រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូក ក្រោមហេតុផលកូវីដ១៩រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលជាពិធីប្រពៃណីខ្មែរនៅឆ្នាំ២០២០នេះ ក្រោមហេតុផលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
នៅថ្ងៃទី១៣ ខែសីហានេះ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយដោយបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២០នេះ។ការសម្រេចនេះ ទីស្តីការគណៈរដ្ឋមន្ត្រីថាធ្វើឡើង តាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធាន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក គង់ សំអុល។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌី បានដកស្រង់សម្តីប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក ប៊ូ ជុំសេរី ចុះផ្សាយថា មូលហេតុដែលនាំឱ្យរដ្ឋាភិបាលផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ ដោយសារតែរដ្ឋាភិបាលមានការបារម្ភចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ព្រោះតែព្រះរាជពិធីបុណ្យនេះ នឹងមានមនុស្សប្រមូលផ្តុំគ្នាច្រើននៅរាជធានីភ្នំពេញ ដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលជំងឺឡើង។
ការសម្រេចផ្អាកប្រារព្ធពិធី បុណ្យអុំទូក មិនមែនទើបតែកើតឡើងម្តងទេ នៅកម្ពុជា ដោយសារកន្លងមកធ្វើមានការផ្អាកម្តងជាពីរដង ក្រោមហេតុផលផ្សេងៗ ដូចជាហេតុផលនៃការ សោយទីវង្គត់របស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បញ្ហាទឹកនៅខាងព្រះបរមរាជរាំងតិចពេក មិនអាចអុំកើត និងបញ្ហាទឹកជំនន់ នៅកម្ពុជាជាដើម ប៉ុន្តែការផ្អាកខ្លះក្រុមអ្នកឃ្លាំមើលយល់ថាមានពាក់ព័ន្ធរឿងនយោបាយផងដែរ។តាមការកំណត់ទុករបស់រដ្ឋាភិបាល ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក គ្រោងនឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០និង៣១ ខែតុលា ព្រមទាំងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០៕