27 C
Phnom Penh

ក្រុម​អ្នកឃ្លាំមើល​ព្រំដែន​ព្រមាន​ថា​រដ្ឋាភិបាល​នឹង​មិន​អាច​បិទមាត់​ពលរដ្ឋ​អំពី​បញ្ហា​ព្រំដែន​បានទេ ប្រសិនបើ​បញ្ហា​នេះ​គ្មាន​តម្លាភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​បាន​ប្រតិកម្ម​ជា​ខ្លាំង​នៅនឹង​ការ​គំរាម​ផ្លូវច្បាប់​ទៅលើ​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​និយាយ ឬតវ៉ា​អំពី​បញ្ហា ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ប្រធានប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក ទូច វិបុល អះអាង​ថា​ដើម្បីឲ្យ​អស់​មន្ទិលសង្ស័យ​អំពី​បញ្ហា​ព្រំដែន រដ្ឋាភិបាល​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ឬជូនដំណឹង​ជា​សាធារណ:នូវ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ជាពិសេស​កា​របំ​លែង​មាត្រដ្ឋាន​ផែនទី ១/២៥.០០០ នេះ ឱ្យ​មាន​តម្លាភាព និង​សុចរិត​ភាព ដោយ​អញ្ជើញ​អ្នកជំនាញ​ព្រំដែន​ពី​ប្រទេស​បារាំង អង្គការសហប្រជាជាតិ អ្នក​ឯករាជ្យ​នានា ដើម្បី​បញ្ជាក់​ថា​ការកំណត់​ព្រំដែន ឬកា​របំ​លែង​ផែនទី​នានា ធ្វើ​ទ្បើង​ត្រឹមត្រូវ​តាមច្បាប់​ជាតិ​-អន្តរជាតិ។លោក ទូច វិបុល បន្ត​ថា​ការ​ធ្វើ​ទ្បើង​ស្ងាត់​ៗ និង​ការ​គំរាមកំហែង​សកម្មជន​ព្រំដែន​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​បារម្ភ​កាន់​ខ្លាំង និង​ខ្លាច​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​មាន​ប្រវត្តិ​ជាប់​មិន​ដាច់​ក្នុង​ការឈ្លានពាន​កម្ពុជា ហើយ​កាត់​ឆ្វៀល​ព្រំដែន​ខ្មែរ ជាពិសេស​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ទៅ​គ្រប់គ្រង​ទាំង​រំលោភច្បាប់​ជាតិ​-អន្តរជាតិ។

ប្រតិកម្ម​របស់​លោក ទូច វិបុល ប្រធានប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ធ្វើឡើង​ក្រោយពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន គំរាម​ថា នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​តវ៉ា​រឿង​ការ​បោះបង្គោល​ព្រំដែន ដែល​លោក​ចាត់ទុកថា​កំពុង​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម។ការ​គំរាម​របស់​លោក ផៃ ស៊ី​ផាន ធ្វើឡើង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃអង្គារ​នេះ​ថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​រួចហើយ​ថា ការ​បោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម កន្លងមក​ធ្វើឡើង​តាម​ផែនទី​ផ្លូវ​ការបោន​ខ្នាត​«១លើ ១០០ពាន់» ស្របតាម​មាត្រា២នៃ​រដ្ឋធម្មនុញ្ញ ដែល​ធានា​បាន​នូវ​បូរណភាពទឹកដី​កម្ពុជា ដោយ​មិន​ឱ្យ​មានការ​បាត់បង់​ទឹកដី​ទៅលើ​វៀតណាម ដូច​ការចោទប្រកាន់​របស់​មនុស្ស​មួយ​ក្រុម​តូច​នោះ​ឡើយ។ លោក​បន្ត​ថា ចំពោះ​ការ​សន្និដ្ឋាន​របស់​មនុស្ស​មួយ​ក្រុម​តូច​ដោយ​គ្រាន់តែ​មើល​នឹង​ភ្នែក​ថា ការ​បោះបង្គោល​ព្រំដែន​បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅលើ​វៀតណាម​នោះ គឺ​មិន​អាចយ​កជា​ការបាន​ឡើយ ដែល​ករណីនេះ រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ នឹង​មាន​វិធានការ​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់​ចលាចល​ក្នុង​សង្គម។

កាលពី​ថ្ងៃទី១០ ខែសីហា កន្លងទៅ​គណបក្ស​ខ្មែរ​ឈ្នះ ដែល​ដឹកនាំ​ដោយ​លោក សួង សុភ័​ណ្ឌ បាន​ចុះទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាទី​តាំង​ដែល​លោក រ៉ុង ឈុន បាន​លើកឡើង​ពីរ​បាយ​ការណ៍​បាន​មក​ពី​ពលរដ្ឋ ដែល​ថា មានការ​បាត់បង់​ទឹកដី​កម្ពុជា​ទៅលើ​វៀតណាម រហូតដល់​មានការ​ចាប់ខ្លួន រូបលោក​និង​ការចោទប្រកាន់​នៅ​តុលាការ។ប

្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ បាន​ប្រាប់​សា​ព័ត៌មាន The Cambodia Daily នៅមុន​ការផ្សាយ​នេះ​ថា ក្រុម​របស់​លោក​បាន​ចុះ​ឃ្លាំមើល​បង្គោលព្រំ​ដែន​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ដែល​កំពុង​មាន​ភាព​មិន​ប្រក្រតី​កាលពី​ថ្ងៃទី១០ ខែសីហា ដោយ​បាន​ពិនិត្យ​បង្គោលព្រំ​ដែន​ពី​លេខ១១៤ ដល់១១៨ បាន​បោះនៅ​លើ​កណ្តាល​ដីស្រែ​របស់​ពលរដ្ឋ ដែល​ធ្លាប់ធ្វើ​កសិកម្ម​បង្កបង្កើនផល​អស់​រយៈពេល​ជាង៣០ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា លោក​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​បញ្ហា​នេះ​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ​ទៀត ទោះ​មានការ​គំរាម​ពី​រដ្ឋាភិបាល​កម្ពុជា​យ៉ាងណាក៏ដោយ។កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក​ជាមួយគ្នា​ប្រវែង១ពាន់ ២៧០គីឡូ​ម៉ែ​ត ហើយ​បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​បោះបង្គោល​បាន៨៤​% ហើយ​នៅ​សស់១៦​% ទៀត​មិនទាន់​ឯកភាព​គ្នា​នៅឡើយ​៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស