើយ នឹងរុញអោយមានការកែទម្រង់រដ្ឋធម្មនុញ្ញដើម្បី ពង្រឹង អំណាច សន្ដតិវង្ស នៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាមួយដ៏ល្បីនេះ។
តាម Aljazeera បងប្អូនរបស់ត្រកូល Rajapaksa រហូតដល់ទៅ៥នាក់ទៀតបានជាប់ជាសមាជិកសភា។គ្រួសារត្រកូល Rajapaksa បានដណ្ដើម អាសនៈ ដ៏ច្រើននៅក្នុងរដ្ឋសភានេះ នាំអោយមានការព្រួយបារម្ភ អំពីអំណាចធ្លាក់ ទៅលើគ្រួសារ ម្នាក់តែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកសង្កេតការណ៍ មើលឃើញថា ដើម្បីកែរដ្ឋធម្មនុញ្ញបាន គឺត្រូវការសំឡេង៣ភាគ៤ ដែលមានសមាជិកសភាជាង១៥០នាក់។
ប្រទេសស្រីលង្កាបានប្រែក្លាយទៅជា របបប្រធានាធិបតី គឺចាប់តាំងពីឆ្នាំ១៩៧៨ តែយ៉ាងណា នៅឆ្នាំ២០១៥ មានការធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងអំណាចសភា និងអំណាចនាយករដ្ឋមន្រ្ដី ដើម្បីធ្វើអោយមានតុល្យភាព និងអំណាចប្រធានាធិបតី។ប្រធានាធិបតីមិនមានសិទ្ធិតែងតាំងគណរដ្ឋមន្រ្ដីទេ គឺនាយករដ្ឋមន្រ្ដីជាអ្នកតែងតាំងប៉ុន្ដែគណៈរដ្ឋមន្រ្ដីទាំងនោះត្រូវតែសុំការអនុម័តពីប្រធានាធិបតីមុនសុំសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា។
ចំណែកឯប្រព័ន្ធ តុលាការ ជាស្ថាប័នឯករាជ្យ។ លោក Gotabaya បានជាប់ឆ្នោតជាប្រធានាធិបតី នៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ២០១៩ ។ បុរសនេះ គឺជា អ្នកនយោបាយដ៏ក្លាហានជាងគេដែល បានស្វែងរកការពិត អំពីបុព្វហេតុបង្កអោយមានអំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅវិហារគ្រិស្ដ និងនៅតាមសណ្ឋាគារ មួយចំនួនដែលសម្លាប់មនុស្សដល់ទៅ២៦៦នាក់។
ប្រធានាធិបតីរូបនេះហើយ ដែលធ្វើអោយបក្សកាន់អំណាច កាលណោះបាត់បង់ប្រជាប្រិយភាពដោយការគ្រប់គ្រងសន្ដិសុខ រដ្ឋធានី កូឡំបឺស មិនមានភាពរឹងមាំ។ឥឡូវនេះ ជ័យជម្នះ និងការឡើងកាន់ តំណែង របស់គ្រួសារ Rajapaksa ប្អូនជាប្រធានាធិបតី បងជាប្រធានាធិបតីបានក្លាយ ជារឿងព្រួយបារម្ភសម្រាប់ អ្នកសង្កេតការណ៍ថា អាចនឹងធ្វើអោយ ស្ថាប័នប្រជាធិបតេយ្យមួយចំនួនចុះទន់ខ្សោយ។
