38.8 C
Phnom Penh

ជនល្មើស​ជនជាតិ​ចិន បន្ត​ធ្វើសកម្មភាព​ជំរិត​លុយ​ពី​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ចិន ដូចគ្នា​កក្រើក​ក្រុង​ព្រះសីហនុ​ទៀតហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំង​សមត្ថកិច្ច នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនាការ​ចុះ​បង្ក្រាប ករណី​ជនសង្ស័យ​ជនជាតិ​ចិន​មួយ​ក្រុម បាន​ធ្វើសកម្មភាព​ដាក់​ថ្នាំស​ណ្តំ​ចូល​ទៅ​ក្នុង​ស្រា​បៀរ ឲ្យ​ជនរងគ្រោះ ជា​ជនជាតិ​ចិន​ដូចគ្នា​ផឹក ដើម្បីឲ្យ​វង្វេងស្មារតី ហើយ​បង្ខំឲ្យ​វេ​លុយ​តាម​ប្រព័ន្ធ​វី​ឆាត (Wchat​) ចូល​ទៅ​ក្នុង​គណនី របស់​ជនសង្ស័យ អស់​ទឹកប្រាក់​ជិត ៦ម៉ឺន ៥ពាន់​ដុល្លារ​សហរដ្ឋអាមេរិក (៦៤,៨៩០ដុល្លារ​)។ សមត្ថកិច្ច​នគរបាល ឲ្យដឹង​ថា បទល្មើស​នេះ កម្លាំង​ជំនាញ បាន​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនល្មើស​ចំនួន ០៤នាក់ នៅ​យប់​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ក្រោយ​សមត្ថកិច្ច ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ ក្នុងរយៈពេល​មួយ​សប្តាហ៍​ក្រោយ​ថ្ងៃកើត​ហេតុ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ករណី​ដាក់​ថ្នាំស​ណ្តំ​ក្នុង​ស្រា​បៀរ ឲ្យ​ជនរងគ្រោះ​ជនជាតិ​ចិន ដែល​មាន​ជនល្មើស​ជា​ជនជាតិ​ចិន​ដូចគ្នា រួច​បំភ័ន្ត​ឲ្យ​ជនរងគ្រោះ​វេ​លុយ​តាម​វី​ឆាត ទៅកាន់​គណនី របស់​ជនសង្ស័យ មាន​ទឹកប្រាក់​ចំនួន ៦ម៉ឺន ៤ពាន់ ៨៩០ដុល្លារ សហរដ្ឋអាមេរិក (ប្រាំមួយ​ម៉ឺន​បួន​ពាន់​ប្រាំបី​រយ​កៅសិប​ដុល្លា​អាមេរិក​)។ហើយ​ថា បទល្មើស​នេះ បាន​កើតឡើង​នៅ​អាហារដ្ឋាន ឬហាងបាយ​ជប៉ុន មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុង​-ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ច​បន្ត​ថា ជនរងគ្រោះ​ក្នុង​សំណុំរឿង​ដាក់​ថ្នាំស​ណ្តំ​នេះ​ឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកសាង​សង់​សំណង់ ស្នាក់នៅ​ផ្ទះ​ជួល​ជិត​ឧតុនិយម សង្កាត់៣ ក្រុង​-ខេត្ត​ព្រះសីហនុ បាន​បាត់បង់​ប្រាក់​អស់​ចំនួន​ជាង ៤សែន ៥ម៉ឺន យ័ន (៤៥០,៩៩២យ័ន​) ឬស្មើ​ជាង ៦ម៉ឺន ៤ពាន់ (៦៤,៨៩០​) ដុល្លារ​អាមេរិក។ យ៉ាងណាក៏ដោយ​ចុះ ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ ក៏បាន​បើក​យុទ្ធនាការ​ចុះ​ស្រាវជ្រាវ​វែក​រកមុខ​ជនសង្ស័យ រហូត​ឈាន​ដល់កំណត់​មុខសញ្ញា​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤នាក់ រួមមាន៖ ១- ឈ្មោះ Wang Bin ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិត ប្រាកដ។ ២- ឈ្មោះ Li Zhi Shun ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់​សាច់​អាំង ស្នាក់នៅ​មិន​ពិតប្រាកដ។ ៣- ឈ្មោះ Zhou Wei You ភេទ ប្រុស អាយុ៤៤ ឆ្នាំ ជនជាតិ ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ មិន​ពិតប្រាកដ។ ៤- ឈ្មោះ Pei Quay ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិត ប្រាកដ។

សមត្ថកិច្ច​បន្ត​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង០៤នាក់​នេះ ធ្វើឡើង ដោយ​យោង​តាម​លទ្ធផល ដែល​ទទួល​បាន​ពី​ការធ្វើពិសោធន៍ នៃ​មន្ទីរពេទ្យ​ចិន “ថៃ​ខាង​” និង យោង​តាម​រូបភាព​នៃ​កាមេរ៉ា​សុវត្ថិភាព នៅក្នុង​អាហារដ្ឋាន ជប៉ុន ទើប​ឈាន​ដល់​កម្លាំង​ជំនាញ បាន​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៤នាក់។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០៤នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្នងការ​ដ្ឋាន​ខេត្ត​ព្រះសីហនុ ធ្វើការ​សាកសួរ ដើម្បី​ឈាន​ទៅ​កសាង​សំណុំរឿង បញ្ចូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត។

ទាក់ទិន​បទល្មើស​នេះ សម្រាប់​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ​ថ្លែង​ចាត់ទុក​សំណុំរឿង​ខាងលើ​នេះ ថា​ជា​បទល្មើស​ថ្មី​មួយទៀត បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​, អាជីវករ​, អ្នកវិនិយោគទុន និង​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ ឬជនល្មើស​ជា​ជនជាតិ​ចិន ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស