
នាយករដ្ឋមន្ត្រីលីបង់ ដែលឈឺចាប់នឹងការផ្ទុះឃ្លាំងសារធាតុគីមីមួយនៅក្រុង បេរូត កាលពី ថ្ងៃទី៤ ខែសីហា ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់នោះ បានសម្រេចបោះបង់តំណែងរបស់លោក ហើយនៅពេលនេះ ហើយគណៈរដ្ឋមន្ត្រីរបស់លោកក៏កំពុងឈានទៅដល់ការរំលាយដែរ។នាយករដ្ឋមន្ត្រីលោក Hassan Diab បានប្រាប់សារព័ត៌មាន The Nation ថា លោក និងគណៈរដ្ឋមន្ត្រីរបស់លោកសម្រេចដូចនេះ គឺធ្វើតាមការទាមទាររបស់ ប្រជាជន ដែលអោយរដ្ឋាភិបាលរបស់លោកទទួលខុសត្រូវរឿងនេះ។
បន្ទាប់ពីករណីផ្ទុះសារធាតុគីមី អាម៉ូញ៉ូមនីត្រាត នៅក្នុងទីក្រុងបេរូតកាលពីថ្ងៃទី៤ ខែសីហា មកស្ថានការណ៍នយោបាយនៅលីបង់ បានកើនឡើងកម្តៅយ៉ាងខ្លាំងដែលនាំអោយប្រទេសនេះធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ។ បាតុកម្មបានផ្ទុះពាសពេញរដ្ឋធានីបេរូតដាក់សំពាធឲ្យរំលាយ រដ្ឋាភិបាល និងបោះឆ្នោតឡើងវិញ។ គិតត្រឹមថ្ងៃទី១១ ខែសីហា បាតុកម្មនៅក្នុងទីក្រុង បានឈានចូលដល់ដំណាក់កាលចុងក្រោយ ដោយទាមទារឲ្យរដ្ឋាភិបាលទាំងអស់ចុះចេញពីតំណែង និងរំលាយរដ្ឋសភា។
បាតុករបានចោលដុំថ្មទៅលើប៉ូលិស ដុតរូបថតរូបរបស់ប្រធានាធិបតី និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយក៏បានចូលអុកឡុកស្ថាប័នរដ្ឋជាច្រើន។ ក្រុមប៉ូលិសបង្ក្រាបកុបកម្ម បានព្យាយាមបំបែកក្រុមបាតុករតាមរយៈការបាញ់ ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កាំភ្លើងជ័រ។ក្នុងការបង្រ្កាបនោះ យ៉ាងហោចណាស់មានបាតុករចំនួន ៧២៨នាក់ រងរបួស ហើយប៉ូលិសបង្ក្រាបបាតុកម្មម្នាក់បានបាត់បង់ជីវិត។ តែយ៉ាងណាក៏ដោយបាតុកម្មបន្តកាន់តែខ្លាំង ខណៈក្រុមបាតុករមិនចុះញមនោះឡើយ។
តែទីបំផុតលោក Hassan Diab និង សមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ព្រមទាងសមាជិកសភា បានដើរចេញពីតំណែងជាបន្តបន្ទាប់។លោក Hassan Diab បានថ្លែងតាមកញ្ជក់ទូរទស្សន៍ថា លោកលះបង់តំណែងរបស់លោកព្រោះតែឧបទ្ទវហេតុនេះ ហើយបញ្ហានេះ វាកើតឡើងដោយសារតែអំពើពុករលួយក្នុងការគ្រប់គ្រងសារធាតុគីមិនេះ មិនមានតម្លាភាព។ លោកបន្តថានេះជាឧក្រិដ្ឋកម្មដ៏ធំមួយដែលត្រូវលះបង់តំណែង។ តែលោកបានដាក់ក្ដីសង្ឃឹមទៅលើព្រះជាម្ចាស់ថានឹងជួយប្រជាជនលីបង់ អោយរួចផុតពីទុក្ខវេទនាដ៏ខ្លោចផ្សានេះ។ប្រធានាធិបតី Michel Aoun ទោះបីជាបានទទួលសំណើលាលែងតំណែង របស់លោក Hassan Diab ក៏ដោយ ប៉ុន្តែបានស្នើសុំអោយ រដ្ឋាភិបាលទាំងមូល បន្តនៅជារដ្ឋាភិបាលចាំផ្ទះ រហូតដល់មានគណៈរដ្ឋមន្ត្រីថ្មី។