មកដល់ពេលនេះប្រទេសនៅអាស៊ីខាងត្បូង ស្ថិតនៅក្នុងស្ថានភាពទ្រឹង ដោយមិនទាន់ឃើញមានការចេញ លិខិតស្វាគមន៍គ្រួសារត្រកូល Rajapaksa កាន់តំណែង ទាំងប្អូនទាំងបងនោះទេ។ ប៉ុន្ដែសំណួរសួរថាតើ ការដឹកនាំត្រកូល Rajapaksa ទាំងបងទាំងប្អូននេះ អាចដោះបំណុលចិនបានដែរឬទេ ព្រោះដោយសារតែ បំណុលនេះ កំពុងផែមួយដ៏ធំនៃកំពុងផែសមុទ្រ Habatota បានធ្លាក់ទៅក្រោមការកាន់កាប់ របស់ចិនទៅហើយ ដោយសារតែគ្មានប្រាក់បង្វិលទៅអោយម្ចាស់ទាន់ពេលវេលា។
ក្នុងមូលហេតុនេះ បំណុលដែលធ្ងន់ធ្ងរមិនមែន កើតឡើងក្នុងសម័យរបស់គណបក្សចាញ់ឆ្នោតនោះទេ គឺជាបំណុលកើតឡើង ក្នុងសម័យប្រធានាធិបតី Mahinda Rajapaksa ។ ភ្លាមៗក្រោយពីលោក Mahinda Rajapaksa ចាញ់ឆ្នោតជាប្រធានាធិបតីឆ្នាំ២០១៥ រដ្ឋាភិបាលថ្មីពេលនោះបានធ្វើការផ្ទៀងផ្ទាត់ ប្រាក់កម្ចីរបស់ចិនដែល ស្ថាបនា កំពុងផែ Habatotaហើយរកឃើញប្រាក់រាប់រយលានដុល្លារបានបាត់។កាលណោះ ប្រធានា ធិបតីថ្មី គឺលោក Maithripala Yapa Sirisenaដែលលោកបានបញ្ជូនរដ្ឋមន្រ្ដីហិរញ្ញវត្ថុទៅ ក្រុងប៉េកាំងដើម្បី សុំ ផ្ទៀងផ្ទាត់បញ្ជីបំណុលហើយក៏រកឃើញអំពើពុករលួយនៅក្នុងការស្ថាបនាកំពង់ផែមួយនេះ។ តែបែបនេះ នាយករដ្ឋមន្រ្ដីចិនលោក លីកៃជៀក បានសាទរភ្លាមៗមកកាន់លោក Mahinda Rajapaksa ដែលគាំទ្រលោកមហិដាជានាយករដ្ឋមន្រ្ដីថ្មីរបស់ស្រីលង្កា។ លោកលីបាននិយាយនៅក្នុងសាររបស់លោកថា ចិននិងស្រីលង្កាពេញចិត្តនឹងចំណងមិត្តភាពប្រពៃណីនឹងគ្នាយូរណាស់មកហើយ ហើយថ្មីៗនេះ ប្រទេសទាំងពីរកាន់តែពង្រឹងថែមទៀតនូវយុទ្ធសាស្រ្ដអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់ខ្លួនដោយឈរលើគោលការណ៍ចែករំលែកគ្នានូវ កិច្ចសហប្រតិបត្តិការរួមគ្នា។
ក្នុងន័យនេះ ទាំងរដ្ឋាភិបាល និងប្រជាជនចិននិងស្រីលង្កា ពិតជាបាន បន្ដថែមទៀត នូវសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យទាំងអស់ដែលប្រទេសទាំងពីរបានកំពុងពង្រឹងជាមួយគ្នាហើយជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ។ លោកលីកៃជៀកបានរំលឹកថា ដែលការលោក Mahinda ជាប្រធាធិបតីលោកបានសន្យាខ្លាំងណាស់ក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាពទ្វេភាគីជាមួយចិន។លោកលីបាននិយាយទៀតថា ចិនមានឆន្ទៈកាន់តែរឹងមាំក្នុងគោលដៅបង្កើនសហប្រតិបត្តិការឈ្នះៗរវាងប្រទេសទាំងពីរហើយក្រោមការប្ដេជ្ញាចិត្តរបស់ចិនជួយអភិវឌ្ឍប្រទេសស្រីលង្កាបន្ដទៀត៕