ក្រសួងមហាផ្ទៃសម្រេច ផ្អាកការងារស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ជាបណ្ដោះអាសន្នពាក់ព័ន្ធរឿងអាស្រូវបៀតបៀនផ្លូវភេទជាមួយកូនចៅជាស្ត្រីដែលជាមន្ត្រីក្រោមបង្គាប់របស់ខ្លួន ។សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ខែសីហា បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ក្នុងលិខិតដដែលបន្តថា ក្រៅពីសម្រេចផ្អាកការងារ ជាមន្ត្រីផ្កាយមាសពីរ រូបនេះ គឺត្រូវទៅបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោង ធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មីទៀត។ការសម្រេចនេះ ក្រោយមានបណ្តឹងមួយកាលពីថ្ងៃទី៣០ ខែកក្កដា ដែលអះអាងថាជាមន្ត្រីប៉ូលិសស្រីក្នុងខេត្តកំពង់ធំ បានផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យជួយរកយុត្តិធម៌ជុំវិញរឿងអាស្រូវដែលលោក អ៊ុក កុសល បានបំពានកេរភេទ លើពួកគាត់។ក្នុងបណ្តឹងនោះបានរៀបរាប់ពីដំណើររឿង ដោយចោទស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ថាបានបំពានកេរភេទទៅលើមន្ត្រីនគរបាលជាស្ត្រីនៅខេត្តកំពង់ធំ ជាច្រើននាក់ដោយលួងថានឹងតម្កើងតំណែងឬស័ក្កិ និងប្រើអំណាចមិនឱ្យមន្ត្រីនគរបាលទាំងនោះបញ្ចេញព័ត៌មានអាស្រូវផ្លូវភេទរបស់ខ្លួនទៅក្រៅទៀតផង។
ប្រភពដដែលបន្តថា ពួកគាត់ខ្លះមានប្តី ហើយត្រូវបែកបាក់គ្រួសារដោយសារស្នងការខេត្តរូបនេះ បំពានលើពួកគាត់ម្តងហើយម្តងទៀត បើទោះបីជាពួកគាត់ធ្លាប់បានដាក់ពាក្យប្តឹងនៅក្នុងខេត្ត ប៉ុន្តែគ្មានលទ្ធផលឡើយ។ ក្រៅពីមិនអាចដោះស្រាយបាន ស្ត្រីជានគរបាលទាំងនោះ អះអាងថា ពួកគាត់ថែមទាំងត្រូវរងការគំរាមកំហែង និងធ្វើបាប ពីស្នងការខេត្ត លោក អ៊ុក កុសល ថែមទៀត។
បញ្ហាទាំងនេះ ដែលជំរុញ ឱ្យពួកគាត់សម្រេចស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែម្តង។កាលពីថ្ងៃទី១១ ខែសីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានបញ្ជាក់ថា លោកបានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងអភិបាលខេត្តកំពង់ធំ លោក សុខ លូ ឱ្យពិនិត្យមើលលើបណ្ដឹងរឿងអាស្រូវរបស់ស្នងការ ខេត្តរូបនេះ។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចំនួនពីរទៀត របស់ក្រសួង ក៏បានសម្រេចប្រគល់ភារកិច្ចឱ្យ លោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស៊្រន ដែលជាស្នងការរងទៅជាស្នងការស្តីទីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ពីស្នងការរងទទួលបន្ទុកផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ឱ្យទៅបម្រើការងារនៅនាយកដ្ឋានបុគ្គលិក វិញ។
កាលពីខែមិនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ដាក់ពិន័យរដ្ឋបាល លោក អ៊ុក កុសល ម្ដងរួចហើយ ក្រោមមូលហេតុខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ។លោក អ៊ុក កុសល បានឡើងកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីលោក ជូ សំអាន អតីតស្នងការខេត្តកំពង់ធំ ពេលនោះមានរឿងអាស្រូវពាក់ព័ន្ធនឹងអំពើពុករលួយ បក្ខពួកនិយម ក្នុងការដឹកនាំរបស់ខ្លួន មុនពេលក្រសួងមហាផ្ទៃសម្រេចដកលោកចេញពីតំណែង។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹង សិទ្ធិស្ត្រី បានស្វាគមន៍ជាខ្លាំងចំពោះចំណាត់ការដ៏ក្តៅគកុកភ្លាមៗ របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅលើអតីតស្នងការនគរបាលខេត្តកំពង់ធំ ឈ្មោះ អ៊ុក កុសល ដែលធ្វើសកម្មភាពអមនុស្សធម៌មកលើស្ត្រី ដែលជានគរបាលនារី ស្ថិតក្រោមឱវាទរបស់ខ្លួន។
បន្ថែមលើនេះ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធការគោរពសិទ្ធិមនុស្សរួមមានអង្គការលីកាដូ (Licaho) និងសមាគមន៍អាដហុក(Adhoc) ជាដើម ក៏បានស្នើដល់លោក ស ខេង ត្រូវបញ្ចូនសំណុំរឿងបៀតបៀនកេរ្តិ៍ខ្មាស ដែលអតីតស្នងការនគរបាលខេត្តកំពង់ធំ បានប្រព្រឹត្តទៅកាន់សាលាដំបូងខេត្តកំពង់ធំ ដើម្បីបន្តនីតិវិធីជាបន្តទៀត ប្រយោជន៍ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិផង និងដើម្បីផ្តល់យុត្តិធម៌ជូនស្ត្រីរងគ្រោះផង៕