គិតមកដល់ពេលថ្ងៃទី១១សីហានេះ យ៉ាងហោចណាស់មានមនុស្សស្លាប់ កើនឡើងដល់ទៅ ២០០នាក់ និងរបួស ជាង៦០០នាក់ និងអ្នកបាត់បង់ទីជម្រក ប្រមាណមួយលាននាក់។ឧបទ្ធវហេតុផ្ទុះនៅក្រុងបេរូត ប្រៀបបីដូចកម្លាំងផ្ទុះរបស់គ្រាប់បែក ប៉ារ៉ាម៉ាណូ ដែលអាមេរិកដែលទម្លាក់ទៅលើកោះ ហីរ៉ូសីម៉ា និងណាកាសាគី ប្រទេស ជប៉ុន ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី២។ហេតុការណ៍នេះបានបង្កអោយឆេះកំហឹងដ៏ខ្លាំងរបស់ប្រជាជនលីបង់ ដែលរស់នៅក្រោមសម្ពាធនៃវិបត្តិ វិបត្តិនយោបាយ សង្រ្គាមភេរវកម្ម សេដ្ឋកិច្ច និង វិបត្តិពុករលុយ។
សារធាតុគីមីងាយផ្ទុះនេះ មានទម្ងន់រហូតដល់ទៅជិត ៣ពាន់តោន ត្រូវបានអាជ្ញាធរស្តុកទុកចោលនៅខាងក្នុងឃ្លាំងចំកណ្តាលរដ្ឋធានី បេរូត។ ក្រុមបាតុករបាន ហៅហេតុការណ៍នេះគឺជាការធ្វេសប្រហែសរបស់រដ្ឋាភិបាលក្នុងការរក្សានិងប្រុងប្រយ័ត្នអំពីហានិភ័យ។ សហគមន៍អន្តរជាតិ ចាប់ផ្ដើមផ្ដល់ជំនួយ ដល់ប្រជាជនលីបង់។ប្រធានាធិបតីបារាំង Emmanuel Macron ភ្លាមៗបានឡើងយន្តហោះជាន់ដីរដ្ឋធានីបេរូតទៅពិនិត្យមើលសោកនាដកម្មនៃឧបទ្ទវហេតុនេះ ។
អាគារជាច្រើន បានដួលរំលំ ។ ប៉ុន្តែអ្វីដែលរងទុក្ខជាខ្លាំងគឺប្រជាជនរាប់ពាន់នាក់រងរបួសនិងពលរដ្ឋច្រើនសែននាក់បាត់បង់ទីជម្រក។លោកMacron និងអង្គការសហប្រជាជាតិ បានបើកសន្និសីទរ៉ៃអង្គារមូលនិធី ដោយរកប្រាក់ជំនួយសម្រាប់កិច្ចការមនុស្សធម៌ ដោយមានការសន្យាផ្ដល់ជំនួយមានសាច់ប្រាក់ប្រមាណ៣រយលានដុល្លារ។ប្រទេសកាណាដា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានចេញមុខមុនគេ សន្យាផ្ដល់ជំនួយ។ ប្រទេសកាណាដា បានសន្យាផ្ដល់ជំនួយជាបន្ទាន់៣០លានដុល្លារ ។
ចំណែកសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន បានប្រកាសថា នឹងផ្ដល់ជំនួយតាមរយៈអង្គការសហប្រជាជាតិ។ ដោយឡែកសហរដ្ឋអាមេរិកបានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេស David Hale ទៅសិក្សាអំពីគ្រោះមហន្តរាយដ៏សម្បើមនេះមុននឹងប្រកាសផ្ដល់សាច់ប្រាក់ជំនួយ។ ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានប្រកាស សុំអោយមានគំនិតមនុស្សធម៌ រួមគ្នាដើម្បីជួយប្រជាជនលីបង់៕