ព័ត៌មានជាតិ

លោក ស ខេង កំពុង​ពិនិត្យ​សំណុំរឿង​នគរបាល​ស្រី​បួន​នាក់​ដែល​ប្តឹង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ករណី​បៀតបៀន​កេរខ្មាស

By ឌឹ ខេមបូឌា ដេលី

August 12, 2020

​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​លោក ស ខេង អះអាង​ថា​លោក​នឹង​ពិនិត្យមើល​លើ​បណ្តឹង​ករណី​ស្នង​កា​រន​គបាល​ខេត្តកំពង់ធំ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការបៀតបៀន​កេរខ្មាស​របស់​នគរបាល​នារី​ចំនួន​បួន​នាក់។ ការ​អះអាង​របស់​លោក ស ខេង ធ្វើឡើង​នៅ​ក្រោយ​ពិធី​ប្រកាស​ចូលកាន់​តំណែង​សមាជិក​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម កាលពី​ព្រឹក​ថ្ងៃអង្គារ​ទី១១ ខែសីហា​នេះ។ ជាង​នេះ​ទៅទៀត​លោក​បាន​បញ្ជា​ឲ្យ​លោក នេត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អភិបាលខេត្ត​កំពង់ធំ ពិនិត្យ​លើ​ករណី​មន្ត្រី​នគរបាល​ជានា​រី​ចំនួន ៤នាក់ ដែល​បាន​ប្តឹង​លោក​ឧត្តមសេនីយ៍​ទោ អ៊ុ​ក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ ពាក់ព័ន្ធ​ការបៀតបៀន​កេរខ្មាស។

ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ របស់​នគរបាល​នារី​ឱ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ២០១៨​-២០១៩ ស្ត្រីជា​ជនរងគ្រោះ​ត្រូវ​បាន​លោក អ៊ុ​ក កុសល ដែល​ជា​ស្នងការ​បាន​ហៅ​ពួក​គាត់​ឲ្យ​ទៅ​ជួប​នៅក្នុង​បន្ទប់​ធ្វើការ​របស់​លោក ដើម្បី​សួរនាំ​កិច្ចការ​ងារ​មួយចំនួន។ពេល​ចូល​ដល់​ក្នុង​បន្ទប់​តែ​ពីរ​នាក់ លោកស្នងការ ក៏បាន​សួរ​ថា​តើ​នាង “ពាក់​ស័ក្តិ​ប៉ុន្មាន​? ហើយ​មុខតំណែង​ជា​អ្វី​សព្វថ្ងៃ​? ហើយ​ចង់បាន​មុខតំណែង​ឬឡើង​ស័ក្តិ​ដែរ​ទេ​? បើ​ចង់បាន​ចាំ​គាត់​ជួយ​ព្រោះ​គាត់​ជា​ស្នងការ ជា​ប្រធាន​អង្គភាព​ចង់​ធ្វើអ្វី​ក៏បាន​ដែរ ឱ្យ​តែ​នារី​ជា​ជនរងគ្រោះ​ព្រម​ស្រឡាញ់​គាត់។

លិខិត​ដដែល​បន្ត​ថា លោក អ៊ុ​ក កុសល បាន​ចាប់បង្ខំ​ស្ទាបអង្អែល​កេរខ្មាស​ដោយ​មិន​ញញើតដៃ ទោះបី​ពេលខ្លះ​ពួក​នាង​ខំ​រើបម្រះ​ឬចង់​ស្រែក​ប្រាប់​គេឯង​ក៏​មិន​ហ៊ាន ព្រោះ​ខ្លាច​អំណាច​គាត់​ជា​ស្នងការ ម្យ៉ាងទៀត​គាត់​បាន​គំរាម​មិន​ឲ្យ​ប្រាប់​រឿង​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ឲ្យ​អ្នកណា​ដឹង​ទេ បើ​ហ៊ាន​គឺ​មាន​បញ្ហា​ហើយ។

ក្រុម​នគរបាល​នារី​រងគ្រោះ​ឲ្យដឹង​ថា នគរបាល​ជានា​រី ដែល​ចូល​ទៅ​ជួប​គាត់​មួយចំនួន​គឺ​ជួបនឹង​រឿង​បែបនេះ ហើយក៏​មាន​នគរបាល​ជានា​រី​ខ្លះ ជួប​រឿង​ឈឺចាប់​ត្រូវ​បែកបាក់​ក្រុម​គ្រួសារ​ដោយសារតែ​ការប្រព្រឹត្ត​អំពើ ដ៏​ថោកទាប​របស់​បុគ្គល អ៊ុ​ក កុសល មក​លើ​មន្ត្រី​នគរបាល​ជានា​រី។ជាង​នេះ​ទៅទៀត នារី​រងគ្រោះ​ទាំងនេះ​បាន​បន្ត​ថា លោក អ៊ុ​ក កុសល បាន​ដឹកនាំ​បង្កើត​បក្ខ​ពួក ខ្សែស្រឡាយ​ពុករលួយ និង​អុចអាល​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ទាំង​ថ្នាក់ដឹកនាំ​ស្នងការ​ក៏ដូចជា​មន្ត្រី​ក្រោម​ឱវាទ ដែល​មិន​អាច​ស្តារ​កិត្តិយស​បាន​ឡើយ។

រហូត​មកទល់​ពេលនេះ​សា​ព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ុ​ក កុសល ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ អំពី​ករណី​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការបៀតបៀន​កេរខ្មាស​របស់​នគរបាល​ស្រ្តី​ចំនួន​បួន​នាក់​នេះ​នៅឡើយ​ទេ។រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​លោក ស ខេង បញ្ជាក់​ថា ករណីនេះ​មិនមែន​ជា​រឿង​ថ្មី​នោះ ហើយ​បញ្ហា​នេះ​វា​កើតឡើង​ជាយូរមកហើយ។ លោក​បន្ត​ថា​លោក​នៅ​មិនទាន់​សម្រេច​ដោះស្រាយ​យ៉ាងម៉េច​នៅឡើយ​ទេ ដោយ​រង់ចាំ​ក្រុមការងារ​របស់ក្រ​សួង​មហាផ្ទៃ​ចុះ​ត្រួតពិនិត្យ​ជាមុន​សិន​៕